ភ្នំពេញ៖ នៅប្របមាត់ច្រាំងទន្លេមេគង្គ ក្បែរសណ្ឋាគារសុខា ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ អ្នកស្រី យ៉ា រ៉យ៉ាន់ និងពលរដ្ឋខ្មែរ-ឥស្លាម ៤នាក់ទៀត កំពុងអង្គុយជជែកគ្នានៅក្នុងខ្ទមតូចមួយ ដើម្បីស្វែងរកទីជម្រកថ្មីទៅរស់នៅបន្ត បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញចេញបញ្ជាឱ្យរុះរើផ្ទះបណ្តែតទឹកនិងទូកនេសាទតាមបណ្តោយទន្លេមេគង្គ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្រោមហេតុផលរៀបចំសោភ័ណភាពតាមដងទន្លេនេះ។
ក្រុមប្រជានេសាទខ្មែរឥស្លាមទាំងនោះបានបង្ហាញក្តីបារម្ភដូចគ្នាថា ពួកគេមិនទាន់អាចរកកន្លែងស្នាក់អាស្រ័យបានទេ ដោយសារតែកត្តាជីវភាព ហើយអាជ្ញាធរទុករយៈពេលខ្លីក្នុងការចាកចេញពីលើទឹកទន្លេដែលបង្កការលំបាកដល់ពួកគេ បើទោះបីជាអាជ្ញាធរបានជំរុញឱ្យក្រុមពលរដ្ឋដែលរងការបណ្តេញចេញទាំងនោះទៅតាំងទីលំនៅនៅតំបន់ក្អមសំណ ក្បែរព្រំដែនវៀតណាមក៏ដោយ ប៉ុន្តែប្រជានេសាទទាំងនោះអះអាងថា ទីនោះពិបាករស់នៅ ដោយសារតែទន្លេធំពេកហើយមានទឹកជ្រៅ។
អ្នកស្រី យ៉ា រ៉យ៉ាន់ វ័យ៣០ឆ្នាំ ដែលកំពុងបីកូនប្រុសអាយុទើបតែជាង៤ខែបីថ្ងៃនៅនឹងដៃផងនោះ បានឱ្យដឹងថា អ្នកស្រីបានមករស់នៅនៅភូមិចុងកោះ សង្កាត់ជ្រោយចង្វារ ក្បែរច្រាំងទន្លេនេះ ជាមួយឪពុកម្តាយដែលជាអ្នកនេសាទតាំងពីដូនតាមក ហើយអ្នកស្រីក៏បានឆ្លៀតធ្វើជាកម្មករឱ្យរោងចក្រទឹកត្រីមួយកន្លែង ដើម្បីចិញ្ចឹមជីវិត។
ចំណែកប្តីអ្នកស្រីវិញ ក្រៅពីការនេសាទក៏ធ្វើជាកម្មករសំណង់ផងដែរ ដែលបច្ចុប្បន្នត្រូវទទួលបន្ទុកចិញ្ចឹមកូនប្រុស៣នាក់ ដោយកូន២នាក់ស្ថិតក្នុងវ័យសិក្សានៅឡើយ ចំណែកកូនប្រុសពៅវិញអាយុទើបតែជាង៤ខែប៉ុណ្ណោះ។ អ្នកស្រីបន្តថា ដោយសារតែជីវភាពក្រីក្រលំបាក អ្នកស្រីមិនទាន់មានលទ្ធភាពអាចទៅរកកន្លែងថ្មី ដើម្បីរស់នៅបាននៅឡើយទេ។
យ៉ាងណាក្តី ពលរដ្ឋខ្មែរឥស្លាមរូបនេះឱ្យដឹងទៀតថា មានតំណាងពលរដ្ឋខ្មែរឥស្លាមមួយរូបបានឱ្យពលរដ្ឋខ្មែរឥស្លាមដែលត្រូវបណ្តេញចេញប្រមាណ២០០គ្រួសារផ្សេងទៀត ផ្តិតមេដៃ ដើម្បីស្នើសុំទៅកាន់អាជ្ញាធររកទីតាំងថ្មីឱ្យពួកគេ ប៉ុន្តែអ្នកស្រីថា មានតែពលរដ្ឋខ្មែរឥស្លាមតែជាង៦០គ្រួសារប៉ុណ្ណោះដែលត្រូវជ្រើសយកទៅកាន់ទីតាំងថ្មីនោះ។
អ្នកស្រី យ៉ា រ៉យ៉ាន់ រៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំមិនអស់ចិត្តទេ ពេលផ្តិតមេដៃ ផ្តិតទាំងអស់គ្នា ថា២០០គ្រួសារ! ចុះពេលបានស៊ីបានចុក ផ្តិតមេដៃ ហៅពួកខ្ញុំទៅទាំងយប់ទាំងថ្ងៃ រៃលុយគ្នា តែពេលបានលទ្ធផល គាត់បានដីបានផ្ទះ បានតែ [ប្រហែល] ៦៥គ្រួសារគាត់ទេ។ ខ្ញុំឈឺចិត្តណាស់ ខ្ញុំយំតាំងពីព្រឹកដល់ឥលូវ ខ្ញុំសុំគាត់ទៅទៀត គាត់ថា ហ្អែងអត់បានទៅទេ កូន!»
បើទោះបីជាមិនទាន់មានទីតាំងថ្មី ដើម្បីទៅរស់នៅបន្តក៏ដោយ ក៏អ្នកស្រីនិងអ្នកនេសាទផ្សេងទៀតមិនអាចតាំងទីលំនៅលើទីតាំងចាស់នេះបន្តទៀតឡើយ ។
អ្នកស្រីនិយាយថា៖ «បើយើងមិនចេញ ក៏ត្រូវតែចេញដែរ វគ្គនេះនោះ! ខ្ញុំត្រូវតែចេញ ខ្ទមនេះខ្ញុំត្រូវតែរុះចេញ ព្រោះខ្ញុំមិនដឹងទៅទីតាំងណាទេ ផ្ទះជួលក៏គេមិនឱ្យយើងជួលដែរ ព្រោះឥលូវជំងឺសាហាវ ខ្ញុំមិនដឹងទៅណាទេបង! មានតែគាត់ដេញ ខ្ញុំដើរទៅរើសអេតចាយតាមផ្លូវ អីវ៉ាន់ចានឆ្នាំងអី ក៏ខ្ញុំលក់ឱ្យគេអស់ដែរ ខ្ញុំអត់ទុកទេ! ព្រោះខ្ញុំអត់មានទីតាំងនៅ»។
ប្រជានេសាទខ្មែរឥស្លាមម្នាក់ទៀត លោក ម៉ាត់ អៃយ៉ោប ដែលប្រកបមុខរបរនេសាទជាង៣០ឆ្នាំហើយ ក៏ត្រូវត្រៀមចាកចេញពីលើទឹកដែរនោះ បានប្រាប់ថា លោកមិនទាន់អាចរកទីតាំងថ្មី ដើម្បីទៅសំចតទូកនេសាទជាអចិន្រ្តៃយ៍បាននៅឡើយទេ ហើយថា ទីតាំងដែលអាជ្ញាធរឱ្យលោកទៅរស់នៅតំបន់ក្អមសំណ ក៏លោកមិនអាចទៅនៅបានដែរ ព្រោះតែទឹកទន្លេជ្រៅនិងច្រាំងទន្លេខ្ពស់ពេក ពិបាកក្នុងការសំចតទូក ដើម្បីប្រកបរបរនេសាទ។
អ្នកនេសាទវ័យ៥៣ឆ្នាំរូបនេះបានបញ្ជាក់ថា ក្រុមអ្នកភូមិក៏បានស្នើសុំអាជ្ញាធររកទីតាំងថ្មី ដើម្បីរស់នៅសមស្របដែរ ប៉ុន្តែលោកថា ហាក់មិនទាន់មានដំណោះស្រាយនៅឡើយ។
លោក ម៉ាត់ អៃយ៉ោប៖ «គេដេញហើយ យើងត្រូវតែចេញហ្នឹងហើយ បើចេញហើយ ចេះតែចេញដំណើរទៅ។ កន្លែងណាមានដីទំនេរ យើងជ្រកម៉ាកន្លែងសិនទៅ ព្រោះកន្លែងដីគេ គេមិនឱ្យជ្រកទៀត វាមានតែដីរដ្ឋហ្នឹងហើយ។ បើដីមាត់កំពង់គេ ឬមួយដីកន្លែងផ្ទះគេ គេមិនឱ្យយើងជ្រកទេ»។
ពាក់ព័ន្ធករណីនេះ តំណាងពលរដ្ឋខ្មែរឥស្លាម លោក អ៊ី យូ មានប្រសាសន៍ថា មានពលរដ្ឋខ្មែរឥស្លាមតែ ៥៩គ្រួសារប៉ុណ្ណោះ ដែលស្នាក់នៅអចិន្រៃ្តយ៏ក្រោមការគ្រប់គ្រងរបស់លោកនៅក្នុងភូមិចុងកោះ សង្កាត់ជ្រោយចង្វារនេះ ហើយថា តំបន់នេះក៏មានក្រុមពលរដ្ឋខ្មែរឥស្លាមមកពីបណ្តាខេត្តផ្សេងៗបានមកតាំងទីលំនៅទីនេះប្រមាណជិត២០០គ្រួសារដែរ។
លោកបន្តថា៖ «ការធ្វើលិខិតស្នាមផ្តិមមេដៃនោះ គឺដើម្បីពន្យារពេលស្នើសុំការរុះរើរោងនិងទូកចេញពីទីតាំងចាស់តែប៉ុណ្ណោះ ហើយទីតាំងដែលអាជ្ញាធរអនុញ្ញាតឱ្យប្រជានេសាទទៅរស់នៅបន្ត គឺស្ថិតក្នុងតំបន់ក្អមសំណ ជាប់ព្រំប្រទល់ប្រទេសវៀតណាមតែប៉ុណ្ណោះ»។
យ៉ាងណាក្តី លោកថា មានពលរដ្ឋចំនួន៤១គ្រួសារបានទៅតាំងទីលំនៅបណ្តោះអាសន្ននៅលើដីមួយកន្លែងដែលស្ថិតក្នុងភូមិកោះថ្មី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ដែលជាទីតាំងដែលសហគមន៍ឥស្លាមមួយក្នុងប្រទេសម៉ាឡេស៊ី ធ្លាប់ផ្តល់ជូនឱ្យពលរដ្ឋខ្មែរឥស្លាមរស់នៅជាសហគមន៍ជាង៨០គ្រួសាររួចមកហើយ ចំណែកឯពលរដ្ឋខ្មែរឥស្លាមដែលមិនស្ថិតក្នុងការគ្រប់គ្រងរបស់លោក គឺលោកមិនបានដឹងនោះទេ។
លោក អ៊ី យូ ថ្លែងបន្ថែមថា៖ «ដូចខ្ញុំបានមកទីតាំងហ្នឹងអ៊ីចឹងដែរ ប៉ុន្តែខ្ញុំអត់បានយក[ស្នាម]មេដៃគេទេ កុំតាមប្រជាជនអស់ហ្នឹង! គេមកដល់គោលដៅ បានគេកត់ឈ្មោះ អ្នកណាមកប៉ុន្មាននាក់ ១០នាក់ គេយក១០នាក់ មក២០នាក់ គេយក២០នាក់! អ៊ីចឹងលក្ខណៈនេះ គ្រាន់តែពន្យារចោលសិនទេ យើងមានដីមានធ្លី អាហ្នឹងបានយើងយកពិតប្រាកដ។ អ្នកណាមកដល់ទីតាំងកន្លែងគេហ្នឹង គេកត់ឈ្មោះហើយ ដើម្បីយើងការពារខាងអាជ្ញាធរដែនដីគេរៀបចំឱ្យយើង […] ពិតមិនពិត ដីធ្លីអីគេអត់ទាន់មានទេ ប៉ុន្តែគាត់សុំស្នាក់អាស្រ័យសិនតែប៉ុណ្ណឹង»។
ជុំវិញករណីនេះ VOD មិនអាចសុំការបំភ្លឺពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បាននោះទេ ដោយសារលោកបានចុចបិទទូរសព្ទនៅពេលដែលមានការហៅចូលជាច្រើនលើក។
ចំណែកអភិបាលរងរាជធានីភ្នំពេញ លោក នួន ផារ័ត្ន មានប្រសាសន៍ថា លោកមិនមានភារកិច្ចដើម្បីឆ្លើយតបបញ្ហានេះទេ ។
លោកថា៖ «អាចជួយសួរទៅអ្នកនាំពាក្យទៅ ព្រោះខ្ញុំអត់មានភារកិច្ចនេះផង ដើម្បីឆ្លើយតបផង ហើយខ្ញុំអត់កាន់ការងារហ្នឹងផ្ទាល់ផង»។
ប៉ុន្តែអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ក៏ពុំអាចសុំការឆ្លើយតបបានដែរ ដោយសារទូរសព្ទរបស់លោកមិនមានអ្នកទទួលនៅពេលដែលមានការហៅចូល។
កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយដោយតម្រូវឱ្យប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី និងសំណង់មិនរៀបរយតាមដងទន្លេក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវរុះរើចេញយ៉ាងយូរ១សប្តាហ៍តែប៉ុណ្ណោះ។
លុះដល់ថ្ងៃកំណត់ឱសានវាទ ពោលគឺថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរបានពន្យារពេលឱ្យពលរដ្ឋ៣ថ្ងៃទៀត រហូតដល់ថ្ងៃទី១២ ខែមថុនា ដោយបញ្ជាក់ថា បើប្រជាពលរដ្ឋណាដែលមិនរុះរើនោះទេ អាជ្ញាធរនឹងទៅរុះរើដោយផ្ទាល់ ហើយរាល់ការខូចខាតទ្រព្យសម្បត្តិ មិនទទួលខុសត្រូវនោះទេ។
បើតាមសេចក្តីជូនដំណឹងដដែល ការរស់នៅនិងប្រកបមុខរបរលើផ្ទៃទឹកទន្លេនេះបានធ្វើឱ្យផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតធ្ងន់ធ្ងរដល់ជីវចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន ប៉ះពាល់សោភ័ណភាពរាជធានីភ្នំពេញ និងព្រមទាំងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកមិនស្អាតផងដែរ។
ត្រឡប់ទៅកាន់អ្នកស្រី យ៉ា រ៉យ៉ាន់ ដែលជាពលរដ្ឋខ្មែរឥស្លាមរស់នៅលើផ្ទះបណ្តែតទឹកវិញ និយាយថា បើគ្មានទីជម្រកដើម្បីរស់នៅបន្តនោះទេ អ្នកស្រីនឹងសម្រេចចិត្តត្រលប់ទៅកាន់ខេត្តព្រៃវែងដែលជាស្រុកកំណើតរបស់យាយអ្នកស្រីវិញ ដោយសុំដីគេស្នាក់នៅបណ្តោះអាសន្ន ហើយចាប់ផ្តើមរបររើសអេតចាយដើម្បីចិញ្ចឹមជីវិត។
អ្នកស្រីនិយាយថា៖ «រើសអេតចាយទៅ គេជួលធ្វើអីក៏ធ្វើទៅ ឱ្យតែបានអង្ករឱ្យកូនហូប។ លាងចានអីក៏បាន គេហៅបោកខោអាវ គេហៅធ្វើអីក៏ធ្វើទៅ ធ្វើទាំងអស់ឱ្យតែគេជួល ឱ្យតែមានលុយឱ្យកូនខ្ញុំចាយ កុំឱ្យកូនខ្ញុំអត់ សុំតែប៉ុណ្ណឹង»៕
ប្រភព៖ VOD អត្ថបទដោយ៖ ទួក ពិសិដ្ឋ និងទុយ អេងលី