ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ប្រារព្ធខួប៨០ឆ្នាំរបស់ខ្លួន និងសម្ពោធពិព័រណ៍ «សំឡេងស្រ្តី-Women’s Voices » នៅក្នុងស្ថានទូតបារាំងប្រចាំកម្ពុជា

220
ដោយមានវត្តមានអស់រយៈពេលជិតមួយសតវត្សនៅក្នុងប្រទេសជាដៃគូ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ប្រារព្ធខួប៨០ឆ្នាំរបស់ខ្លួន ដែលជាឱកាសសម្រាប់គូសបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តចំពោះអ្នកបំពេញការងាររួមគ្នាជាមួយទីភ្នាក់ងារ AFD នៅតាមមូលដ្ឋាន ហើយមានជោគវាសនាផ្សារភ្ជាប់គ្នាជាងពេលណាៗ ទាំងអស់ជាមួយជោគវាសនារបស់យើង។ ដើម្បីរម្លឹកខួបនេះទីភ្នាក់ងារ AFD​ នៅកម្ពុជា និងស្ថានទូតបារាំងប្រចាំកម្ពុជា បានរៀបចំពិធីជួបជុំមួយដែលជាឱកាសផងដែរសម្រាប់សម្ពោធពិព័រណ៍ «សំឡេងស្រ្តី – Women’s Voices»

ចាប់តាំងពីពេលបង្កើតឡើងដោយលោកឧត្តមសេនីយ៍ ដឺហ្គោល កាលពីថ្ងៃទី០២​ ខែធ្នូ ឆ្នាំ១៩៤១​ ទីភ្នាក់​ងារបារាំងសម្រាប់ការអភិវឌ្ឍ ឬហៅកាត់ថា AFD បានរក្សាគោលការណ៍មនុស្សធម៌របស់​ខ្លួន ក្នុងការងារប្រយុទ្ធប្រឆាំងវិសមភាពនៅក្នុងពិភពលោក និងការប្រែប្រួលបរិស្ថាន។ ក្នុងន័យនេះ អស់រយៈពេលជិតមួយសតវត្សមកហើយ ដែលទីភ្នាក់ងារ AFD ផ្តល់ការជួយជ្រោមជ្រែងនៅតាមមូលដ្ឋានដល់សកម្មភាពសាម​គ្គី​​ភាពនៅគ្រប់ទីកន្លែងនៅលើពិភពលោកដើម្បី និងជាមួយស្ថាប័នផ្សេងៗ ទៀត។

នៅកម្ពុជា ទីភ្នាក់ងារ AFD មានវត្តមានចាប់តាំងពីឆ្នាំ១៩៩៣ ហើយស្ថិតក្នុងចំណោមស្ថាប័នធំៗ ​ដែលផ្តល់ហិរញ្ញប្បទានជួយដល់ប្រទេសកម្ពុជាក្រោយពេលចប់សង្គ្រាមស៊ីវិល។ ចាប់​ពីពេលនោះមក ទីភ្នាក់ងារ AFD បានផ្តល់ហិរញ្ញប្បទានប្រមាណ ៩០០លានអឺរ៉ូ ហើយផ្តល់ហិរញ្ញ​ប្បទានប្រចាំឆ្នាំជាមធ្យម ១០០លានអឺរ៉ូក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

ចំពោះប្រវត្តិសាស្រ្ត និងគម្រោង​នានាដែលបានអនុវត្តក្នុងបណ្តាទសវត្សរ៍ចុងក្រោយ​ ស្ត្រីនិងបុរសបានផ្លាស់វេនគ្នាដើម្បីជួយជ្រោមជ្រែង និងកសាងរួមគ្នានូវគម្រោងប្រកបដោយចីរភាព។ សម្រាប់អាយុកាល ៨០ឆ្នាំរបស់ខ្លួន ទីភ្នាក់ងារ AFD មានបំណងបែរឆ្ពោះទៅរកអនាគតជាមួយដៃគូ និងលើកជាសំណួរថា តើយើងចង់កសាងពិភពបែបណានៅឆ្នាំ២១០១?

អ្វីដែលប្រាកដច្បាស់នោះ គឺថាអនាគតនេះនឹងមិនអាចកសាងឡើងដោយគ្មានវត្តមានស្ត្រីចូលរួមនោះឡើយ។ អាស្រ័យហេតុនេះហើយទើបទីភ្នាក់ងារ AFD មានបំណងលើកស្ទួយតម្លៃស្ត្រីនៅក្នុង​ឱកាសនៃការប្រារព្ធខួប៨០ឆ្នាំរបស់ខ្លួន។ ពិព័រណ៍ «សំឡេងស្រ្តី – Women’s Voices» ដែលបានបើកសម្ពោធនៅថ្ងៃទី០៨ ខែធ្នូ​នៅក្នុងឧទ្យានស្ថានទូតបារាំង ដោយរួមសហការជាមួយស្ថានទូតបារាំងប្រចាំកម្ពុជា មានគោលដៅផ្សព្វផ្សាយសម្លេងស្ត្រីកម្ពុជា ដែលមានលក្ខណៈបណ្តុះគំនិត នៅក្នុងគម្រោងនានាគាំទ្រដោយទីភ្នាក់ងារ AFD ក៏ដូចជាបង្ហាញអំពីប្រវត្តិ ការផ្តួចផ្តើមគំនិត និងបញ្ហាប្រឈមរបស់ពួកគេ។

រូបថតស្ត្រីទាំងនេះ គឺបានថតដោយអ្នកថតរូបវ័យក្មេងកញ្ញា ម៉ិច សេរីរ័ត្ន និងរៀបចំដោយសមាគម Minor Act នឹងបង្ហាញនូវការប្តេជ្ញាចិត្តរបស់ស្រ្តីនានាក្នុងការជម្នះឧបសគ្គ ដែលរាំងស្ទះដល់ឯករាជ្យភាពរបស់ពួកគេ។ សក្ខីកម្មរបស់ពួកគេបង្ហាញឱ្យឃើញថាតើពួកគេបានធ្វើឱ្យមានការផ្លាស់​ប្តូរជារៀងរាល់ដូចម្តេចខ្លះ ដើម្បីឱ្យកម្ពុជានៅពេលអនាគតត្រូវបានទ្រទ្រង់ដោយស្ត្រីផងដែរ។

នៅពេលបន្ទាប់ ពិព័រណ៍នេះនឹងត្រូវយកទៅដាក់តាំងនៅខាងមុខការិយាល័យរបស់ទីភ្នាក់ងារ AFD  ដែលមានអា​សយ​ដ្ឋាន​អគារលេខ៥ ផ្លូវលេខ១០៦ ហើយបន្ទាប់ពីនោះនឹងដាក់បង្ហាញនៅវិទ្យាស្ថានបារាំងនៅកម្ពុជា។

​ឯកឧត្តម ហ្សាក់ ប៉ឺឡេ  ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា យល់ឃើញថា​៖ «ការប្រារព្ធខួប​៨០ឆ្នាំ​របស់​ទីភ្នាក់ងារ AFD នៅស្ថានទូតបារាំង គឺជាឱកាសដ៏ល្អមួយក្នុងការការពារ និងលើកស្ទួយសមភាពរវាងស្ត្រី និងបុរស។ ចាប់តាំងពីឆ្នាំ២០១៨ ជាមួយយុទ្ធសាស្រ្តអន្តរជាតិដើម្បីសមភាពស្ត្រីនិងបុរស ប្រទេសបារាំងមានការប្តេជ្ញាចិត្តចំពោះការទូតស្ត្រីនិយម។ ឯកឧត្តមមានប្រសាសន៍ថា ការប្រារព្ធខួបនេះក៏ជាឱកាសដ៏ប្រសើរមួយផងដែរក្នុងការបង្ហាញអំពីការទូតរបស់បារាំង ដែលផ្អែកលើការអភិវឌ្ឍប្រកបដោយចីរភាព ពោលគឺការពារភពផែនដីពីផលវិបាកអវិជ្ជមាននៃបម្រែបម្រួលអាកាសធាតុ និងធានាបាននូវអនាគតមួយប្រសើរជាងមុនសម្រាប់មនុស្សទាំងអស់គ្នា»។

គោល​នយោបាយ​អភិវឌ្ឍន៍របស់ប្រទេសបារាំងធ្វើឡើងស្របតាមក្របខ័ណ្ឌមួយ ដែលកំណត់ដោយសហគមន៍អន្តរជាតិ ជាពិសេសកម្មវិធីអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ដែលត្រូវបានអនុម័តកាលពីឆ្នាំ២០១៥ដោយមហាសន្និបាតអង្គការសហប្រជាជាតិ​ កិច្ចព្រមព្រៀងក្រុងប៉ារីស៍ស្តីពីបម្រែបម្រួលអាកាសធាតុ និងកម្មវិធីសកម្មភាព​ Addis-Abeda ស្តីពីការផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ។ គោលនយោបាយខាងលើក៏ស្ថិតនៅក្នុងកិច្ចព្រមព្រៀងថ្មីសម្រាប់ការអភិវឌ្ឍរបស់អឺរ៉ុប ដែលត្រូវបានអនុម័តកាលពីឆ្នាំ២០១៧។

លោកស្រី អូហ្វេលី បួរីស​ នាយិកាទីភ្នាក់ងារ AFD ប្រចាំកម្ពុជា បានមានប្រសាសន៍ដោយសោមនស្ស​រីករាយថា៖ «ខ្ញុំរីករាយដែលយើងប្រារព្ធខួប៨០ឆ្នាំនៃទីភ្នាក់ងារ AFD ដោយផ្តោតលើប្រធានបទដែលមានសារសំខាន់បែបនេះសម្រាប់ប្រទេសបារាំង និងទីភ្នាក់ងារ AFD ពោលគឺផ្តោតលើសមភាពរវាងស្ត្រី និងបុរស។ ខ្ញុំសូមថ្លែងអំណរគុណដ៏កក់ក្តៅចំពោះស្ត្រីទាំងអស់ដែលបានយល់ព្រមចូលរួមក្នុងគម្រោងនេះ។ សូមថ្លែងអំណរគុណដល់ពួកគេដែលបានបញ្ចេញទស្សនៈដើម្បីបង្ហាញអំពីវិសមភាព និងស្នើឡើងនូវដំណោះស្រាយជាក់ស្តែងដើម្បីកែលម្អស្ថានភាពនានា។ ខ្ញុំក៏សូមវាយតម្លៃខ្ពស់ផងដែរចំពោះការងាររបស់អង្គការ Minor Act ដែលបានផ្តល់ភាពរស់រវើកដល់រូបថតទាំងនេះ ក៏ដូចជាផ្តល់សោភ័ណភាពដល់សក្ខីកម្មទាំងនេះ ​តាមរយៈស្នាដៃរបស់សិល្ប​​ករខ្មែរវ័យក្មេងដែលបានកៀរគរគ្នាលើគម្រោងនេះ។ យើងសង្ឃឹមថារូបថត សារ និងគំនិតផ្តួចផ្តើមទាំងនេះនឹងបង្កើតជាសំណួរ និងការបណ្តុះគំនិត»។

អំពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងបុត្រសម្ព័ន្ធ៖

ក្រុមទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ រួមចំណែកក្នុងការដាក់ឱ្យដំណើរការគោលនយោ​បាយ​​ប្រទេស​បារាំងស្តីពីការអភិវឌ្ឍ និងសាមគ្គីភាពអន្តរជាតិ។ ក្រុមនេះប្រមូលផ្តុំនូវទីភ្នាក់​ងារ​​បារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដែលទទួលបន្ទុកលើការផ្តល់ហិរញ្ញប្បទាដល់វិស័យសាធារណៈ និង​អង្គការ​ក្រៅរដ្ឋាភិបាល ការស្រាវជ្រាវ និងការបណ្តុះបណ្តាលស្តីពីការអភិវឌ្ឍប្រកប​​ដោ​យ​ចីរភាព រួមទាំងបុត្រសម្ព័ន្ធ Proparco ដែលមានគោលដៅផ្តល់ហិរញ្ញប្បទានដល់វិស័យឯកជន ហើយក្នុងពេលឆាប់ៗ ខាងមុខមានទាំង Expertise France ដែលជាទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេស​។

ក្រុមទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍមានតួនាទីជួយជ្រោមជ្រែង និងពន្លឿនការផ្លាស់ប្តូរឆ្ពោះទៅ​កាន់ពិភពមួយ​កាន់តែត្រឹមត្រូវ និងមានភាពធន់។ ជាមួយដៃគូរបស់យើង យើងបង្កើតនូវដំណោះស្រាយដែលមានការចូលរួម ជាមួយនិងដើម្បីប្រជាពលរដ្ឋប៉ែកខាងត្បូង។ ក្រុមការងាររបស់យើងបំពេញការងារលើគម្រោងប្រមាណ ៤០០០នៅតាមមូលដ្ឋាននៅឯនាយសមុទ្រនៅក្នុងប្រទេសចំនួន១១៥ និងនៅតាមទឹកដីដែលមានវិបត្តិ ដើម្បីសុខុមាលភាពរួម មានដូចជាអាកាសធាតុ ជីវៈចម្រុះ សនិ្តភាព សមភាពយែនឌ័រ អប់រំ និងសុខាភិបាល។ ក្នុងន័យនេះ យើងចួលរួមចំណែកក្នុងការប្តេជ្ញាចិត្តរបស់ប្រទេសបារាំង និងជនជាតិបារាំង ដើម្បីគោលដៅអភិវឌ្ឍប្រកបដោយចីរភាព៕

រូបភាពដោយ៖ សហការី