ភ្នំពេញ៖ ក្រុមហ៊ុន Oak Sourcing & Logistics, LLC ជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល និងសម្ភារៈបរិក្ខារពេទ្យមានទីស្នាក់ការនៅសហរដ្ឋអាមេរិកបានឧបត្ថម្ភឈុតការពារវេជ្ជសាស្ត្រចំនួនជាងពីរលានជូនមកព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។
ការឧបត្ថម្ភនេះផ្តើមឡើងក្រោយមានការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩ កើនឡើងជាបន្តបន្ទាប់នៅប្រទេសកម្ពុជា។ គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ប្រទេសដែលមានប្រជាជនជាង១៥លាននាក់ កំពុងជួបប្រឈមនឹងកម្រិតនៃការឆ្លងជំងឺកូវីដ-១៩ ច្រើនជាង ៩០០ករណីជារៀងរាល់ថ្ងៃ។
គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ មានអ្នកឆ្លងសរុបលើសពី ៧៦.០០០ នាក់ និងមានករណីស្លាប់រហូតដល់ទៅ ១.៣៧៥ នាក់។ ការរីករាលដាលនេះកើតឡើងក្រោយការខិតខំប្រឹងប្រែងប្រកបដោយជោគជ័យរបស់ប្រទេសកម្ពុជាអស់រយៈពេលមួយឆ្នាំត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីរកឃើញករណ៍ទីមួយក្នុងប្រទេស ដែលមានត្រឹម ៤០០ ករណីប៉ុណ្ណោះ និងគ្មានករណីស្លាប់នោះឡើយ។
លោក Matthew Sandvig ជាគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន Oak Sourcing & Logistics, LC បានថ្លែងថា៖ «យើងមានសេចក្តីត្រេកអរជាខ្លាំង ក្នុងការឧបត្ថម្ភឈុតការពារវេជ្ជសាស្រ្ត (PPE) ដែលជាសម្ភារបរិក្ខារការពារខ្លួនសំខាន់ និងចាំបាច់សម្រាប់ប្រទេសកម្ពុជាក្នុងពេលដែលប្រទេសមួយនេះ កំពុងជួបប្រទះនឹងការកើនឡើងនៃករណីឆ្លងថ្មីនៃជំងឺដែលមានកម្រិតធ្ងន់ធ្ងរ និងមានករណីស្លាប់ច្រើន ជាងមុន»។ លោកបានបន្ថែមទៀតថា៖ «ឈុតការពារវេជ្ជសាស្រ្តទាំងនេះនឹងជួយគាំទ្រដល់មន្ទីរពេទ្យ និងគ្លីនិកវេជ្ជសាស្ត្រនៅទូទាំងប្រទេសក្នុងការលើកកម្ពស់សុវត្ថិភាពក្រុមគ្រូពេទ្យជួរមុខនៅក្នុងការ បំពេញកាតព្វកិច្ច និងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេប្រយុទ្ធនឹងជំងឺកូដ-១៩»។
នៅអំឡុងឆ្នាំ២០២០ ជាពេលដែលជំងឺកូវីដ-១៩ កំពុងតែរាតត្បាតនៅលើពិភពលោកឡើងដល់កម្រិតខ្លាំង ក្រុមហ៊ុន Ouk Sourcing & Logistics, LLC បានទិញឈុតការពារវេជ្ជសាស្ត្ររាប់រយលានដើម្បីផ្គត់ផ្គង់នៅសហរដ្ឋអាមេរិក។ នៅខណៈនោះ តម្រូវការនៃឈុតការពារវេជ្ជសាស្ត្រមានច្រើនលើសលប់ជាងការផ្គត់ផ្គង់ឆ្ងាយណាស់។ នៅក្នុងឆ្នាំ២០២០ ក្រុមហ៊ុន Oak Sourcing & Logistics, LLC បានបន្តទិញឈុតការពារវេជ្ជសាស្ត្រទាំងនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាបន្តបន្ទាប់។
លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីថាណ្ណា ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានបង្ហាញការកោតសរសើរដល់ក្រុមហ៊ុន Oak Sourcing & Logistic ដែលបានចូលរួមឧបត្ថម្ភឈុតការពារវេជ្ជសាស្ត្រដល់ប្រទេសកម្ពុជា ខណៈដែលកម្ពុជាកំពុងមានតម្រូវការចាំបាច់បំផុតក្នុងកិច្ចប្រយុទ្ធ និងជំងឺកូវីដ-១៩ ព្រមទាំងបានថ្លែងថា៖ «យើងមានសេចក្តីសោមន្សរីករាយណាស់ ចំពោះការឧបត្ថម្ភ ប្រកបដោយទឹកចិត្តសប្បុរសរបស់ក្រុមហ៊ុន Oak Sourcing & Logistic ដល់ប្រទេសយើង ខណៈដែល យើងកំពុងតែបន្តប្រយុទ្ធនឹងវីរុសកូវីដ-១៩។ យើងក៏សូមថ្លែងអំណរគុណដល់អ្នកស្រី ឈីម កុលាប នាយិកាអភិវឌ្ឍអាជីវកម្មរបស់ក្រុមហ៊ុនសេដ្យឃភីថលសម្រាប់ការសម្របសម្រួលនាំឱ្យមានការផ្តល់ អំណោយនេះ»។ លោកបានបន្ថែមទៀតថា៖ «ឈុតការពារវេជ្ជសាស្ត្រទាំងនេះមិនត្រឹមតែជួយផ្ដល់អាវុធ សម្រាប់ក្រុមទ័ពជួរមុខយើងតែប៉ុណ្ណោះទេ វាថែមទាំងផ្តល់លទ្ធភាពឱ្យយើងអាចផ្ដល់ការថែទាំដល់ ប្រជាជនដែលកំពុងតែរងគ្រោះដោយសារជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់ពួកគេទៀតផង»។
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (សសយក)៖ ត្រូវបានបង្កើត ឡើងនៅក្នុងប្រទេសកម្ពុជាក្នុងគោលបំណងបីសំខាន់ៗ៖ (១) សហការជាមួយស្ថាប័នជាតិ ជាពិសេសក្រសួងសុខាភិបាល ក្នុងការផ្តល់សេវាសុខភាពសាធារណៈដល់ប្រជាជនដោយឥតគិតថ្លៃ និងមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ (២) គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្តល់សេវាសុខភាពតាមមូលដ្ឋាន និងសកម្មភាពដទៃទៀតសម្រាប់ ប្រជាជនក្រីក្រ ជាពិសេសប្រជាជនក្រីក្រដែលរស់នៅតំបន់ជនបទ និង (៣) ផ្តល់ការបណ្តុះបណ្តាល និងធនធានមនុស្សដល់ស័យសុខាភិបាល ក៏ដូចជាផ្ដល់ឱកាសដល់និស្សិតពេទ្យស្ម័គ្រចិត្ត និងយុវជន ស្ម័គ្រចិត្ត ដើម្បីចូលរួមក្នុងបុព្វហេតុមនុស្សធម៌នៅក្នុងសង្គម៕
រូបថតដោយ៖ សហការី