ឪពុកម្តាយមួយចំនួននៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត បានលើកឡើងពីផលលំបាកទ្វេដងនៅក្នុងអំឡុងពេលវិបត្តិនៃជំងឺកូវីដ-១៩ដែលបានអូសបន្លាយអស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ ដោយថា ពួកគេត្រូវទទួលបន្ទុកកាន់តែច្រើនជាងមុន ដើម្បីមើលថែកូនៗនិងការសិក្សារបស់កូនផង និងត្រូវរកចំណូលដើម្បីទ្រទ្រង់ជីវភាពផង។
លោក ស៊ូ កុសល ជាប្រធានផ្នែកលក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ បានរៀបរាប់ថា ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ-១៩មក លោកត្រូវចំណាយពេលកាន់តែច្រើនជាងមុន ដើម្បីឃ្លាំមើលកូនៗរបស់លោក ពិសេសតាមដានការសិក្សាតាមប្រព័ន្ធអនឡាញរបស់ពួកគេ។
លោកបន្តថា ពេលខ្លះ លោកបានយកពេលវេលានៃការទទួលទានអាហារថ្ងៃត្រង់នៅកន្លែងធ្វើការ ដើម្បីឆ្លៀតមកផ្ទះ ក្នុងបំណងបង្រៀនកូនៗរបស់លោកបន្ថែមទៀត។
បុរសវ័យជិត៤០ឆ្នាំរូបនេះបានបន្ថែមថា លោកក៏ហាក់មានការតានតឹងក្នុងចិត្តផងដែរ ព្រោះត្រូវរ៉ាប់រងការងារច្រើនជាងមុន ក្នុងនោះ ការចំណាយចំពោះថ្លៃសិក្សាក៏ជាបញ្ហាប្រឈមមួយផងដែរសម្រាប់រូបលោក ព្រោះតែមិនអាចរកចំណូលសមរម្យបានដូចពីមុន។
លោករៀបរាប់ថា៖ «បញ្ហាប្រឈមសម្រាប់កូនមានច្រើន សំខាន់ទី១ យើងនិយាយពីពេលវេលាទៅមើលគាត់។ អ៊ីចឹង ធម្មតា តែកាលណាគាត់រៀនតាមអនឡាញ គាត់មិនត្រូវនៅផ្ទះ! យើងត្រូវនៅមើលគាត់ ដោយពេលខ្លះ ជួនកាលខ្ញុំបែងចែក ខ្ញុំហើយគ្រួសារខ្ញុំ […] ខ្ញុំឆ្លៀតមកមើល។ ជួនកាលម៉ោងបាយថ្ងៃ មកមើលការសិក្សាគាត់បន្តិច រួចហើយខ្ញុំទៅធ្វើការវិញ»។
លោក ស៊ូ កុសល បច្ចុប្បន្នមានកូនចំនួន២នាក់ដែលពួកគេទើបតែរៀនថ្នាក់បឋមសិក្សានៅសាលារៀនឯកជនមួយ ដោយកូនច្បងរៀនថ្នាក់ទី៣ ចំណែកកូនប្អូនវិញនៅរៀនថ្នាក់មត្តេយ្យនៅឡើយ។ លោកថា ក្នុងមួយថ្ងៃលោកបានចំណាយពេលយ៉ាងហោច៦ម៉ោង ដើម្បីតាមដានការសិក្សារបស់កូន។
ចំណែកស្រី្តជាម្តាយមួយរូបទៀត អ្នកស្រី លី សុភ័ក្រ ដែលជាកសិកររស់នៅខេត្តកំពង់ស្ពឺ បាន និយាយថា អ្នកស្រីមានកូន៣នាក់ក្នុងបន្ទុក ដែលកូនទី១អាយុ១៤ឆ្នាំ កូនទី២អាយុ១១ឆ្នាំ និងកូនទី៣អាយុ៨ឆ្នាំ។ អ្នកស្រីថា បច្ចុប្បន្ន ពួកគេកំពុងសិក្សានៅថ្នាក់បឋមសិក្សានៅសាលារៀនរដ្ឋមួយកន្លែង ស្ថិតក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះរបស់អ្នកស្រីនោះទេ។
ប៉ុន្តែចាប់តាំងពីអាជ្ញាធរបានដាក់ចេញវិធានការផ្អាកការសិក្សាគ្រប់គ្រឹះស្ថានសិក្សាទាំងរដ្ឋនិងឯកជនមក កូនៗរបស់អ្នកស្រីទាំង៣នាក់មិនបានរៀននោះទេ។ អ្នកស្រីបន្តថា ដោយសារតែជីវភាពក្នុងគ្រួសារមានការខ្វះខាត ធ្វើឱ្យអ្នកស្រីមិនអាចទិញទូរសព្ទឱ្យកូនៗប្រើប្រាស់បាន រីឯរបត់នៃការសិក្សាថ្មីដែលទាមទារឱ្យមានការយល់ដឹងពីប្រព័ន្ធបច្ចេកវិទ្យានិងដំណើរការរបស់ប្រព័ន្ធអ៊ីនធឺណិតនៅតាមទីជនបទនេះ ហាក់នៅមានកម្រិតនៅឡើយ។
កត្តាទាំងនេះបានធ្វើឱ្យកូនៗរបស់អ្នកស្រីខកខានរៀនសូត្ររយៈពេលជាងមួយឆ្នាំមកហើយ។ ជាស្រ្តីមេផ្ទះផងនិងជាកសិករផង អ្នកស្រី លី សុភ័ក្រ ត្រូវរ៉ាប់រងកិច្ចការផ្ទះច្រើនជាងមុន និងត្រូវរកចំណូលដើម្បីទ្រទ្រង់ជីវភាពក្នុងគ្រួសារថែមទៀតផង។
យ៉ាងណាក្តី ស្ត្រីរូបនេះបានបង្ហាញក្តីបារម្ភចំពោះអនាគតរបស់កូនៗទាំង៣ថា ប្រសិនបើពួកគេមិនបានចូលរៀនដូចក្មេងៗដទៃនោះទេ ពួកគេអាចនឹងប្រឈមបញ្ហាគ្មានចំណេះដឹងនិងជំនាញពិតប្រាកដនាពេលអនាគត។
អ្នកស្រីនិយាយថា៖ «ក្មេងវាមិនបានរៀនសូត្រ អ៊ីចឹងវាពិបាកណាស់! នៅតែផ្ទះ! ដល់ពេលវាបានរៀនអីទៅ គ្រាន់ថា យើងវាធូរ។ ធំទៅវាមានមុខរបរស្រួលបួល អត់បានរៀនសូត្រអ៊ីចឹង វាពិបាកក្មេង»។
ស្រ្តីមេផ្ទះម្នាក់ទៀតរស់នៅរាជធានីភ្នំពេញ អ្នកស្រី យក់ លក្ខិណា វ័យ៣៥ឆ្នាំ ដែលមានកូនស្រីម្នាក់និងប្រុស២នាក់ក្នុងបន្ទុក បានត្អូញត្អែរដែរថា នៅពេលដែលកូនរបស់គាត់នៅតែផ្ទះ ហើយរៀនតាមអនឡាញនេះ បានធ្វើឱ្យអ្នកស្រីត្រូវចំណាយពេលច្រើនជាងមុន ដើម្បីតាមដានការសិក្សារបស់កូន។
អ្នកស្រីលើកឡើងថា៖ «អាហ្នឹង [ការរៀនតាមអនឡាញ] វាប្រាកដជាអ៊ីចឹងហើយ! វាប្រាកដជាផ្តល់បន្ទុកឱ្យយើងហើយ។ ប៉ុន្តែដូចថាកូនខ្ញុំ! ខ្ញុំបារម្ភជាងគេ[គឺ]សម័យអនឡាញហ្នឹង គឺភ័យខ្លាចតែគាត់ខូចភ្នែក»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជាពិតជាកំពុងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារការរាលដាលជាសកលនៃជំងឺកូវី-១៩ពិតមែន។ លោកសង្កេតឃើញថា ការអូយបន្លាយពេលយូរនៃជំងឺឆ្លងនេះបានធ្វើឱ្យពលរដ្ឋមួយចំនួនបាត់បង់ចំណូលស្ទើរតែទាំងស្រុង ដែលបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេកាន់តែខ្លាំង។
លោកថា៖ «យើងឃើញថា ប្រជាពលរដ្ឋខ្លះគ្នាមានបញ្ហានៅក្នុងការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃដែរ។ លុយកាក់ដែលគ្នាសល់បន្តិចបន្តួច គ្នាត្រូវយកមកចំណាយអស់ហើយ ព្រោះអីវាឈានចូលជិត២ឆ្នាំហើយ អ៊ីចឹងគ្នាពិបាកមែនទែន»។
ករណីនេះ លោកបានជំរុញឱ្យពលរដ្ឋដែលគ្មានលទ្ធភាពអាចរកចំណូលបានដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ គួរតែរាយការណ៍ទៅកាន់អាជ្ញាធរ ដើម្បីទទួលបានជំនួយជាបន្ទាន់ ដោយថា រដ្ឋាភិបាលមានការទទួលខុសត្រូវដើម្បីដោះស្រាយបញ្ហានេះ។
លោកមានប្រសាសន៍ថា៖ «ប្រសិនអ្នកខ្វះខាត អាចដាក់ពាក្យស្នើសុំទៅរដ្ឋាភិបាលតាមរយៈឃុំសង្កាត់។ នេះជាការល្អប្រសើរ ព្រោះតែកាលណាយើងអស់លទ្ធភាពក្នុងការទ្រទ្រង់ជីវភាពខ្លួនឯងហើយ អាហ្នឹងគឺជាភារៈរបស់រដ្ឋ ដែលរដ្ឋត្រូវតែជួយដល់ប្រជាពលរដ្ឋ ដើម្បីគាត់អាចបន្តជីវភាពរស់នៅតទៅទៀត។ នេះជារឿងសំខាន់ណាស់»។
ស្ថិតក្នុងស្ថានភាពដែលមានការត្អូញត្អែរពីអាណាព្យាបាលក្នុងពេលដែលសាលាបិទទ្វារ ដោយត្រូវចំណាយពេលកាន់តែច្រើននៅជាមួយកូនៗនេះ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានឱ្យដឹងតាមប្រព័ន្ធតេឡេក្រាមថា សម្រាប់លទ្ធភាពនៃការអនុញ្ញាតឱ្យដំណើរការគ្រឹះស្ថានសិក្សាទាំងរដ្ឋនិងឯកជនឡើងវិញនោះ លោកមិនទាន់អាចបញ្ជាក់បាននៅឡើយទេ។ ប៉ុន្តែលោកថា ក្នុងពេលដែលសិស្សនិស្សិតត្រូវនៅផ្ទះ ហើយសិក្សាពីចម្ងាយតាមប្រព័ន្ធអនឡាញនេះ ក្រសួងបានខិតខំដាក់ចេញនូវយន្តការជាបន្តបន្ទាប់ ដើម្បីជំរុញឱ្យការសិក្សារបស់សិស្សកាន់តែមានប្រសិទ្ធភាព។
លោកបន្តថា បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់បានប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ ដើម្បីបំពេញតម្រូវការសិក្សារបស់សិស្ស តាមរយៈយន្តការសិក្សាពីចម្ងាយនេះ ដើម្បីធានាសុវត្ថិភាពរបស់ពួកគេ។
លោកគូសបញ្ជាក់ថា៖ «ចំពោះមុខនេះ សាលារៀនបង្រៀនតាមបែបចម្រុះគឺ ទី១ បង្រៀនតាមប្រព័ន្ធអេឡិចត្រូនិច ដូចជាតាមការប្រើប្រាស់វីដេអូប្រព័ន្ធអនឡាញរបស់ក្រសួង។ ទី២ ការបង្រៀនដោយប្រើឯកសារដូចជាសន្លឹកកិច្ចការចំពោះសិស្សគ្មានឧបករណ៍អេឡិចត្រូនិច។ ទី៣ ការបង្រៀនតាមវិទ្យុនិងទូរទស្សន៍។ ទី៤ ការរៀនតាមបណ្ដុំតូចៗដែលសាលាត្រូវពិនិត្យលទ្ធភាពជាក់ស្តែង»។
សន្និសីទរបស់អង្គការសហប្រជាជាតិ ស្តីពី «ពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD)» ដែលធ្វើឡើងកាលពីចុងឆ្នាំ២០២០ បានចេញផ្យាយរបាយការណ៍មួយដោយរកឃើញថា ការរាតត្បាតជាសកលដោយសារជំងឺកូវីដ-១៩ នឹងធ្វើឱ្យមនុស្សប្រមាណ៣២លាននាក់នៅក្នុងប្រទេសដែលមានការអភិវឌ្ឍតិចតួចចំនួន៤៧ប្រទេសក្នុងពិភពលោក ធ្លាក់ចូលទៅក្នុងភាពក្រីក្រកម្រិតធ្ងន់ ក្នុងនោះរួមមានទាំងប្រទេសកម្ពុជា ឡាវ និងភូមា ដែលស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕
ប្រភពដោយ៖ VOD