លិខិតប្ដូរសារសម្រាប់ ឥណទានសម្បទាន១គម្រោង និងហិរញ្ញប្បទានឥតសំណង៥គម្រោង

79

ជាការឆ្លើយតបទៅនឹងសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា និងក្នុងគោលបំណងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលជប៉ុនបានសម្រេចពង្រីកជំនួយអភិវឌ្ឍផ្លូវការ (ODA) ជាឥណទានសម្បទាន ដែលមានទឹកប្រាក់សរុបចំនួន ៦,៣៣៦លានយ៉េន ប្រមាណជា ៥៧.៦លានដុល្លារអាមេរិកសម្រាប់ «គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប (ដំណាក់កាលទី២)» និងហិរញ្ញប្បទានឥតសំណង៥គម្រោង ដែលមានទឹកប្រាក់សរុបចំនួន ១,៦០០លាន​យ៉េន​ ប្រមាណជា ១៤.៥លានដុល្លារសម្រាប់ «កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម»

«គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប (ដំណាក់កាលទី ២)»​ នឹងបន្តអភិវឌ្ឍបរិក្ខារបូមទឹកឆៅ និងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដែលមានសមត្ថភាពផលិត ៦០,០០០ ម៉ែត្រគីបក្នុងមួយថ្ងៃ និងបណ្ដាញចែកចាយទឹកដែលមានប្រវែងលើស ២០០គីឡូម៉ែត្រ នៅខេត្តសៀមរាប បន្ទាប់ពីដំណាក់កាលទី១។

ចំណែកគម្រោង «កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម» ប្រភេទសម្ភារៈ និងបរិក្ខារផ្សេងៗ នឹងត្រូវផ្តល់ជូនដល់ ៥វិស័យដូចខាងក្រោម៖

  • ការគាំទ្រដំណើរការកសាងផែនការបោសសម្អាតមីន និងត្រួតពិនិត្យគុណភាពលើផ្ទៃដីបោសសម្អាត (Landmine Action Sector) មានទឹកប្រាក់ចំនួន ២០០លានយ៉េន (ប្រមាណ ១.៨ លានដុល្លារអាមេរិក)​
  • សម្ភារៈបច្ចេកទេស សម្រាប់មន្ទីរពិសោធន៍ជាតិសំណង់ (Construction Material Sector) មានទឹកប្រាក់ចំនួន ២៥០លានយ៉េន (ប្រមាណ ២.៣ លានដុល្លារអាមេរិក)​
  • សម្ភារៈបច្ចេកទេសសម្រាប់ស្ថានីយវាស់វែងអចិន្ត្រៃយ៍ និងមជ្ឈមណ្ឌលទិន្នន័យ (Cadastral Survey Sector) មានទឹកប្រាក់ចំនួន ២៥០លានយ៉េន (ប្រមាណ ២.៣ លានដុល្លារអាមេរិក)​
  • ការបំពាក់សម្ភារៈ និងបរិក្ខារបច្ចេកទេសសម្រាប់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (Human Resource Development Sector) មានទឹកប្រាក់ចំនួន ៤០០លានយ៉េន (ប្រមាណ ៣.៦​ លានដុល្លារអាមេរិក)
  • ការបំពាក់សម្ភារៈបរិក្ខារ និងគ្រឿងម៉ាស៊ីនក្នុងវិស័យឧស្សាហកម្មគ្រឿងយន្ត អេឡិចត្រូនិច និងមេកានិក នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (Manufacturing Sector) មានទឹកប្រាក់ចំនួន ៥០០លានយ៉េន (ប្រមាណ ៤.៥ លានដុល្លារអាមេរិក)

គម្រាងសហប្រតិបត្តិការទាំងនេះត្រូវបានរំពឹងទុកថានឹងចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យនីមួយៗ នាពេលអនាគត និងការយោគយល់គ្នាទៅវិញទៅមក ក៏ដូចជាការពង្រឹងទំនាក់ទំនងមិត្តភាពរវាង​ជប៉ុននិងកម្ពុជា។

លិខិតប្ដូរសារនៃគម្រាងទាំងនេះត្រូវបានចុះហត្ថលេខារវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជានៅម៉ោង ៩ព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕

ប្រភពដោយ៖ ស្ថានទូតជប៉ុននៅកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here