ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុននឹងផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ៣០ម៉ឺនដូសដល់ព្រះរាជាណាចក្រកម្ពុជា បន្ថែមពីលើវ៉ាក់សាំងប្រមាណ ១លានដូសដែលបានផ្តល់ជូនរួចរាល់។ ការសម្រេចនេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា។
វ៉ាក់សាំងដែលត្រូវបានផ្ដល់អាជ្ញាបណ្ណផលិតក្នុងប្រទេសជប៉ុន នឹងត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញនៅថ្ងៃទី១៩ ខែធ្នូ ក្រោមជំនួយ COVAX និងការគាំទ្ររបស់អង្គការយូនីសេហ្វ និងអង្គការសុខភាពពិភពលោក។ ជំនួយនេះនឹងរួមចំណែកបន្ថែមទៀតដល់ជំហានឆ្ពោះទៅរកការងើបឡើងវិញនៃសង្គម និងសេដ្ឋកិច្ច ក៏ដូចជាកាត់បន្ថយការព្រួយបារម្ភរបស់ប្រជាជនកម្ពុជា។
ប្រឈមមុខនឹងការរីករាលដាលនៃមេរោគឆ្លងថ្មីដែលពិភពលោកកំពុងជួបប្រទះនេះ ការចាក់វ៉ាក់សាំង និងការពង្រឹងប្រព័ន្ធសុខាភិបាល គឺជាអាទិភាពចំបងសម្រាប់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយសរុបប្រមាណច្រើនជាង ៦០លានដុល្លារអាមេរិកដល់កម្ពុជាដែលរួមមានការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រតាមរយៈអង្គការអន្តរជាតិនានាសម្រាប់វិធានការទប់ស្កាត់ការចម្លងជំងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឱ្យបានត្រឹមត្រូវផងដែរ។ ផ្ដល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រូវបានយកទៅប្រើប្រាស់ក្នុងការគាំទ្រហិរញ្ញវត្ថុដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល។
ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា លោក MIKAMI Masahiro បានលើកឡើងថា៖ «ខ្ញុំក៏សូមឆ្លៀតក្នុងឱកាសនេះសម្ដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ចំពោះអ្នកជំនាញសុខាភិបាល និងមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលបានចាត់វិធានការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ហើយខ្ញុំក៏សូមបួងសួងជូនពរដល់ប្រជាពលរដ្ឋដែលកំពុងតែខិតខំប្រឹងប្រែងប្រឈមនឹងស្ថានភាពដ៏លំបាកនេះ ក្នុងការប្រយុទ្ធប្រឆាំងនៃកូវីដ១៩ ហើយប្រទេសជប៉ុននឹងបន្តការសហការរួមគ្នជាមួយប្រទេសកម្ពុជាដែលជាមិត្តរបស់យើង»។
លោកបានបន្ថែមទៀតថា៖ «ខ្ញុំសង្ឃឹមថាស្ថានភាពសកលលោករួមទាំងកម្ពុជានឹងអាចល្អប្រសើរឡើងក្នុងពេលដ៏ឆាប់ខាងមុខនេះ ហើយការផ្លាស់ប្ដូរទំនាក់ទំនងរវាងប្រទេសយើងទាំងពីរក៏ដូចជាក្នុងពិភពលោកនឹងអាចចាប់ផ្តើមឡើងវិញ។ ខ្ញុំសូមបួងសួងឲ្យប្រជាជនកម្ពុជាទាំងអស់មានសុខភាពល្អ និងមានសុវត្ថិភាព»។
ប្រភព៖ ស្ថានទូតជប៉ុននៅកម្ពុជា