កូវីដ-១៩៖ ឪពុកម្តាយកាន់តែលំបាកទ្វេដងក្នុងការចិញ្ចឹមកូនផងនិងប្រកបរបរផង

ឪពុកម្តាយមួយចំនួននៅរាជធានី​ភ្នំពេញនិងតាម​បណ្តាខេត្ត បានលើកឡើងពីផល​លំបាក​ទ្វេដងនៅក្នុងអំឡុងពេលវិបត្តិនៃជំងឺកូវីដ-១៩ដែល​បាន​អូស​បន្លាយអស់​រយៈ​ពេល​ជាង​១ឆ្នាំកន្លងមកនេះ ដោយថា​ ពួកគេ​​ត្រូវទទួលបន្ទុកកាន់តែច្រើនជាងមុន ដើម្បីមើលថែកូនៗនិងការ​សិក្សារបស់​កូន​ផង និងត្រូវ​រកចំណូលដើម្បីទ្រទ្រង់ជីវភាពផង។

លោក ស៊ូ កុសល ជាប្រធានផ្នែក​លក់​​នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ​ បានរៀបរាប់ថា ចាប់​តាំងពីមានការរីករាលដាលនៃជំងឺកូវីដ-១៩មក លោកត្រូវចំណាយពេលកាន់តែច្រើនជាងមុន ដើម្បីឃ្លាំមើលកូនៗរបស់លោក ពិសេសតាមដានការសិក្សាតាមប្រព័ន្ធអនឡាញ​របស់ពួកគេ។

កូនសិស្ស​ម្នាក់​ត្រៀម​ធ្វើដំណើរ​ត្រឡប់ទៅ​ផ្ទះ​វិញ ក្រោយពី​ចប់​ម៉ោង​សិក្សា​នៅ​សាលារៀន​ថ្ងៃ​ដំបូង នា​ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ចាប់តាំងពី​ក្រសួង​ប្រកាស​បិទ​ដំណើរការ​សិក្សា​ដោយសារ​វិបត្តិ​កូ​វីដ១៩។ (Michael Dickison​)

លោកបន្តថា ពេលខ្លះ លោកបានយកពេលវេលានៃការទទួលទានអាហារថ្ងៃត្រង់នៅកន្លែងធ្វើការ ដើម្បីឆ្លៀតមកផ្ទះ ក្នុងបំណងបង្រៀនកូនៗរបស់លោកបន្ថែមទៀត។

បុរសវ័យជិត៤០ឆ្នាំរូបនេះបានបន្ថែមថា លោកក៏ហាក់មានការតានតឹងក្នុងចិត្តផងដែរ ព្រោះត្រូវរ៉ាប់រងការងារច្រើនជាងមុន ក្នុង​​នោះ ការចំណាយចំពោះថ្លៃសិក្សាក៏ជាបញ្ហាប្រឈមមួយផងដែរសម្រាប់រូបលោក ព្រោះតែមិនអាចរកចំណូលសមរម្យបានដូចពីមុន។

លោករៀបរាប់​ថា៖ «បញ្ហាប្រឈមសម្រាប់កូនមានច្រើន សំខាន់ទី១ យើងនិយាយពី​ពេលវេលា​ទៅមើល​គាត់។ អ៊ីចឹង ​ធម្មតា តែកាលណាគាត់រៀនតាមអនឡាញ គាត់មិនត្រូវនៅផ្ទះ! យើង​ត្រូវ​នៅមើលគាត់ ដោយពេលខ្លះ ជួនកាលខ្ញុំបែងចែក ខ្ញុំហើយគ្រួសារខ្ញុំ […] ខ្ញុំឆ្លៀតមកមើល។ ជួនកាលម៉ោងបាយថ្ងៃ មកមើលការសិក្សាគាត់បន្តិច រួចហើយខ្ញុំទៅធ្វើការវិញ»។

លោក ស៊ូ កុសល បច្ចុប្បន្នមានកូនចំនួន២នាក់ដែលពួកគេទើបតែរៀនថ្នាក់បឋមសិក្សានៅសាលារៀនឯកជនមួយ ដោយកូនច្បងរៀនថ្នាក់ទី៣ ចំណែកកូនប្អូនវិញនៅរៀនថ្នាក់មត្តេយ្យនៅឡើយ។ លោកថា ក្នុងមួយថ្ងៃលោកបានចំណាយពេលយ៉ាងហោច៦ម៉ោង ដើម្បីតាមដានការសិក្សារបស់កូន។

ចំណែកស្រី្តជាម្តាយមួយរូបទៀត អ្នកស្រី លី សុភ័ក្រ ដែលជាកសិកររស់នៅខេត្តកំពង់ស្ពឺ បាន និយាយ​ថា អ្នកស្រីមានកូន៣នាក់ក្នុងបន្ទុក ដែលកូនទី១​អាយុ១៤ឆ្នាំ កូនទី២អាយុ១១ឆ្នាំ និងកូនទី៣អាយុ៨ឆ្នាំ។ អ្នកស្រីថា បច្ចុប្បន្ន ពួកគេកំពុងសិក្សានៅថ្នាក់បឋមសិក្សានៅសាលារៀនរដ្ឋមួយកន្លែង ស្ថិតក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះរបស់អ្នកស្រីនោះទេ។

ប៉ុន្តែចាប់តាំងពីអាជ្ញាធរបានដាក់ចេញវិធានការផ្អាកការសិក្សាគ្រប់គ្រឹះស្ថានសិក្សាទាំងរដ្ឋនិងឯកជនមក កូនៗរបស់អ្នកស្រីទាំង៣នាក់មិនបានរៀននោះទេ។ អ្នកស្រីបន្តថា ដោយ​សារ​តែជីវភាព​ក្នុងគ្រួសារមានការខ្វះខាត ធ្វើ​ឱ្យ​អ្នកស្រីមិនអាចទិញទូរសព្ទឱ្យកូនៗប្រើប្រាស់បាន រីឯរបត់នៃការសិក្សាថ្មីដែលទាមទារ​ឱ្យមានការយល់ដឹងពីប្រព័ន្ធបច្ចេកវិទ្យានិងដំណើរការ​របស់​ប្រព័ន្ធអ៊ីនធឺណិតនៅតាមទីជនបទនេះ ហាក់នៅមានកម្រិតនៅឡើយ។

កត្តាទាំងនេះបានធ្វើឱ្យកូនៗរបស់អ្នកស្រី​ខកខានរៀនសូត្ររយៈពេលជាងមួយឆ្នាំ​មក​ហើយ។ ជាស្រ្តីមេផ្ទះផងនិងជាកសិករផង អ្នកស្រី លី សុភ័ក្រ ត្រូវរ៉ាប់រងកិច្ចការផ្ទះច្រើនជាងមុន និងត្រូវរកចំណូលដើម្បីទ្រទ្រង់ជីវភាពក្នុងគ្រួសារថែមទៀតផង។

យ៉ាងណាក្តី ស្ត្រីរូបនេះបានបង្ហាញក្តីបារម្ភចំពោះអនាគតរបស់កូនៗទាំង៣ថា ប្រសិនបើពួកគេមិនបានចូលរៀនដូចក្មេងៗដទៃនោះទេ ពួកគេអាចនឹងប្រឈមបញ្ហាគ្មានចំណេះដឹងនិងជំនាញពិតប្រាកដនាពេលអនាគត។

អ្នកស្រីនិយាយថា៖ «ក្មេងវាមិនបានរៀនសូត្រ អ៊ីចឹងវាពិបាកណាស់! នៅតែផ្ទះ! ដល់ពេលវាបាន​រៀនអីទៅ គ្រាន់ថា យើងវាធូរ។ ធំទៅវាមានមុខរបរស្រួលបួល អត់បានរៀនសូត្រអ៊ីចឹង វាពិបាកក្មេង»។

ស្រ្តីមេផ្ទះម្នាក់ទៀតរស់នៅរាជធានីភ្នំពេញ អ្នកស្រី យក់ លក្ខិណា វ័យ៣៥ឆ្នាំ ដែលមានកូនស្រី​ម្នាក់និងប្រុស​២នាក់​ក្នុងបន្ទុក បានត្អូញត្អែរដែរ​ថា នៅពេលដែលកូនរបស់គាត់នៅតែផ្ទះ ហើយរៀន​​តាមអន​ឡាញ​នេះ បានធ្វើឱ្យ​អ្នកស្រីត្រូវ​ចំណាយពេលច្រើនជាងមុន ដើម្បី​តាមដាន​​ការ​​សិក្សា​​របស់​​កូន។

អ្នកស្រីលើកឡើងថា៖ «អាហ្នឹង [ការរៀនតាមអនឡាញ] វាប្រាកដជាអ៊ីចឹងហើយ! វាប្រាកដជាផ្តល់បន្ទុកឱ្យយើងហើយ។ ប៉ុន្តែដូចថាកូនខ្ញុំ! ខ្ញុំបារម្ភជាងគេ[គឺ]សម័យអនឡាញហ្នឹង គឺភ័យខ្លាចតែគាត់ខូចភ្នែក»។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជាពិតជាកំពុងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារការរាលដាលជាសកលនៃជំងឺកូវី-១៩ពិតមែន។ លោកសង្កេតឃើញថា ការអូយបន្លាយពេលយូរនៃជំងឺឆ្លងនេះបានធ្វើឱ្យពលរដ្ឋមួយចំនួនបាត់បង់ចំណូលស្ទើរតែទាំងស្រុង ដែលបង្ក​ផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេកាន់តែខ្លាំង។

លោកថា៖ «យើងឃើញថា ប្រជាពលរដ្ឋខ្លះគ្នាមានបញ្ហានៅក្នុងការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ​ដែរ​។ លុយ​​កាក់ដែលគ្នាសល់បន្តិចបន្តួច គ្នាត្រូវយកមកចំណាយអស់ហើយ ព្រោះអីវាឈានចូលជិត២ឆ្នាំហើយ អ៊ីចឹងគ្នាពិបាកមែនទែន»។

ករណីនេះ លោក​បានជំរុញឱ្យពលរដ្ឋដែលគ្មានលទ្ធភាព​អាច​រក​ចំណូល​បាន​ដោយសារការឆ្លង​​រាល​ដាលនៃជំងឺកូវីដ-១៩​នេះ គួរតែរាយការណ៍ទៅកាន់អាជ្ញាធរ ដើម្បីទទួលបានជំនួយជាបន្ទាន់ ដោយថា រដ្ឋាភិបាលមានការទទួលខុសត្រូវដើម្បីដោះស្រាយបញ្ហានេះ។

លោកមានប្រសាសន៍ថា៖ «ប្រសិនអ្នកខ្វះខាត អាចដាក់ពាក្យស្នើសុំទៅរដ្ឋាភិបាលតាមរយៈឃុំសង្កាត់។ នេះជាការល្អប្រសើរ ព្រោះតែកាលណាយើងអស់លទ្ធភាពក្នុងការទ្រទ្រង់ជីវភាពខ្លួនឯងហើយ ​អាហ្នឹងគឺជាភារៈរបស់រដ្ឋ ដែលរដ្ឋត្រូវតែជួយដល់ប្រជាពលរដ្ឋ ដើម្បីគាត់អាចបន្តជីវ​ភាព​រស់​នៅ​តទៅទៀត។ នេះជារឿងសំខាន់ណាស់»។

ស្ថិតក្នុងស្ថានភាពដែលមានការត្អូញត្អែរពីអាណាព្យាបាលក្នុងពេលដែលសាលាបិទទ្វារ ដោយ​ត្រូវ​ចំណាយ​ពេលកាន់តែច្រើននៅជាមួយកូនៗនេះ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និង​កីឡា លោក រស់ សុវាចា បានឱ្យដឹងតាមប្រព័ន្ធតេឡេក្រាម​ថា សម្រាប់លទ្ធភាពនៃការអនុ​ញ្ញាត​ឱ្យដំណើរការគ្រឹះស្ថានសិក្សាទាំងរដ្ឋនិងឯកជនឡើងវិញនោះ លោកមិនទាន់អាចបញ្ជាក់​បាននៅឡើយទេ។ ប៉ុន្តែលោក​ថា ក្នុងពេលដែលសិស្សនិស្សិតត្រូវនៅផ្ទះ ហើយសិក្សាពីចម្ងាយតាមប្រព័ន្ធអនឡាញនេះ ក្រសួងបានខិតខំដាក់ចេញនូវយន្តការជាបន្តបន្ទាប់ ដើម្បីជំរុញឱ្យការសិក្សារបស់សិស្សកាន់តែមានប្រសិទ្ធភាព។

លោកបន្តថា បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់បានប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ ដើម្បីបំពេញតម្រូវការសិក្សារបស់សិស្ស តាមរយៈយន្តការសិក្សាពីចម្ងាយនេះ ដើម្បីធានាសុវត្ថិភាពរបស់ពួកគេ។

លោកគូសបញ្ជាក់ថា៖ «ចំពោះមុខនេះ សាលារៀនបង្រៀនតាមបែបចម្រុះគឺ ទី១ បង្រៀនតាមប្រព័ន្ធអេឡិចត្រូនិច ដូចជាតាមការប្រើប្រាស់វីដេអូប្រព័ន្ធអនឡាញរបស់ក្រសួង។ ទី២ ការបង្រៀន​ដោយប្រើឯកសារដូចជាសន្លឹកកិច្ចការចំពោះសិស្សគ្មានឧបករណ៍អេឡិចត្រូនិច។ ទី៣ ការបង្រៀនតាមវិទ្យុនិងទូរទស្សន៍។ ទី៤ ការរៀនតាមបណ្ដុំតូចៗដែលសាលាត្រូវពិនិត្យលទ្ធភាពជាក់ស្តែង»។

សន្និសីទរបស់អង្គការសហប្រជាជាតិ ស្តីពី «ពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD)» ដែលធ្វើឡើងកាលពីចុងឆ្នាំ២០២០ បានចេញផ្យាយរបាយការណ៍មួយដោយរកឃើញថា ការរាតត្បាតជាសកលដោយសារជំងឺកូវីដ-១៩ នឹងធ្វើឱ្យមនុស្សប្រមាណ៣២លាននាក់នៅក្នុងប្រទេសដែលមានការអភិវឌ្ឍតិចតួចចំនួន៤៧ប្រទេសក្នុងពិភពលោក ធ្លាក់ចូលទៅក្នុងភាពក្រីក្រកម្រិតធ្ងន់ ក្នុងនោះរួមមានទាំងប្រទេសកម្ពុជា ឡាវ និងភូមា ដែលស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕

ប្រភពដោយ៖ VOD