ក្នុងពេលដែលជំងឺកូវីដ-១៩កំពុងរីករាលដាលនៅទូទាំងសកលលោក រួមទាំងកម្ពុជាផងនោះ វិបត្តិនៃជំងឺដ៏កាចសាហាវមួយនេះក៏បានធ្វើឱ្យប៉ះទង្គិចផ្លូវចិត្តមនុស្សយ៉ាងធ្ងន់ធ្ងរ ជាពិសេសក្នុងអំឡុងពេលដែលអាជ្ញាធរប្រើប្រាស់វិធានការបិទខ្ទប់ (Lockdown) ដើម្បីរឹតបន្តឹងការធ្វើដំណើរនិងការជួបជុំគ្នា។
កំពុងរៀបចំភេសជ្ជៈដាក់លក់នៅក្នុងផ្ទះមួយកន្លែង ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អ្នកស្រី ជូ ពេជ្យលី រៀបរាប់ថា ក្នុងពេលដែលអាជ្ញាធរចេញវិធានការហាមឃាត់មិនឱ្យមានការចេញពីផ្ទះ អ្នកស្រីចាប់ផ្តើមមានអារម្មណ៍តានតឹង ដោយសារតែប្រឈមបញ្ហាជីវភាព និងព្រោះតែមិនអាចជួបជុំមនុស្សបានដូចមុនផង។
ស្ត្រីវ័យ៦៥ឆ្នាំរូបនេះ ឱ្យដឹងទៀតថា ក្នុងអំឡុងពេលដែលផ្ទុះជំងឺកូវីដ-១៩នេះ អ្នកស្រីបានជ្រើសរើសយកវិធីសាស្ត្រជជែកលេងតាមរយៈទូរសព្ទជាមួយកូនៗរបស់អ្នកស្រីដែលនៅឯខេត្តកំពង់ឆ្នាំង ដើម្បីសាកសួរសុខទុក្ខទៅវិញទៅមកនិងបំបាត់ការអផ្សុក។
នកស្រីបញ្ជាក់យ៉ាងដូច្នេះថា៖ «អូយស្រ្តេស [ភាពតានតឹងក្នុងអារម្មណ៍] ណាស់! នៅក្នុងផ្ទះយូរៗទៅ ដល់ពេលបាយលែងចង់ឆ្ងាញ់ហើយ។ ឮថាមិនឱ្យចេញៗ បើសិននៅតែក្នុងផ្ទះ បើអត់មានដីនៅខាងក្រោយ ប្រហែលជាពិបាកដែរ ឈឺហ្អាស! ដល់យើងបានដី ទៅជិះកង់លេងអ៊ីចឹងទៅ មានក្មេងៗអីលេងនៅក្រោយដីវាលដីហ្នឹង៣ហាត់[ហិកតា] ល្ងាចឡើងរាងគ្រាន់ [បាត់តាងតឹងក្នុងអារម្មណ៍]»។
ទោះយ៉ាងនេះក្តី អ្នកស្រីនៅតែបង្ហាញក្តីព្រួយបារម្ភដោយសារតែមិនដឹងថា តើជំងឺកូវីដ-១៩នេះនឹងបញ្ចប់ទៅនៅពេលណា?
អ្នកស្រីនិយាយថា៖ «ហ្នឹង! មិនដឹងម៉េចទៀតផង បើសិនជាកើតឡើងទៀតអី មិនដឹងយ៉ាងម៉េចទេ»។
ពលរដ្ឋម្នាក់ទៀតជាអាជីវករលក់សាច់មាន់នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កញ្ញា ហូ ស្រីនូ បានឱ្យដឹងថា ក្នុងតំបន់ដែលកញ្ញាស្នាក់នៅ ត្រូវបានអាជ្ញាធរកំណត់ដាក់ជាតំបន់លឿងទុំ ដែលស្ថិតក្នុងការឆ្លងកម្រិតមធ្យម ខណៈមានការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ប្រមាណ២ទៅ៣នាក់ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
កញ្ញាចាប់ផ្តើមមានអារម្មណ៍ធុញថប់ ដោយសារមិនអាចចេញពីផ្ទះបាន ហើយថា ទោះបីជាអាជ្ញាធរបានបិទបញ្ចប់វិធានការបិទខ្ទប់ក្តី ក៏កញ្ញានៅតែមានអារម្មណ៍ភ័យខ្លាចឆ្លងជំងឺនេះដដែល។
កញ្ញា ស្រីនូ និយាយថា៖ «ពេលហ្នឹងអផ្សុកណាស់បងអើយ! ព្រោះអីនៅក្នុងបន្ទប់អ៊ីចឹង អត់មានអ៊ីនធឺណិត ហើយរាងធុញថប់ណាស់ […] បើសិនជាអ្នកនៅភ្នំពេញអ៊ីចឹង ពេលកូវីដ បើគេឱ្យនៅផ្ទះឃុំខ្លួនអ៊ីចឹង វាអត់ដូចនៅស្រុកស្រែ។ នៅស្រុកស្រែ ដូចថាអារម្មណ៍គេរាងស្រស់ស្រាយ បើយើងនៅក្នុងបន្ទប់ ដឹងតែធុញថប់»។
វិធានការបិទខ្ទប់ដោយហាមមិនឱ្យពលរដ្ឋអាចចេញពីផ្ទះ និងការរឹតត្បិតមិនឱ្យជួបជុំមនុស្សច្រើននៅតាមទីសាធារណៈ មិនត្រឹមតែបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចសង្គមនិងជីវភាពរបស់ពលរដ្ឋប៉ុណ្ណោះទេ ដោយឡែក វិស័យអប់រំវិញ ក៏រងផលប៉ះពាល់ផងដែរ ដោយសារតែគ្រឹះស្ថានសិក្សាទាំងរដ្ឋនិងឯកជនត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយតម្រូវឱ្យសិស្សនិងនិស្សិតត្រូវនៅផ្ទះ ហើយសិក្សាពីចម្ងាយតាមរយៈប្រព័ន្ធអនឡាញវិញ។ របត់នៃការសិក្សាថ្មីនេះក៏បានជះឥទ្ធិពលទៅដល់ស្ថានភាពផ្លូវចិត្តរបស់អ្នករៀនសូត្រ ដោយសារតែមានការបារម្ភពីលទ្ធផលនៃការសិក្សាមានការធ្លាក់ចុះ។
ជានិសិ្សតពេទ្យ រៀននៅសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ លោក អេង ភិរុន ដែលកំពុងអង្គុយលំហែនៅសួនក្តាន់ពីរ ក្បែរទីស្តីការគណៈរដ្ឋមន្រ្តី បានបង្ហាញការព្រួយបារម្ភចំពោះការសិក្សារបស់ខ្លួនថា នឹងមិនទទួលបានផលល្អដូចមុន ក្រោយពីសាកលវិទ្យាល័យនេះ តម្រូវឱ្យនិសិត្សសិក្សាតាមប្រព័ន្ធអនឡាញ។ លោកថា ការសិក្សាតាមរយៈប្រព័ន្ធអនឡាញបានបង្កឱ្យមានបញ្ហាលំបាកមួយចំនួន ដូចជា ការទំនាក់ទំនងជាមួយគ្រូ ការពិភាក្សាក្នុងក្រុម និងការផ្តោតអារម្មណ៍ចំពោះការសិក្ សាជាដើម។
ដោយពាក់ម៉ាសជាប់នឹងមុខ លោក អេង ភិរុន និយាយថា៖ «បញ្ហាចម្បងរាល់ថ្ងៃនេះ ទី១ គឺលុយកាក់ ហើយទី២ ការរៀនសូត្រ។ ក្រៅពីហ្នឹង ខ្ញុំអត់សូវគិតទេ ដោយសារអាចដោះស្រាយបាន តែអា២ហ្នឹង វាពិបាកដោះស្រាយបន្តិច។ ព្រោះកូវីដអ៊ីចឹង យើងអត់អាចចេញក្រៅបាន ហើយការរៀនសូត្រ គឺយើងត្រូវរៀននៅផ្ទះ រៀនតាមអនឡាញទៀត។ យើងដឹងហើយ រៀនតាមអនឡាញអត់ដូចរៀនក្នុងថ្នាក់ទេ សូម្បីតែសួរ សូម្បីតែឆ្ងល់អី ក៏ពិបាកសួរគ្រូ ពេលខ្លះមកពីអ៊ីនធឺណិតម្តងដើរម្តងអត់ដើរ អាហ្នឹងជាបញ្ហា»។
ចំពោះនិស្សិតរូបនេះ ការព្រួយបារម្ភពីបញ្ហាសិក្សានិងការភ័យខ្លាចឆ្លងជំងឺកូវីដ-១៩ គឺជាសម្ពាធផ្លូវចិត្តមួយសម្រាប់រូបលោក។
ប្រធានវិទ្យាស្ថានវិទ្យាសាស្រ្ត ជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា លោកវេជ្ជបណ្ឌិត នុត សម្បត្តិ មានប្រសាសន៍ថា ប្រជាជនកម្ពុជាកំពុងរងផលប៉ះពាល់ដល់សុខុមាលភាពផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ក្នុងពេលដែលមានការរាតត្បាតជំងឺរលាកផ្លូវដង្ហើមថ្មីនេះ ពិសេសគឺក្នុងពេលដែលអាជ្ញាធរចេញវិធានការបិទខ្ទប់។
លោកបន្តថា នេះជាស្ថានភាពថ្មីមួយដែលប្រជាជនកម្ពុជាមិនធ្លាប់បានជួបប្រទះចាប់តាំងពីមានរបបប្រល័យពូជសាសន៍ប៉ុលពតមក ដែលធ្វើឱ្យផ្លូវចិត្តរបស់ប្រជាពលរដ្ឋមួយចំនួនដែលធ្លាប់ឆ្លងកាត់របបនេះកាន់តែរងសម្ពាធផ្លូវចិត្តខ្លាំង។
លោកបញ្ជាក់ថា៖ «ការរស់នៅរាល់ថ្ងៃជាមួយកូវីដ-១៩នេះ ធ្វើឱ្យប្រជាជនយើងមានសភាពស្រ្តេសខ្លាំងណាស់ ថប់អារម្មណ៍ខ្លាំងណាស់ ដោយសារគាត់មិនអាចធ្វើអ្វីដូចពីមុន ព្រោះត្រូវការគម្លាតសុវត្ថិភាព ត្រូវការពាក់ម៉ាស។ ពេលដែលឆ្លងក្នុងសហគមន៍២០កុម្ភៈនេះទៀត មានការបិទរាជធានីភ្នំពេញ ខេត្តកណ្តាល និងបិទខេត្តមួយចំនួនទៀត។
លោកបន្ថែមថា៖ «សភាពការដែលកើតឡើងនេះ ធ្វើឱ្យប្រជាជនរស់នៅមានសម្ពាធផ្លូវចិត្តខ្លាំង មិនអាចធ្វើអ្វីដូចចិត្តពីមុនបានផង មិនអាចប្រកបរបរអាជីវកម្មដូចពីមុនដែលមិនទាន់ឆ្លងកូវីដបានផង។ អ្នកខ្លះទៀតដែលគាត់ធ្លាប់ឆ្លងកាត់របបខ្មែរក្រហម កាន់តែធ្វើឱ្យសម្ពាធផ្លូវចិត្តនេះដែលពីមុនគាត់ធ្លាប់ជួប គាត់មានសម្ពាធកាន់តែធ្ងន់ ធ្វើឱ្យគាត់មានអារម្មណ៍ថា មានការកៀបសង្កត់ មានការលំបាកផ្លូវចិត្ត ពាក់ព័ន្ធផ្លូវអារម្មណ៍ច្រើនក្នុងរយៈពេលកន្លងមកនេះ»។
បើតាមលោក កុសល ឌីណា អ្នកពិគ្រោះយោបល់ផ្នែកសុខភាពផ្លូវចិត្តនៅអង្គការចិត្តសង្គមអន្តរវប្បធម៌ ហៅកាត់ថា ធីភីអូ (TPO) មានប្រសាសន៍ថា ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩នេះ បានជះឥទ្ធិពលច្រើនដល់សុខភាពផ្លូវចិត្តរបស់មនុស្សគ្រប់វ័យ មិនថាស្ថិតនៅវ័យកុមារ វ័យជំទង់ ឬវ័យចំណាស់នោះទេ។
បើតាមអ្នកជំនាញផ្នែកផ្លូវចិត្តរូបនេះ នៅក្នុងអំឡុងពេលនេះ មានប្រជាពលរដ្ឋដែលមកទទួលសេវាពិគ្រោះយោបល់ច្រើន ហើយភាគច្រើនពួកគេបានបង្ហាញអារម្មណ៍ភ័យព្រួយ និងបម្រែបម្រួលនៃដំណេកជាដើម ដែលលោកថា គឺជារោគសញ្ញានៃបញ្ហាផ្លូវចិត្ត។
លោកបន្តថា ចំនួនអ្នកមកទទួលការពិគ្រោះយោបល់ពីបញ្ហាផ្លូវចិត្តក្នុងអំឡុងពេលកើតមានជំងឺកូវីដ-១៩ មានការកើនឡើង ដោយថា ជាមធ្យមលោកបានទទួលអ្នកមកពិគ្រោះយោបល់ពីបញ្ហាផ្លូវចិត្ត ចំនួន៣ទៅ៤នាក់ក្នុងមួយថ្ងៃ បើធៀបទៅនឹងមុនពេលដែលមិនទាន់មានជំងឺកូវីដ-១៩ មានមនុស្សប្រមាណតែ២នាក់ប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖ «ទី១ ការព្រួយបារម្ភភ័យខ្លាចការឆ្លង តើគាត់ឆ្លងអត់! នៅពេលដែលគាត់គិតតែពីការឆ្លង គាត់កាន់តែភ័យ កាន់តែខ្លាច អ៊ីចឹងទៅធ្វើឱ្យគាត់គិតច្រើនរហូតដល់គាត់ដេកអត់លក់ អ៊ីចឹងបញ្ហាសុខភាពរាងកាយហ្នឹង គាត់ត្អូញត្អែរដែរ។ បន្ទាប់មក កត្តាសេដ្ឋកិច្ចក៏មានការត្អូញត្អែរដែរ ហើយករណីមួយចំនួនទៀត គាត់ចាប់ផ្តើមមានគំនិតចង់សម្លាប់ខ្លួននៅពេលដែលគាត់និយាយអំពីបញ្ហាសេដ្ឋកិច្ច ដោយសារបំណុលធនាគារកើតឡើង ប៉ុន្តែវាមិនមែនជាភាគរយច្រើនដែលយើងសម្គាល់ថា បញ្ហាសេដ្ឋកិច្ចដែលជំរុញឱ្យគាត់មានការគិតខ្លីនោះទេ»។
បើតាមអ្នកពិគ្រោះយោបល់ផ្នែកសុខភាពផ្លូវចិត្តរូបនេះ យុវជនគឺមានភាគរយខ្ពស់ជាងវ័យដទៃទៀតដែលបានមករកសេវាពិគ្រោះយោបល់ផ្នែកផ្លូវចិត្ត ដោយពួកគេបារម្ភពីការសិក្សា ការទំនាក់ទំនងក្នុងសង្គម និងការរៀបចំផែនការទៅថ្ងៃអនាគត ជាដើម។
យ៉ាងណាក្តី លោកថា បន្ទាប់ពីពលរដ្ឋមួយចំនួនបានទទួលការពិគ្រោះយោបល់ជាមួយអ្នកជំនាញរួចមក ពួកគាត់ទទួលបានសុខភាពផ្លូវចិត្តល្អប្រសើរឡើងវិញ។ ប៉ុន្តែអ្នកជំនាញក៏បានជំរុញឱ្យប្រជាពលរដ្ឋអនុវត្តវិធីសាស្រ្តមួយចំនួន ដើម្បីដោះស្រាយភាពតានតឹងក្នុងចិត្ត ដោយត្រូវកាត់បន្ថយការតាមដានព័ត៌មានក្លែងក្លាយ ការរក្សាទំនាក់ទំនងជាមួយក្រុមគ្រួសារ និងការធ្វើលំហាត់ប្រាណ ជាដើម ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សុខភាពផ្លូវចិត្ត ក្នុងអំឡុងពេលដែលជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីនេះកំពុងតែរីករាលដាលជាសកលនៅឡើយ។
លោកបានផ្តល់ជាយោបល់ថា៖ «អ្វីដែលយើងគួរធ្វើនៅពេលហ្នឹងគឺ ទី១ ទទួលស្គាល់នូវបញ្ហាដែលកំពុងកើតមានឡើង ហើយព្យាយាមរក្សាគម្លាត យើងនៅឱ្យឆ្ងាយ ហើយយើងរកពេលវេលាសម្រាកឱ្យគ្រប់គ្រាន់ កុំផ្តោតទៅលើបញ្ហាឬព័ត៌មានដែលក្លែងក្លាយច្រើន ពីព្រោះបញ្ហាមួយចំនួនដែលកើតឡើងហ្នឹង គឺបណ្តាលមកពីបញ្ហាព័ត៌មានក្លែងក្លាយជាច្រើនដែរ ដែលធ្វើឱ្យបញ្ហាផ្លូវចិត្តគាត់ហ្នឹងក៏ឆាប់ភ័យ ឆាប់ខ្លាច។ យើងអាចធ្វើលំហាត់ប្រាណឬក៏ជជែកលេងនៅក្នុងរង្វង់គ្រួសារយើងតាមរយៈបណ្តាញសង្គមឬដោយផ្ទាល់ទៅតាមវិធានការអ៊ីចឹងទៅ ក៏ជាផ្នែកមួយជួយឱ្យសុខុមាលភាពផ្លូវចិត្តយើងវាបានល្អប្រសើរដែរ»។
នៅកម្ពុជាការឆ្លងយ៉ាងរហ័សនៃជំងឺរលាកផ្លូវដង្ហើមថ្មីនេះ គឺចាប់ពីមានការឆ្លងចូលក្នុងសហគមន៍ជាលើកទី៣ នៅថ្ងៃទី២០ ខែកុម្ភៈ។ ព្រឹត្តិការណ៍ឆ្លងចូលក្នុងសហគមន៍លើកទី៣នេះ ធ្វើឱ្យមានអ្នកជំងឺឆ្លងរាប់រយនាក់ក្នុងមួយថ្ងៃៗ។ ហេតុការណ៍នេះបានបង្កឱ្យពលរដ្ឋមួយចំនួនមានការភ័យខ្លាច ព្រួយបារម្ភ តក់ស្លុត មានភាពតានតឹងក្នុងអារម្មណ៍ ជាហេតុនាំឱ្យសុខភាពផ្លូវចិត្តរបស់ពលរដ្ឋមួយចំនួនងាយរងផលប៉ះពាល់ ដោយសារតែភាពមិនប្រាកដប្រជានៃជំងឺនេះ៕
អត្ថបទ៖ ទួក ពិសិដ្ឋ (VOD)