អ្នកជំងឺកូវិដ-១៩ជិត៧០០០នាក់កំពុងសម្រាកព្យាបាលនៅកម្ពុជា

អ្នកកើតជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីពេទ្យនានា នៅកម្ពុជាមានចំនួន ៦៧០៤នាក់ ខណៈដែលមន្រ្តីសុខាភិបានបានរកឃើញករណីឆ្លងថ្មីជាង៦០០នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយថ្មីជាង ៨00នាក់។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដែលចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នេះបានឱ្យដឹងថា មានអ្នកជំងឺចំនួន ៦៥៥នាក់ដែលត្រូវបានរកឃើញមានផ្ទុកវីរុសផ្លូវដង្ហើមប្រភេទថ្មី ដែលធ្វើឱ្យអ្នកឆ្លងសរុបមានកើនដល់ ៣៧៣២១នាក់ ក្នុងនោះមានអ្នកជាសះស្បើយសរុបចំនួ ៣០៦១៧នាក់  ចំណែកអ្នកស្លាប់សរុបចំនួន៣១១នាក់ បន្ទាប់ពីមានអ្នកជំងឺ ១១នាក់ថ្មីទៀតបានស្លាប់។

មន្រ្តីជំនាញរៀបបូជា សពដែលកើតជំងឺកូវីដ-១៩ក្បែរជើងភ្នំមួយកន្លែងក្នុងស្រុកកំពង់ត្រាច ខេត្តកំពត នៅថ្ងៃទី៨ ខែ មិថុនា ឆ្នាំ២០២១(រូបភាព : ហ្វេសបុករដ្ឋបាលខេត្តកំពត)

នៅកម្ពុជាការឆ្លងយ៉ាងរហ័សនៃវីរុសរលាកផ្លូវដង្ហើមថ្មីនេះចាប់តាំងពីមានព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍នៅថ្ងៃទី ២០ ខែកុម្ភះ ដែលមានអ្នកជំងឺរាប់រយនាក់ក្នុងមួយថ្ងៃ។ ព្រឹត្តិការណ៍ឆ្លងក្នុងសហកមន៍លើកទី៣នេះ ធ្វើឱ្យអាជ្ញាធរចេញវិធានការបិទខ្ទប់តំបន់ដែលមានការឆ្លងខ្លាំងជាបន្តបន្ទាប់។

អត្ថបទដោយ៖ វណ្ណ ប្រសិទ្ធ