រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន 852,189 ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងអង្គភាពទទួលជំនួយចំនួនពីរសម្រាប់អនុវត្តគម្រោងដូចតទៅ៖
1. គម្រោងការរួមបញ្ចូលគ្នា សុខភាព អាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យ ក្នុងខេត្តព្រះវិហារ (ឆ្នាំទី2) (ថវិកាជំនួយ 760,341 ដុល្លារអាមេរិក) អង្គភាពទទួលជំនួយ៖ អង្គការ World Vision Japan (WVJ)
នៅក្នុងគម្រោងនេះ អង្គការ WVJ នឹងបន្តដំណើរការវគ្គបណ្តុះបណ្តាល និងលើកកម្ពស់ការយល់ដឹងអំពីសុខភាព អាហារូបត្ថម្ភ និង WASH (ទឹកស្អាត និងអនាម័យ) ដល់មន្រ្តីសុខាភិបាល មន្ត្រីអភិវឌ្ឍន៍ជនបទ និងសហគមន៍នានា នៅក្នុងខេត្តព្រះវិហារ ក្នុងគោលបំណងកែលម្អវិធីសាស្ត្រក្នុងការរៀបចំចំណីអាហារ និងការប្រើប្រាស់ទឹកស្អាត។ អង្គការនេះក៏នឹងគាំទ្រក្នុងការបង្កើតគណៈកម្មាធិការគ្រប់គ្រងទឹកស្អាត និងក្រុមជនបង្គោលអនាម័យ ដើម្បីរក្សាគុណភាពទឹកស្អាត និងបរិស្ថានអនាម័យដែលល្អប្រសើរជាងមុន នៅក្នុងតំបន់គោលដៅ។
2. ការសម្រេចឱ្យបាននូវបរិស្ថានរស់នៅប្រកបដោយចីរភាពរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការលើកកម្ពស់ និងអប់រំការយល់ដឹងអំពីបញ្ហាបរិស្ថាន (ឆ្នាំទី1) (ថវិកាចំនួន 91,848 ដុល្លារអាមេរិក) អង្គភាពទទួលជំនួយ៖ អង្គការ Nature Center Risen
នៅក្នុងគម្រោងនេះ អង្គការ Nature Center Risen នឹងលើកកម្ពស់ និងបង្កើនការយល់ដឹងជាមូលដ្ឋានអំពីបរិស្ថាន នៅទូទាំងប្រទេសកម្ពុជា តាមរយៈការរៀបចំឯកសារអប់រំថ្មីៗ ដើម្បីកែលម្អចំណេះដឹងផ្នែកបរិស្ថានរបស់ប្រជាពលរដ្ឋ ការ ផ្តល់នូវឧបករណ៍ផ្សេងៗ សម្រាប់ការស្រាវជ្រាវ និងការសង្កេតផ្នែកបរិស្ថាន និងការអនុវត្តការបណ្តុះបណ្តាលស្តីពីការអប់រំ បរិស្ថាន ដោយសហការជាមួយវត្តអារាម និងមណ្ឌលសុខភាព។ តាមរយៈគម្រោងនេះ ប្រជាជនកម្ពុជាជាង 300នាក់ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថានដល់ប្រជាពលរដ្ឋ។ គម្រោងនេះ នឹងជួយធ្វើឱ្យប្រសើរឡើងនូវបរិស្ថានជីវិតនៅក្នុងប្រទេសកម្ពុជាទាំងមូល។
កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជា តាំងពីឆ្នាំ2002 ដើម្បីគាំទ្រដល់សកម្មភាពអង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ2002 មក រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង 45លាន ដុល្លារអាមេរិក ដល់គម្រោងចំនួន 138 ដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតមូលដ្ឋាន វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា។
ប្រភព៖ ស្ថានទូតជប៉ុននៅកម្ពុជា