រិន សារ័ត្ន ​ចង់វាយដាក់ទ្រុងជាមួយសិស្សលោក ស៊ន អេលីត ដាក់តម្លៃខ្លួន ១០លាន

397

កីឡាករ រិន សារ័ត្ន សុំប្រកួតលក្ខណៈប្រដាល់ក្នុងទ្រុង (MMA) ជាមួយកូនសិស្សគុនលោក ស៊ន អេលីត ដាក់តម្លៃខ្លួន ក្រោយពេលដែលលោក ស៊ន អេលីត បញ្ចេញមតិរិះគន់ និងមើលស្រាលសមត្ថភាពខ្លួនបន្ទាប់ពីបានចុះកុងត្រាត្រៀមទៅប្រកួតនៅប្រទេសឥណ្ឌា។​ នេះបើយោងតាមការបង្ហោះសារលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ រិន សារ័ត្ន។

នៅក្នុងសំណេររបស់អ្នកលេងគុនខ្មែរ និងគុនចម្រុះ រិន សារ័ត្ន ដែលបានឆ្លើយតបទៅលោក ស៊ន អេលីត បានសរសេរថា លោក ស៊ន អេលីត ហាក់មិនពេញចិត្តនឹងខ្លួនដែលមានឈ្មោះទៅប្រកួតនៅក្រៅប្រទេស ព្រមទាំងពោលពាក្យមើលងាយសមត្ថភាពគេថែមទៀត ដូច្នេះរូបគេចង់ប្រកួតជាមួយកូនសិស្សក្លឹបនាយកដ្ឋានអង្គរក្សដោយដាក់តម្លៃខ្លួន ១០លានរៀលប្រកួតលក្ខណៈប្រដាល់ក្នុងទ្រង់ (MMA) ដោយរូបគេស្វាគមន៍កីឡាករទាំងអស់របស់លោក ស៊ន អេលីត មួយរូបណាក៏បាន។

សិស្សគុនក្លឹប Cambodian Top Team រូបនេះបានសរសេរថា៖«ក្រោយលោកគ្រូ ស៊ន អេលីត មិនពេញចិត្តនឹងខ្ញុំ ដែលមានឈ្មោះវាយទ្រុងនៅឥណ្ឌា នាពេលខាងមុខ ហើយពោលពាក្យសម្តីមើលងាយខ្ញុំ ដូច្នេះខ្ញុំសុំវាយជាមួយកូនសិស្សលោកគ្រូ ស៊ន អេលីត ម្នាក់ណាក៏បាន ដាក់ដើមផាន់ (តម្លៃខ្លួន)១០លានរៀល MMA បើសិស្សលោកគ្រូឈ្នះខ្ញុំទៅវាយនៅក្រៅជំនួសខ្ញុំចុះ»

ជាមួយគ្នានេះដែរគ្រូបង្គោលក្លឹបនាយកដ្ឋានអង្គរក្សលោក ស៊ន អេលីត បានបង្ហោះសារឆ្លើយតបតាមរយៈបណ្តាញសង្គមហ្វេសប៊ុកថា លោកមិនបដិសេដ្ឋនឹងការសុំប្រកួតសមត្ថភាពនេះទេ ប៉ុន្តែដើម្បីឲ្យស្មើភាពគ្នាលោកចង់ឱ្យកូនសិស្សរបស់លោក និង រិន​ សារ័ត្នប្រកួតជាលក្ខណៈម៉ាស់ហ្វៃមួយទឹក៩នាទី ហើយលោកចង់បន្ថែមតម្លៃខ្លួនទៅ ២០លានរៀលវិញ។

លោក ស៊ន អេលីត សរសេរថា៖ «ឥឡូវមិនបាច់១០លានទេ ២០លានក៏បានដែរ ហើយដើម្បីសុក្រឹតសងខាងមិនបាច់វាយ MMA ឬ Kun Khmer ទេវាយ Mas Fight មួយទឹក៩នាទីតែម្តងទៅ»

គួរបញ្ជាក់ថាការបង្ហោះសារឆ្លងឆ្លើយគ្នាតាមរយៈបណ្តាញសង្គមហ្វេសប៊ុករវាងគ្រូបង្ហាត់ប្រដាល់គុនខ្មែរលោក ស៊ន អេលីត និងកីឡាករគុនខ្មែរ រិន សារ័ត្ន មានវត្តមានក្រោយពេលដែលគ្រូបង្ហាត់ក្លឹបនាយកដ្ឋានអង្គរក្សលោក ស៊ន អេលីត បានចូលបញ្ចេញមតិខ្លីមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកបន្ទាប់ពីអ្នកអត្ថាធិប្បាយកីឡាម្នាក់បានចែករំលែកព័ត៌មានមួយពីការចុះកុងត្រាទៅប្រកួតនៅប្រទេសឥណ្ឌារបស់កីឡាករ រិន​ សារ័ត្ន។ ដោយ លោក ស៊ន អេលីត បានសរសេរកាលពីថ្ងៃសុក្រ ទី១១ ខែមិថុនាកន្លងទៅថា «ចប់ហើយបងអើយវាយក្នុងស្រុកមិនដែលឃើញឈ្នះផងចុះទម្រាំទៅក្រៅទៀត»

កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ លោក ស៊ន អេលីត បានឡាយវីដេអូលើគណនេយ្យហ្វេសប៊ុកផេកផ្ទាល់ខ្លួនថា ការបញ្ចេញមតិរបស់លោកកាលពីថ្ងៃសុក្រកន្លងទៅ មិនមែនជាការមើលងាយសមត្ថភាពរបស់ រិន សារ័ត្ន ទេ ប៉ុន្តែលោកថានេះគ្រាន់តែជាការមើលឃើញសមត្ថភាពជាក់ស្តែងរបស់កីឡាករ រិន សារ័ត្ន ថាធ្វើមិនសូវបានល្អនៅមួយរយៈចុងក្រោយនេះ។ លោកបន្ថែមថាការបញ្ចេញមតិនោះទៀតសោត គឺលោកពុំបានដឹងថាកីឡាករគុនខ្មែររូបនេះទៅប្រកួតលក្ខណៈប្រដាល់ក្នុងទ្រុងនៅប្រទេសឥណ្ឌានោះទេ ដោយលោកស្មានថារូបគេទៅប្រគួតវិញ្ញាសារគុនខ្មែរ។

លោកបញ្ជាក់ថាកូនសិស្សរបស់លោកមិនធ្លាប់ហ្វឹកហាត់ការវាយក្នុងទ្រុងកន្លងមក ខណៈដែលកីឡាករ រិន សារ័ត្ន ធ្លាប់ឆ្លងកាត់ និងមានបទពិសោធន៍ច្រើនលើវិញ្ញាសារនេះ ជាពិសេសនៅកម្ពុជាពុំមានការប្រកួតដាក់ទ្រុងនៅឡើយ។ ដូច្នេះលោកចង់ជំនួសដោយការប្រកួតលក្ខណៈម៉ាស់ហ្វៃមួយទឹក៩នាទី ដោយឱ្យកូនសិស្សលោក កីឡាករ អេលីត ភក្តី ស្វាគមន៍ បើសិនជា រិន សារ័ត្ន យល់ព្រម៕

អត្ថបទដោយ៖ ប៉ា តុងចិន & រូបភាពដោយ៖ ហ្វេសបុ៊ក