ភ្នំពេញ៖ នៅថ្ងៃទី1 ខែមិថុនា ឆ្នាំ2021 នេះបច្ចេកវិទ្យាសុខាភិបាលកម្ពុជា «ពេទ្យយើង» របស់ក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា និងក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាលប្រទេសសិង្ហបុរី Ssivix Lab បានចាប់ដៃគូសហការ ក្នុងការផ្តល់សេវាព្យាបាល ទទួលផ្តល់សេវាពិគ្រោះយោបល់តាមប្រព័ន្ធឌីជីថលដែលមានភ្ជាប់នៅលើទូរស័ព្ទដៃ បច្ចេកវិទ្យាថ្មីមួយនេះធានាបាននូវសុវត្ថិភាពបំផុតជូនដល់ពលរដ្ឋកម្ពុជា ក្នុងគ្រាដែលប្រជាជនកំពុងតែជួបនូវវិបត្តិសុខភាពជាសាកល ហើយកម្មវិធីឆ្លាតវ៉ៃមួយនេះមានទិសដៅពង្រីកខ្លួនទៅកាន់បណ្តាប្រទេសនានានៅក្នុងអនុតំបន់ទន្លេមេគង្គ និងតំបន់អាស៊ី ចុងឆ្នាំ2021 ខាងមុខនេះ។
e-Health MyCLNQ ជាប្រព័ន្ធច្រកចេញចូលតែមួយ នៃសេវាកម្មបច្ចេកវិទ្យាសុខាភិបាលថែទាំសុខភាពលើទូរស័ព្ទដៃ ទំនើបដំបូងគេមួយ និងជាកន្លែងផ្តល់សេវាពិគ្រោះ ទទួលសេវាព្យាបាលធំជាងគេ ដែលអាចផ្តល់ដំណោះស្រាយបញ្ហាសុខភាពជូនដល់ពលរដ្ឋកម្ពុជាបានយ៉ាងងាយស្រួល។ ជាសមិទ្ធិផលសេវាកម្មបច្ចេកវិទ្យាសុខាភិបាលមួយនេះបានបង្កើតឡើងដោយកម្មវិធីបច្ចេកវិទ្យា «ពេទ្យយើង» នៃក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា និងក្រុមហ៊ុន Ssivix Lab ក្នុងគោលបំណងចូលរួមបម្រើដល់អ្នកជំងឺដើម្បីទទួលបានសេវាថែទាំសុខភាពឆ្លាតវៃ រហ័ស ចំណេញពេលវេលា និងថវិកា ហើយផ្ដល់ដំណោះស្រាយទាន់ពេលដល់មន្ទីរពេទ្យដៃគូ និងអ្នកផ្ដល់សេវាសុខភាព អ្នកផ្តល់សេវាពិគ្រោះ និងព្យាបាលដល់អ្នកជំងឺបានពីគ្រប់ទីកន្លែង គ្រប់ពេលវេលាយ៉ាងរហ័ស ងាយស្រួល និងមានសុវត្ថិភាពបំផុត។
លោកស្រី ប៉ុង លីមសាន សហស្ថាបនិក និងប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា បានលើកឡើងថា៖ «ក្នុងនាមយើងជាក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាលថ្មី ដែលទទួលបានការគាំទ្រពីវេជ្ជបណ្ឌិតរាប់ពាន់នាក់ និងបានកំពុងតែជួយឱ្យពលពលរដ្ឋកម្ពុជា អ្នកជំងឺបរទេសប្រមាណជិត 2លាននាក់មានកំណត់ត្រាវេជ្ជសាស្ត្រ ទទួលបានសេវា ព្យាបាលតាមអនឡាញ។ ជាមួយនឹងក្តីសុបិន្ត ក្នុងការចូលរួមចំណែកកសាងប្រព័ន្ធសុខាភិបាល និងសេវាព្យាបាល បែបឌីជីថលក្នុងតំបន់មួយ យើងពិតជាមានមោទនៈភាពខ្លាំងណាស់ ដែលយើងបានចាប់ដៃគូជាមួយក្រុមហ៊ុន បច្ចេកវិទ្យាសុខាភិបាលថ្មីដែលមានសក្តានុពលមកពីប្រទេសសិង្ហបុរី Ssivix Lab ដែលជាក្រុមហ៊ុនកំពុងតែផ្តល់សេវាព្យាបាល និងថែទាំសុខភាពជាមួយសេវាពិសេសៗ ជាច្រើនទៀត ដើម្បីយកសេវាទាំងនោះមកដាក់បញ្ចូលគ្នាផ្តល់ឱ្យគ្លីនិក និងមន្ទីរពេទ្យ ដៃគូរបស់យើងនៅតែអាចបន្តផ្ដល់សេវាពិគ្រោះ និងព្យាបាលដល់អ្នកជំងឺជាប្រក្រតី ដោយពុំមានការរំខានពីមេរោគ សាកលវីរុសកូវីដ19។ អ្នកជំងឺនៅតែអាចស្វែងរកសេវាព្យាបាល ដោយអស់ក្តីបារម្ភតាមរយៈកម្មវិធីសុខភាពឆ្លាតវៃ e-Health MyCLNQ លើទូរស័ព្ទដៃ ដែលជាកម្មវិធីគួរឱ្យយទុកចិត្ត និងមានសុវត្ថិភាពបំផុតមួយ»។
លោកស្រីបានបន្ថែមទៀតថា៖ «អ្នកជំងឺអាចស្វែងរកសេវាពិគ្រោះ និងព្យាបាលឆ្លងប្រទេសបានផងដែរ ជាពិសេសសេវាពិគ្រោះជាមួយមន្ទីរពេទ្យ និងវេជ្ជបណ្ឌិតដៃគូនៅសិង្ហបុរី ឥណ្ឌា និងប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អាស៊ី។ គ្លីនិក មន្ទីរពេទ្យ និងវេជ្ជបណ្ឌិតផ្តល់សេវាព្យាបាល ដៃគូរបស់យើងនៅតែអាចផ្ដល់សេវាពិគ្រោះ និងព្យាបាល ទៅកាន់អ្នកជំងឺទូទាំងតំបន់បានផងដែរ។ តាមរយៈការប្រកួតប្រជែងតម្លៃ និងគុណភាព e-Health MyCLNQ ផ្ដោតជាចំបងទៅលើការផ្ដល់ដំណោះស្រាយសេវាពិគ្រោះ ព្យាបាល និងប្រព័ន្ធសុខាភិបាលឌីជីថលក្នុងប្រទេសនៅអាស៊ី ប៉ុន្តែយើងផ្ដើមចេញពីដំណើរពីមូលដ្ឋានរឹងមាំរបស់យើងដែលមានក្នុងប្រទេសកម្ពុជា សិង្ហបុរី ឥណ្ឌា និងតំបន់ទន្លេមេគង្គមុនគេ»។
ក្នុងការធ្វើដៃគូជំនួញរួមគ្នានេះផងដែរ សហស្ថាបនិក និងប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ssivix Lab លោក Anwar Rafique បាននិយាយថា៖ «ការចាប់ដៃគូជាមួយ ពេទ្យយើង នៃក្រុមហ៊ុន ហ្វឺស វិម៉ិនថិក អាស៊ា ជាឱកាសដ៏អស្ចារ្យមួយសំរាប់ក្រុមការងារក្រុមហ៊ុន Ssivix Lab របស់យើង ក្នុងការអនុវត្តផែនការពង្រីកចក្ខុវិស័យសុខាភិបាលរួមគ្នានៅកម្ពុជា ដែលជាផែនការពង្រីកវិសាលភាពរបស់យើងនៅក្នុងតំបន់ ហើយជាចក្ខុវិស័យសុខាភិបាលសម្រាប់តំបន់អាស៊ីរបស់ពួកយើង។ ពួកយើងជឿជាក់ថានេះជាឱកាសដ៏កម្រមួយ និងចាំបាច់បំផុតដែលបានអនុញ្ញាតិឱ្យពួកយើងបានចូលរួមចំណែក កសាងប្រព័ន្ធសុខាភិបាលឌីជីថលនៅប្រទេសកម្ពុជាឱ្យកាន់តែទំនើប និងពេញលេញថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដោយផ្ដោតទៅលើការបំពេញតម្រូវការសេវាព្យាបាលរបស់អ្នកជំងឺជាអាទិ៍ភាព»។
លោក Anwar Rafique បានថ្លែងបញ្ជាក់ថា៖ «ខ្ញុំជឿជាក់ថា e-Health MyCLINQ នឹងជួយឱ្យប្រជាជនកម្ពុជាទទួលបាននូវសេវាពិគ្រោះ និងសេវាព្យាបាលកាន់តែឆ្លាតវៃជាងមុន ងាយស្រួលជាងមុន និងតម្លៃសមរម្យបំផុតមួយ។ ជាមួយការប្រើប្រព័ន្ធដំណើរការដោយមានជំនួយពីបញ្ញាសិប្បនិម្មិត AI លើបច្ចេកវិទ្យាសុខាភិបាលរបស់យើង យើងអាចជួយឱ្យអ្នកជំងឺអាចស្វែងរកសេវាព្យាបាលពីវេជ្ជបណ្ឌិតមកពីគ្រប់ទីកន្លែង និងអាចជ្រើសរើសយកសេវាព្យាបាលពីវេជ្ជបណ្ឌិត នៅតាមគ្លីនិក និងមន្ទីរពេទ្យនៅតំបន់របស់គាត់កំពុងតែរស់នៅ ឬនៅតំបន់នានា នៅក្នុងស្រុក និងនៅក្រៅប្រទេស ដែលពួកគាត់មានលទ្ធភាពចំណាយថ្លៃសេវាបាន។ e-Health MyCLINQ មិនត្រឹមតែជាប្រព័ន្ធភ្ជាប់ទំនាក់ទំនងផ្តល់សេវាព្យាបាលប៉ុណ្ណោះទេ វាជាប្រព័ន្ធនៃបណ្ដុំផ្ដល់សេវាថែទាំសុខភាពគ្រួសារចម្រុះមួយ ដែលអាចជួយបំពេញនូវរាល់តំរូវការ សេវាថែទាំសុខភាពចាំបាច់នានា។ លោកក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះមានមនុស្សជាង 8ម៉ឺននាក់ អ្នកផ្ដល់ សេវាព្យាបាល និងថែទាំប្រមាណមួយពាន់នាក់ដែលបានកំពុងតែប្រើ និងទទួលអត្ថប្រយោជន៍ពីកម្មវិធី MyCLNQ នៅក្នុងប្រទេសសិង្ហបុរី និងឥណ្ឌា។
ដំណោះស្រាយរួមគ្នាដែលមានឈ្មោះថា e-Health MyCLNQ វាគឺជាសេវាកម្មប្រព័ន្ធដែលអាចផ្តល់ដំណោះស្រាយរួមគ្រប់ទិដ្ឋភាព ថែទាំសុខភាពដំបូងគេ និងជាដំណោះស្រាយដែលនឹងចូលរួមចំណែកផ្តល់សេវាពិគ្រោះព្យាបាល និងថែទាំមនុស្សរាប់លាននាក់ ដែលមានវេជ្ជបណ្ឌិត អ្នកជំនាញផ្ដល់សេវាថែទាំសុខភាពរាប់សែននាក់មកពីសិង្ហបុរី ឥណ្ឌា និងកម្ពុជា ហើយពេលដ៏ខ្លីខាងមុខនឹងឈានចូលទៅបណ្តាប្រទេសក្នុងអនុតំបន់ទន្លេមេគង្គផងដែរ។
លោក ប៊ិន សុជាតិ សហស្ថាបនិក ក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា និងនាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា នៃកម្មវិធី e-Health MyCLNQ បានលើកឡើងថា៖ «e-Health MyCLNQ ជាជម្រើស ដ៏មានសារៈប្រយោជន៍របស់ប្រជាពលរដ្ឋ និងអ្នកជំនាញវេជ្ជសាស្ត្រទាំងឡាយក្នុងការទទួលបានសេវាព្យាបាលថែទាំសុខភាព និងផ្ដល់សេវាព្យាបាលថែទាំសុខាភាពឆ្លាតវៃជាងមុន ងាយស្រួលជាងមុន និងសន្សំសំចៃច្រើនជាងមុន ក្រៅតែពីចូលរួមចំណែកកសាងប្រព័ន្ធសុខាភិបាលឌីជីថល និងសម្រួលដល់ការផ្តល់សេវាឱ្យបានប្រសើរជាមុនដោយពុំមានការរំខានដល់សង្វាកទទួល និងផ្តល់សេវាពិគ្រោះព្យាបាលនៅកម្ពុជា នៅសហគមន៍អាស៊ាន និងនៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នានា»។
កម្មវិធី «ពេទ្យយើង» គឺជាកម្មវីធីឆ្លាតវៃមួយដែលបង្កើតឡើងដោយក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា វាគឺជាប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថលដំបូងគេនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងដើម្បីចូលរួមចំណែកកសាងប្រព័ន្ធសុខាភិបាលទំនើបឌីជីថលនៅកម្ពុជា និងសំរាប់សហគមន៍ អាស៊ានតាមរយៈការផ្តល់សុវត្ថិភាពដល់កំណត់ត្រាព្យាបាល ទិន្នន័យសុខភាពអ្នកជំងឺ និងជួយឱ្យគ្លីនិក មន្ទីពេទ្យ ដៃគូដំណើរការបានយ៉ាងរលូនដោយពុំមានការរំខាន។ «ពេទ្យយើង» អាចភ្ជាប់ជាមួយប្រព័ន្ធ App នៅលើទូរស័ព្ទដៃដោយផ្តល់ការណាត់ជួប ទទួលសេវាព្យាបាល និងផ្តល់សេវាព្យាបាលដ៏ធំ និងឈានមុខគេ ដើម្បីជួយសម្រួលឱ្យអ្នកជំងឺអាចណាត់ជួប និងអាចទទួលសេវាព្យាបាលពីចំងាយនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាងាយស្រួលបំផុត។ បច្ចុប្បន្ននេះ «ពេទ្យយើង» ទទួលបានការគាំទ្រយ៉ាងច្រើននៅកម្ពុជា ក្នុងការចូលរួមចំណែកលើវិស័យសុខាឌីជីថល ដោយត្រូវបានការគាំទ្រពីក្រសួងសុខាភិបាល នៃប្រទេសកម្ពុជាផងដែរ។ «ពេទ្យយើង» បានទទួលជ័យលាភីថ្នាក់ជាតិជាច្រើនក្នុងនាមជាអាជីវកម្មទម្រង់ថ្មីនៅក្នុងប្រទេសកម្ពុជា ក្នុងវិស័យបច្ចេកវិទ្យាសុខាភិបាល ហើយក៏បានតំណាងឱ្យកម្ពុជាចូលរួមការប្រកួតប្រជែងវេទិការអន្តរជាតិជាច្រើនកន្លងមក ដែលរួមមានវេទិកាធុរកិច្ចថ្មីអន្តរជាតិសហរដ្ឋអាមេរិក 2021 នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ 2020 នៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស 2019 និងទទួលបានរង្វាន់ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កាលពីឆ្នាំ2019 ផងដែរ។
កម្មវិធីរបស់ «ពេទ្យយើង» ត្រូវបានដាក់ឱ្យដំណើរការ និងចូលរួមចំណែកជួយដំណើរការបែបឌីជីថលដល់មន្ទីរពេទ្យដៃគូរដ្ឋ និងឯកជនប្រមាណ200 ទូទាំង 15ខេត្ត-ក្រុង និងរាជធានីភ្នំពេញ។ តាមរយៈមន្ទីរពេទ្យដៃគូ «ពេទ្យយើង» មានអ្នក ប្រើប្រាស់កម្មវិធីប្រមាណជាងមួយម៉ឺននាក់ រួមមានវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា ឱសថការី អ្នកជំនាញមន្ទីរពិសោធន៍ អ្នកជំនាញផ្នែកសុខភាព និងបុគ្គលិកផ្នែកគ្រប់គ្រងមន្ទីពេទ្យ។ «ពេទ្យយើង» ក៏បានជួយឱ្យពលរដ្ឋកម្ពុជាប្រមាណពីរលាន នាក់មានកំណត់ត្រាទិន្នន័យព្យាបាល និងទិន្នន័យសុខភាពឌីជីថលអនឡាញ ដែលពួកគាត់អាចប្រើប្រាស់បានសម្រាប់ ដំណើរការទទួលសេវាព្យាបាលនៅទីន្លែងផ្ទាល់ និងនៅលើទូរស័ព្ទដៃបានគ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីទទួលបានសេវាថែទាំ និងព្យាបាលបានកាន់តែប្រសើរជាងមុន។
Ssivix Lab ជាក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាលសង្គម មានការិយាល័យកណ្តាលនៅប្រទេសសិង្ហបុរី ដែលផ្ដោតទៅលើការភ្ជាប់សេវាសុខភាព ឬការផ្តល់សេវាថែទាំសុខភាពតាមបច្ចេកវិទ្យាទំនើប ហៅកាត់ខ្លីជាភាសាអង់គ្លេស TEC។ បច្ចុប្បន្ន Ssivix Lab កំពុងដំណើរការប្រព័ន្ធអេកូឡូស៊ីសុខាភិបាលឆ្លាតវៃមួយសម្រាប់ភ្ជាប់សេវាថែទាំ និងផ្តល់ការព្យាបាលលើទូរស័ព្ទដៃសម្រាប់អតិថជននៅសិង្ហបុរី និងនៅឥណ្ឌា ដែលមានឈ្មោះថា MyCLNQ។ MyCLNQ ជាប្រព័ន្ធច្រកចេញចូលតែមួយ នៃបច្ចេកវិទ្យាទំនើបដើម្បីជាដំណោះស្រាយរាល់តម្រូវការសេវាថែទាំសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ។ កម្មវិធីទូរស័ព្ទដែលដំណើរការដោយជំនួយការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ផ្ដោតទៅលើការផ្តល់សេវាថែទាំសុខភាពដោយការផ្ដល់សេវាប្រឹក្សាព្យាបាលពីចំងាយ (Telemedicine) សេវាថែទាំសុខភាពចល័ត (mHealth) និងសេវាសុខភាពលើប្រព័ន្ធអេឡិចត្រូនិចឌីជីថលជាច្រើនទៀត (eHealth Services)។ ក្រុមហ៊ុនជឿជាក់លើការផ្ដល់សេវាសុខភាព ដែលមានតម្លៃសមរម្យ និងមិនប្រកាន់អាយុសម្រាប់អ្នកជំងឺគ្រប់ៗគ្នា។ ក្រុមហហ៊ុន Ssivix Lab ផ្ដល់ជម្រើសសេវាថែទាំសុខភាពថ្មីៗ បែបឌីជីថលសំរាប់អ្នកជំងឺគ្រប់គ្នាដែលងាយស្រួលប្រើ និងកាត់បន្ថយរាល់ការចំណាយដោយពុំចាំបាច់។ ក្រុមហហ៊ុន Ssivix Lab ជាក្រុមហ៊ុនសិង្ហបុរី ទទួលបានពានរង្វាន់ Best MedTech Solutions Provider Singapore ដែលជាជ័យលាភីផ្តល់ដោយក្រុមហ៊ុនបច្ចេកវិទ្យាសេវាសុខាភិបាលឯកជន GHP ប្រចាំឆ្នាំ2021៕
ប្រភព៖ ពេទ្យយើង (PETH YEOUNG)