ការមកដល់នៃវ៉ាក់សាំង AstraZeneca ផលិតនៅប្រទេសជប៉ុន ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន

153

ភ្នំពេញ៖ ផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលជប៉ុន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងកូវីដ១៩ នៅលើសកលលោក កាលពីខែមុនរដ្ឋាភិបាលជប៉ុនបានប្រកាសថានឹងផ្តល់ជូនព្រះរាជាណាចក្រកម្ពុជានូវ វ៉ាក់សាំងAstraZeneca ដែលត្រូវបានអនុញ្ញាតិឱ្យប្រើប្រាស់ដោយអង្គការសុខភាពពិភពលោក (WHO EUL) និងបានផលិតនៅក្នុងប្រទេសជប៉ុនចំនួនប្រមាណ៣០ម៉ឺនដូស។

វ៉ាក់សាំងទាំងនេះបានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៩ ខែធ្នូនេះ ការសម្រេចផ្តល់វ៉ាក់សាំងទាំងនេះត្រូវបានធ្វើឡើងដោយផ្អែកលើចំណងមិត្តភាពរវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា ព្រមទាំងស្ថានភាពបច្ចុប្បន្នរបស់ពិភពលោក ជាពិសេសការលេចចេញនូវវីរុសកូវីដ-១៩បម្លែងថ្មី។

ការបរិច្ចាកពីរដ្ឋាភិបាលជប៉ុន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយ COVAX Facility និងគាំទ្រដោយ UNICEF និងអង្គការសុខភាពពិភពលោក។

ប្រឈមមុខនឹងការរីករាលដាលនៃមេរោគឆ្លងថ្មីក្នុងកំឡុងពេលបច្ចុប្បន្ននេះ ការចាក់វ៉ាក់សាំង ការពង្រឹងប្រព័ន្ធសុខាភិបាល និងការកែលម្អការថែទាំវេជ្ជសាស្ត្រពិតជាមានភាពចាំបាច់ណាស់។ ក្នុងកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិ រដ្ឋាភិបាលជប៉ុនបានសន្យាថានឹងបរិច្ចាកវ៉ាក់សាំងទ្វេដងពីប្រមាណ ៣០លានដូសដល់ប្រមាណ ៦០លានដូស។

បន្ថែមពីនេះ ប្រទេសជប៉ុនក៏បានសន្យាផ្តល់ថវិកាចំនួន ១ពាន់លានដុល្លារដល់ COVAX Facility ផងដែរ។ មកទល់ពេលនេះ ក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីទប់ទល់នឹងជម្ងឺកូវីដ១៩ ជាមួយនិងការគាំទ្រពីដៃគូរបស់យើងគឺ UNICEF និង JICA រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយជាច្រើមរួមមានការផ្ដល់ឧបករណ៍បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រវិធានការទប់ស្កាត់ការចម្លងជំងឺតាមព្រំដែន និងការផ្គត់ផ្គង់ឧបករណ៍ប្រព័ន្ធត្រជាក់ជាដើម។

រដ្ឋាភិបាលជប៉ុនក៏បានបានផ្ដល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រូវបានយកទៅប្រើប្រាស់ក្នុងការគាំទ្រហិរញ្ញវត្ថុដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល។

ប្រទេសជប៉ុន នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់នូវឧបករណ៍ បរិក្ខារចាំបាច់។ យើងសង្ឃឹមថាការផ្គត់ផ្គង់ទាំងនេះ នឹងអាចជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជម្ងឺកូវីដ១៩ ក៏ដូចជាអាចបន្ធូរបន្ថយក្តីកង្វល់មួយចំនួនរបស់ប្រជាជនកម្ពុជា៕

ប្រភពដោយ៖ ស្ថានទូតជប៉ុននៅកម្ពុជា