វេទិកាស្តីពីតួនាទីរបស់យុវជនក្នុងប្រព័ន្ធសៀងដើម្បីរបបអាហារសុខភាព

អង្គការ ហេឡែន ខេលល័រ អន្តរជាតិ (Helen Keller) សហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ (កកជ) និងគម្រោង MUSEFO នៃអង្គការ GIZ នឹងរៀបចំវេទិកាស្តីពីតួនាទីរបស់យុវជនក្នុងប្រព័ន្ធស្បៀងដើម្បីរបបអាហារសុខភាព នៅសណ្ឋាគារកំពត ក្នុងទីរួមខេត្តកំពត នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង ៨:៣០ព្រឹកដល់ម៉ោង ១១:៣០ព្រឹក។

វេទិកានេះនឹងប្រារព្ធឡើងក្រោមអធិបតីយភាព ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការ (កកជ) លោកជំទាវវេជ្ជបណ្ឌិត យូ សុគន្ធ អភិបាលរងខេត្តកំពត លោក ហ៊ូ ក្រិន នាយករងអង្គការ Helen Keller លោកស្រីបណ្ឌិត Sanne Sigh តំណាងគម្រោង MUSEFO នៃអង្គការ GIZ និងកញ្ញា ឈុន បូរមី អ្នកសម្របសម្រួលក្រុមយុវជនជើងឯកអាហារូបត្ថម្ភអង្គការ Helen Keller និងមានការចូលរួមពីសិស្ស និសិត្ស លោកគ្រូ និងអ្នកគ្រូ ចំនួនជាង២០០នាក់ មកពីសាកលវិទ្យាល័យ វិទ្យាល័យ ខេត្តកំពតផងដែរ។

គោលបំណងនៃវេទិកានេះគឺដើម្បី៖ ១. បង្កើនការយល់ដឹងជាមូលដ្ឋានលើទិដ្ឋភាពទូទៅនៃប្រព័ន្ធស្បៀងសម្រាប់របបអាហារសុខភាព។ ២. ផ្តល់វេទិកាដល់យុវជនដើម្បីចែករំលែកការយល់ដឹង បទពិសោធន៍ និងមតិយោបល់លើប្រព័ន្ធស្បៀង និងការផ្លាស់ប្តូរឥរិយាបថលើរបបអាហារសុខភាព និង ៣. ពិភាក្សាពីតួនាទីសក្តានុពលរបស់យុវជនក្នុងការចូលរួមអនុវត្តផែនទីបង្ហាញផ្លូវសម្រាប់ប្រព័ន្ធស្បៀងប្រកបដោយចីរភាពរបស់កម្ពុជា។

ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការ (កកជ) មានប្រសាសន៍ថា៖ «៦៥ភាគរយនៃចំនួនប្រជាជនកម្ពុជាសរុប គឺជាយុវជនដែលមានអាយុក្រោម៣០ឆ្នាំ។ យុវជន គឺជាកំលាំងចលករយ៉ាងសំខាន់និងជាធនធានមិនអាចខ្វះបាន ក្នុងការបន្តវេនមនុស្សជំនាន់មុន។ ពួកគេពោរពេញទៅដោយថាមពលខ្លាំងក្លា បញ្ញាស្មារតីវៀងវៃ សុខភាពបរិបូរណ៍ដែលជាគ្រឹះដ៏រឹងមាំសម្រាប់បន្តការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិទៅថ្ងៃអនាគត។ យុវជន គឺជាក្រុមមនុស្សដ៏សំខាន់មួយសម្រាប់អន្តរាគមន៍អាហារូបត្ថម្ភក្នុងការបំបែកវដ្ដីបញ្ហាអាហារូបត្ថម្ភនៅកម្ពុជា»។

លោក ហ៊ូ ក្រិន នាយករងអង្គការ ហេឡែន ខេលល័រ អន្តរជាតិមានប្រសាសន៍ថា៖ «យុវជនបាននឹងកំពុងចូលរួមយ៉ាង សកម្មក្នុងវិស័យសង្គម វប្បធម៌ សេដ្ឋកិច្ច និងនយោបាយ។ ពួកគេមិនត្រឹមតែបានចូលរួមរាល់សកម្មភាពទាំងនោះទេ តែក៏បានក្លាយជាអ្នកដឹកនាំក្នុងវិស័យមួយចំនួនផងដែរ។ នៅក្នុងបរិបទរបបអាហារសុខភាពវិញ យុវជនមានតួនាទីដ៏សំខាន់ក្នុងការចូលរួមផ្សព្វផ្សាយសារគន្លឹះដល់ប្រជាពលរដ្ឋទាំងអស់លើការអនុវត្តល្អប្រសើរប្រចាំថ្ងៃដូចជាការបរិភោគអាហារចម្រុះមុខសម្បូរសារជាតិចិញ្ចឹមខ្ពស់ ការបរិភោគអាហារមានជាតិខ្លាញ់ អំបិល និងស្ករតិច ការជំរុញលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ និងអាហារបន្ថែមដល់កុមារ ការហាត់ប្រាណជាប្រចាំដើម្បីសុខភាពល្អជាដើម។ នេះសរបញ្ជាក់ថាយុវជនមានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកាត់បន្ថយបញ្ហាអាហារូបត្ថម្ភដែលកម្ពុជាកំពុងមាននាពេលនេះ»។

លោកស្រីបណ្ឌិត Sanne Sigh តំណាងគម្រោង MUSEF នៃអង្គការ GIZ បានមានប្រសាសន៍ថា៖ «យុវជន គឺជាអនាគតរបស់ប្រទេសកម្ពុជា។ ពួកគេ គឺជាតួអង្គដ៏សំខាន់ក្នុងការជួយជំរុញការផ្លាស់ប្តូរ និងជាអ្នកដឹកនាំមិនអាចខ្វះបានដើម្បីធានា និងលើកម្ពស់ការយល់ដឹង និងការអនុវត្តលើអាហារប្រកបដោយសុខភាព និងសុវត្ថិភាពសម្រាប់ទាំងអស់គ្នាជាពិសេសស្ត្រីនិងកុមារ ដើម្បីរួមចំណែកដោះស្រាយបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា។ ដូច្នេះយុវជនដើរតួរសំខាន់ណាស់ក្នុងប្រព័ន្ធស្បៀង និងរបបអាហារសុខភាពសម្រាប់ផែនទីបង្ហាញផ្លូវកម្ពុជាស្តីពីប្រព័ន្ធស្បៀងប្រកបដោយចីរភាពឆ្នាំ២០៣០»។

រូ​បភាពដោយ៖ Helen Keller