ភ្នំពេញ៖ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បរិក្ខារចាំបាច់សំខាន់ៗ សម្រាប់ពង្រឹងការគ្រប់គ្រងប្រព័ន្ធត្រជាក់ ដែលប្រើប្រាស់សម្រាប់វ៉ាក់សាំងកូវីដ-១៩ ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាលកម្ពុជា នៅក្នុងពិធីមួយដែលរៀបចំធ្វើឡើងនៅឃ្លាំងឱសថកណ្ដាលក្នុងរាជធានីភ្នំពេញ។ បរិក្ខារទាំងនេះ ក្នុងនោះរួមមានទូក្លាស្សេវ៉ាក់សាំងចំនួន ២១គ្រឿង ម៉ាស៊ីនកំណត់កម្លាំងវ៉ុលអគ្គិសនី ២១គ្រឿង និងឧបករណ៍សម្គាល់ទូក្លាស្សេសម្រាប់ពិនិត្យតាមដាន សីតុណ្ហភាព ២៧១គ្រឿង ដែលបានទទួលថវិកាគាំទ្រពីរដ្ឋាភិបាលជប៉ុន និងការគាំទ្រផ្នែកលទ្ធកម្មពីយូនីសេហ្វ។ វត្តមាននៃបរិក្ខារប្រព័ន្ធត្រជាក់ដែលដំណើរការល្អនៅទូទាំងប្រទេសកម្ពុជា នឹងធានាឱ្យមានការរក្សាទុកវ៉ាក់សាំងកូវីដ-១៩ បានល្អ និងធ្វើឱ្យការផ្តល់វ៉ាក់សាំងនិងថ្នាំបង្ការជាប្រចាំនៅក្នុងប្រទេសនេះមានដំណើរការកាន់តែប្រសើរនៅក្នុងរយៈពេលវែង។
គិតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់វ៉ាក់សាំងជូនពលរដ្ឋ អាយុចាប់ពី ១២ឆ្នាំឡើងទៅ ប្រមាណ ១១.៥លាននាក់ ស្មើនឹងប្រហែល ៩៥%នៃក្រុមប្រជាជនគោលដៅ។ លទ្ធផលនេះធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានចាក់វ៉ាក់សាំងជូនពលរដ្ឋច្រើនជាងគេនៅក្នុងតំបន់អាស៊ាន និងនៅក្នុងសកលលោក ដែលនេះជាសមិទ្ធផលមួយដ៏អស្ចារ្យ។ ការផ្ដល់ជំនួយទាន់ពេលវេលាជាបរិក្ខារប្រព័ន្ធត្រជាក់បន្ថែមពីរាជរដ្ឋាភិបាលជប៉ុន គឺជួយពន្លឿនកិច្ចខិតខំប្រឹងប្រែងនេះបន្ថែមទៀត ព្រោះថាបរិក្ខារទាំងនេះនឹងធានាថាការចែកចាយវ៉ាក់សាំងកូវីដ-១៩ នាពេលបច្ចុប្បន្ននេះនឹងមិនទទួលសម្ពាធខ្លាំងពេកលើសមត្ថភាពបច្ចុប្បន្ន និងមិនបង្កការរំខានដល់សេវាផ្តល់ថ្នាំបង្ការជាប្រចាំ ជាពិសេសការផ្តល់ថ្នាំបង្ការដល់កុមារឡើយ។
ការគាំទ្រនេះ គឺជាផ្នែកមួយនៃជំនួយឆ្លើយតបចំពោះស្ថានភាពបន្ទាន់ពីរដ្ឋាភិបាលជប៉ុនដែលមានទឹកប្រាក់សរុបចំនួន ៣៦.៩លានដុល្លារ ដល់ការិយាល័យយូនីសេហ្វប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក សម្រាប់គាំទ្រដល់ប្រទេសចំនួន១២ ក្នុងការបង្កើនសមត្ថភាពនៃប្រព័ន្ធត្រជាក់របស់ខ្លួន។ ថវិកាចំនួន ៩០៧,៥៨៨ដុល្លារ ត្រូវបានវិភាជន៍សម្រាប់ប្រទេសកម្ពុជា។ បន្ថែមលើបរិក្ខារប្រព័ន្ធត្រជាក់ ប្រទេសជប៉ុនក៏កំពុងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសមត្ថភាពនៃប្រព័ន្ធសុខាភិបាល ក្នុងការគ្រប់គ្រង និងថែទាំបរិក្ខារទាំងនេះ ក៏ដូចជាជួយរៀបចំដំណើរការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ឲ្យកាន់តែប្រសើរនៅគ្រប់កម្រិតផងដែរ។
ប្រទេសជប៉ុនក៏បានសន្យាផ្តល់ថវិកាចំនួន ១ពាន់លានដុល្លារ ដល់កម្មវិធីកូវ៉ាក់សកលលោក ដែលជាយន្តការអន្តរជាតិដឹកនាំដោយសម្ព័ន្ធសកលសម្រាប់វ៉ាក់សាំង និងថ្នាំបង្ការ (GAVI) សម្ព័ន្ធនវានុវត្តន៍ដើម្បីត្រៀមទប់ទល់នឹងការរាតត្បាតនៃជំងឺ (CEPI) អង្គការសុខភាពពិភពលោក និងយូនីសេហ្វផងដែរ ដើម្បីធានា និងពន្លឿនការទទួលបានវ៉ាក់សាំងប្រកបដោយសមធម៌ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ កាលពីពេលថ្មីៗនេះ ប្រទេសជប៉ុនបានផ្តល់ជាជំនួយវ៉ាក់សាំង អាស្រ្តាហ្សេនឹកា ចំនួន១លានដូសដែលផលិតនៅជប៉ុន ផ្តល់ជូនប្រទេសកម្ពុជា។
ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ «ដើម្បីឱ្យវ៉ាក់សាំងមានប្រសិទ្ធភាព គេត្រូវរក្សាទុកវានៅសីតុណ្ហភាពសមស្រប ដែលនេះ គឺជាមុខងាររបស់ឧបករណ៍ទាំងនេះអាចធ្វើបាន។ យើងមានទំនុកចិត្តយ៉ាងមុតមាំថាការរួមចំណែករបស់យើងនឹងផ្តល់នូវកម្លាំងវិជ្ជមាន ដើម្បីជួយពន្លឿនវឌ្ឍនភាពគួរឱ្យយកត់សម្គាល់ឆ្ពោះទៅរកការស្តារឡើងវិញ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានកន្លងមក។ មិត្តភាពរបស់យើងជាមួយនឹងពលរដ្ឋកម្ពុជាគឺជាមិត្តភាពដ៏សែនជ្រាលជ្រៅ ហើយយើងសង្ឃឹមថា ការគាំទ្រនេះនឹងជួយឲ្យមិត្តភាពរបស់យើងឈានទៅមុខមួយជំហានទៀត»។
ក្នុងនាមជាអ្នកទិញវ៉ាក់សាំងធំជាងគេតែមួយគត់នៅក្នុងពិភពលោក យូនីសេហ្វ គឺជាស្ថាប័នដឹកនាំការងារលទ្ធកម្ម និងផ្គត់ផ្គង់សម្រាប់យន្តការកូវ៉ាក់។ នៅកម្ពុជា យូនីសេហ្វ និងអង្គការសុខភាពពិភពលោកបានចំណាយពេលបីទសវត្សរ៍ បំពេញតួនាទីជាស្ថាប័នដឹកនាំផ្នែកបច្ចេកទេស ដើម្បីគាំទ្រក្រសួងសុខាភិបាលក្នុងការពង្រឹងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ដែលផ្តល់ប្រយោជន៍ដល់កុមាររាប់លាននាក់ជារៀងរាល់ឆ្នាំ។
លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ «ពលរដ្ឋជប៉ុន គឺជាមិត្តដ៏អស្ចារ្យរបស់ពលរដ្ឋកម្ពុជានៅក្នុងអំឡុងពេលនៃវិបត្តិនេះ ហើយនេះគឺជាការគាំទ្រដ៏សំខាន់ និងចាំបាច់មួយទៀតដែលពលរដ្ឋជប៉ុនបានផ្ដល់ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងដ៏គួរឱ្យយស្ងប់ស្ងែង ក្នុងការឆ្លើយតបចំពោះការរាតត្បាតជាសកលនេះ។ ការគាំទ្រពីរដ្ឋាភិបាលជប៉ុនបំពេញតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យកម្មវិធីផ្តល់វ៉ាក់សាំងកូវីដ-១៩ របស់ប្រទេសកម្ពុជាទទួលបានជោគជ័យ រួមចំណែកដល់ការអនុវត្តផែនការ ស្តារឡើងវិញរបស់ប្រទេសនេះ និងបន្តពង្រឹងសមត្ថភាពផ្ដល់ថ្នាំបង្ការ។ យើងសូមអរគុណដល់រដ្ឋាភិបាលជប៉ុនចំពោះការឧបត្ថម្ភដ៏សប្បុរស ហើយនៅតែបន្តប្ដេជ្ញាចិត្តពេញទំហឹងដើម្បីបន្តការគាំទ្ររបស់យើងជូនរាជរដ្ឋាភិបាលកម្ពុជា ខណៈពេលដែលរដ្ឋាភិបាលខិតខំកសាងនូវប្រព័ន្ធសុខាភិបាលកាន់តែរឹងមាំ និងមានភាពធន់»។
ប្រភព៖ ស្ថានទូតជប៉ុននៅកម្ពុជា