ស្ថានទូតជប៉ុន រួមសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងមជ្ឈ មណ្ឌលអាស៊ីនៃមូលនិធិជប៉ុន (JFAC) នឹងរៀបចំនូវព្រឹត្តិការណ៍ «ពិធីបុណ្យផ្កាយអនឡាញ២០២១» ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ជំនួសឲ្យព្រឹត្តិការណ៍ដែលធ្វើជារៀងរាល់ឆ្នាំគឺ «ពិធីបុណ្យផ្កាយ» ដែលរៀបចំឡើងតាំងពីឆ្នាំ២០០៤ ក្នុងគោលបំណងបន្តជម្រុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសជប៉ុន និងកម្ពុជា។
តាណាបាតា ឬពិធីបុណ្យផ្កាយ គឺជាព្រឹត្តិការប្រពៃណីមួយរបស់ជប៉ុន ដែលតែងតែប្រារព្ធឡើងនៅថ្ងៃទី៧ ខែកក្កដា នៅប្រទេសជប៉ុន ដែលរំឮកដល់រឿងរបស់គូស្នេហ៍មួយគូនៅឋានសួគ៌ គឺនារីតម្បាញ និងបុរសគង្វាលគោ ដែលអ្នកទាំងពីរត្រូវបានបំបែកចេញពីគ្នាដោយទន្លេអាម៉ាណុហ្គាវ៉ា ហើយត្រូវបានអនុញ្ញាតឱ្យជួបគ្នាវិញ តែម្តងគត់ក្នុងមួយឆ្នាំ គឺនៅថ្ងៃទី ៧ ខែកក្កដា។ នៅថ្ងៃនោះ ប្រជាជនជប៉ុន សរសេរបំណងប្រាថ្នារបស់ពួកគេ ហើយព្យួរនៅលើដើមឫស្សី ដើម្បីឲ្យសម្រេចបានដូចបំណងប្រាថ្នា។
ក្នុងអំឡុងពេលនៃ ពិធីបុណ្យផ្កាយអនឡាញ២០២១ ចាប់ពីថ្ងៃទី៩-១១ ខែកក្កដាឆ្នាំ ២០២១ នឹងមានកម្មវិធីវប្បធម៌ជប៉ុនតាមអនឡាញជាច្រើន នៅលើទំព័រហ្វេសប៊ុកព្រឹត្តិការណ៍ពិធីបុណ្យផ្កាយអនឡាញ២០២១ (សូមមើលLinkខាងក្រោម) ដូចជាថ្នាក់គំនូសរបស់អក្សរផ្ចង់បែបជប៉ុន ថ្នាក់ចម្អិនម្ហូបជប៉ុនជាមួយចុងភៅលោកទូត ដំណើរកម្សាន្តនៅទីក្រុងតូក្យូតាមរយ:Zoom រៀនភាសាជប៉ុនជាមួយគ្នាតាមអនឡាញ រឿងនិទានអមដោយរូបភាព «តាណាបាតា,ទិព្វសូដាច័ន្ទ» វីដេអូស្តីពីវប្បធម៌ជប៉ុនផ្សេងៗ និងកម្មវិធីជាច្រើនទៀត។ កាលវិភាគពេលវេលានៃកម្មវិធីនីមួយៗមានភ្ជាប់ជាមួយ។
សម្រាប់ការសាកសួរព័ត៌មាន សូមទាក់ទងមកកាន់ផ្នែកវប្បធម៌ និងព័ត៌មាននៃស្ថានទូតជប៉ុន តាមរយៈទូរស័ព្ទលេខ ០២៣ ២១៧ ១៦១ (លេខភ្ជាប់បន្ត ១១២១) ឬផ្ញើអ៊ីម៉ែលមក៖ [email protected]។ សម្រាប់ព័ត៌មានបន្ថែមស្តីពីពិធីបុណ្យនេះ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកនៃពិធីបុណ្យផ្កាយអនឡាញ២០២១៖ https://fb.me/e/4maLxGM5B៕
ប្រភព៖ ស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា