ជំនួយរបស់អូស្រ្តាលីក្នុងការផ្គត់ផ្គង់អគ្គិសនីនេះ ជាផ្នែកមួយនៃការចូលរួមរបស់អូស្រ្តាលីនៅក្នុងអនុតំបន់មេគង្គ ហើយស្ថានទូតអូស្ត្រាលីបានចូលរួមជាមួយក្រសួងរ៉ែ និងថាមពលនៅថ្ងៃនេះ ដាក់ឱ្យដំណើរការនូវគម្រោងមួយនេះ ដើម្បីផ្តល់អគ្គិសនីដល់ភូមិនានានៅក្នុងប្រទេសកម្ពុជាដែលមិនទាន់ត្រូវបានភ្ជាប់ទៅនឹងបណ្តាញអគ្គិសនី។
គម្រោងថ្មីនឹងផ្តល់ជំនួយរហូតដល់ ២លានដុល្លារអូស្ត្រាលីក្នុងរយៈពេល ២ឆ្នាំខាងមុខ ដើម្បីជំរុញឱ្យមានការវិនិយោគពីឯកជនក្នុងវិស័យថាមពលកកើតឡើងវិញ នៅតំបន់ដែលមិនមានបណ្តាញអគ្គិសនី។
គម្រោងភាពជាដៃគូមេគង្គ – អូស្រ្តាលី (MAP) ថ្មី របស់អូស្រ្តាលី ដែលមានទឹកប្រាក់ ២៣២លានដុល្លារអូស្ត្រាលី នឹងផ្តល់ថវិកាដល់គម្រោងនេះ។ នាយករដ្ឋមន្រ្តីអូស្រ្តាលី ស្កុត ម៉ូរីសុន បានប្រកាសគម្រោងភាពជាដៃគូមេគង្គ – អូស្រ្តាលី (MAP) ថ្មីនេះ នៅខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីគាំទ្រដល់សមាហរណកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចនៅប្រទេសកម្ពុជា ឡាវ វៀតណាម ថៃ និងមីយ៉ាន់ម៉ា។
ឯកសារគម្រោងត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលបន្ទាប់ពីមានការពិគ្រោះយោបល់យ៉ាងម៉ត់ចត់ ជាមួយក្រុមការងារបច្ចេកទេសថាមពលកកើតឡើងវិញនៅកម្ពុជា ដែលរួមមានអ្នកតំណាងមកពីក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា។
ឯកឧត្តម មានប្រសាសន៍ថា៖ «ការផលិត និងចែកចាយថាមពលអគ្គិសនី ដែលអាចទុកចិត្តបាន និងមានតំលៃសមរម្យដល់ប្រជាជនទាំងអស់នៅក្នុងប្រទេសកម្ពុជា គឺជាអទិភាពសំរាប់ក្រសួងរ៉ែ និងថាមពល។ ដូច្នេះ វាទាមទារការយកចិត្តទុកដាក់ពិសេសពីរដ្ឋាភិបាលកម្ពុជាដើម្បីបង្ខិតគម្លាត និងស្វែងរកមធ្យោបាយច្នៃប្រឌិតដើម្បីពន្លឿន ការទទួលបានអគ្គិសនីប្រើប្រាស់នៅតំបន់ដែលមិនទាន់ទទួលបានអគ្គិសនីប្រើប្រាស់។ ខ្ញុំកោតសរសើរចំពោះការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលីក្នុងការផ្គត់ផ្គង់អគ្គិសនីដល់តំបន់ទាំងនេះ ជាមួយនឹងថាមពលកកើតឡើងវិញ ចេញពីបណ្តាញអគ្គិសនីខ្នាតតូច ក្រៅបណ្តាញបញ្ជូនមេ»។
លោក Luke Arnold អគ្គរាជទូតស្តីទី អូស្ត្រាលី មានប្រសាសន៍ថា៖ «គម្រោងមួយនេះនឹង ជួយដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់អគ្គិសនីប្រើប្រាស់ប្រកបដោយគុណភាព សុវត្ថិភាព និងតំលៃសមរម្យ ដល់ប្រជាជនកម្ពុជាទាំងអស់។ តាមរយៈការផ្តល់ថាមពលកកើតឡើងវិញទៅកាន់ពលរដ្ឋសម្រាប់ប្រើប្រាស់ គម្រោងនេះក៏នឹងរួមចំណែកដល់ការប្តេជ្ញាចិត្តក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុរបស់ប្រទេសកម្ពុជាផងដែរ»។
លោក Luke Arnold មានប្រសាសន៍បន្ថែមថា៖ «ប្រជាជនដែលខ្វះអគ្គិសនីប្រើប្រាស់ នឹងបាត់បង់ផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ចយ៉ាងលឿនរហ័សរបស់ប្រទេសកម្ពុជា។ ការភ្ជាប់សហគមន៍ទៅនឹងថាមពលអគ្គិសនី ដែលមានតំលៃសមរម្យ អាចទុកចិត្តបាន ប្រកបដោយនិរន្តរភាព នឹងផ្លាស់ប្តូរជីវិតរបស់ពួកគេ ហើយអនុញ្ញាតឱ្យប្រជាជនចាប់ផ្តើមអាជីវកម្មខ្នាតតូច ទទួលបានការអប់រំប្រកបដោយគុណភាព និងឈានដល់ការសម្រេចបានសក្តានុពលពេញលេញ»។
លោក Luke Arnold ក៏បានពន្យល់ផងដែរថា៖ «គម្រូកិច្ចសហប្រតិបត្តិការ ស្ថានប័នសាធារណៈ និងឯកជនរបស់គម្រោង នឹងធ្វើឱ្យមានការវិនិយោគបន្ថែមដ៏សំខាន់ពីវិស័យឯកជន ជំរុញទាំងបច្ចេកវិទ្យា និងនវានុវត្តន៍ គម្រូអាជីវកម្ម ហើយ ផ្តល់ប្លង់មេសម្រាប់ការផ្គត់ផ្គង់អគ្គិសនីនៅក្រៅបណ្តាញបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ដោយប្រើបច្ចេកវិទ្យាថាមពលកកើតឡើងវិញ»។
គម្រោងនេះ គឺជាផ្នែកមួយនៃកម្មវិធីវិនិយោគធំមួយរបស់អូស្រ្តាលីដើម្បីគាំទ្រដល់ការផ្លាស់ប្តូរថាមពលរបស់ប្រទេសកម្ពុជា ធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់អគ្គិសនីនៅកម្ពុជា ពង្រឹងស្ថេរភាពអគ្គិសនី និងកាត់បន្ថយការចំណាយ។ អូស្រ្តាលីក៏កំពុងគាំទ្រដល់ប្រទេសកម្ពុជាដើម្បីបង្កើតយុទ្ធសាស្ត្រថាមពលកកើតឡើងវិញ និងការវាយតំលៃថាមពលកកើតឡើងវិញ និងពង្រឹងការតភ្ជាប់រវាងស្ថាប័នថាមពលអូស្ត្រាលី និងកម្ពុជា។
កម្មវិធីហេដ្ឋារចនាសម្ព័ន្ធឈានមុខគេរបស់អូស្រ្តាលីនៅកម្ពុជា វិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) នឹងសហការ ធ្វើការងារលើគម្រោងនេះ។ រហូតមកដល់បច្ចុប្បន្ននេះ 3i បានជំរុញការវិនិយោគ ដែលបានតភ្ជាប់អគ្គិសនីទៅកាន់ប្រជាពលរដ្ឋ កម្ពុជាជាង ៣១,០០០គ្រួសារទៅនឹងបណ្តាញអគ្គិសនី៕
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ [email protected]
ប្រភព៖ ស្ថានទូតអូស្ត្រាលី