អាហារូបករណ៍ ICCR ក្រោមកម្មវិធីកិច្ចសហប្រតិបត្តិការទន្លេមេគង្គ និង​អាហារូបករណ៍ទូទៅសម្រាប់ឆ្នាំសិក្សា 2021-2022

222

ស្ថានទូតឥណ្ឌាមានសោមនស្សរីករាយសូមជូនដំណឹងក្រុមប្រឹក្សាទំនាក់ទំនងវប្បធម៌ឥណ្ឌា (ICCR) នៃរដ្ឋាភិបាលឥណ្ឌាផ្តល់អាហារូបករណ៍ក្រោមកម្មវិធីអាហារូបករណ៍សហប្រតិបត្តិការទន្លេមេគង្គ (MGCSS) និងកម្មវិធីអាហារូបករណ៍ទូទៅ​(GSS) សម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត នៅតាមបណ្តាលសាកលវិទ្យាល័យដ៏ល្បីៗ នៅប្រទេសឥណ្ឌាសម្រាប់ឆ្នាំសិក្សា 2021-2022។

បេក្ខជនដែលមានចំណាប់អារម្មណ៍ និងមានលក្ខណៈគ្រប់គ្រាន់អាចចុះឈ្មោះ និងដាក់ពាក្យតាមអនឡាញ នៅគេហទំព័រអាហារូបករណ៍ http://a2ascholarships.iccr.gov.in/ ជាមួយឯកសារដែលចាំបាច់ទាំងអស់។ ព័ត៌មានលំអិតបន្ថែមទៀតស្តីអំពីបញ្ជីឈ្មោះសាកលវិទ្យាល័យ មុខវិជ្ជាផ្សេងៗ លក្ខណៈវិនិច្ឆ័យ ​ នីតិវិធី ក្នុងការ ដាក់ពាក្យ លក្ខខណ្ឌហិរញ្ញវត្ថុ ស្ថានភាពទីក្រុងដោយសង្ខេប សំណួរដែលសួរជារឿយៗ ជាដើមមាននៅលើ គេហទំព័រអាហារូបករណ៍។ល។ និស្សិតអាចចូលមើលគេហទំព័រសាកលវិទ្យាល័យនានា បានដើម្បីធានាថាខ្លួនបានបំពេញនូវលក្ខណៈសម្បត្តិអប់រំដែលតម្រូវជាចាំបាច់តាមលក្ខណៈវិនិច្ឆ័យផ្សេងទៀត សម្រាប់មុខវិជ្ជា ដែលបានជ្រើសរើស ហើយភ្ជាប់ជាមួយសញ្ញាបត្រ និងឯកសារពាក់ព័ន្ធផ្សេងៗ។

- Advertisement -

និស្សិតដែលដាក់ពាក្យសុំអាហារូបករណ៍ ត្រូវតែមានអាយុចន្លោះពី 18ឆ្នាំ​ ទៅ 30ឆ្នាំ សម្រាប់ ថ្នាក់បរិញ្ញាបត្រ និង អនុបណ្ឌិត និងអ្នកដែលដាក់ពាក្យសម្រាប់ថ្នាក់បណ្ឌិតត្រូវមានអាយុក្រោម 45ឆ្នាំ នៅពេលចូលរៀន។

សម្រាប់ឆ្នាំសិក្សា2021-2022 និស្សិតតម្រូវឲ្យសរសេរអត្ថបទជាភាសាអង់គ្លេសចំនួន500 ពាក្យដើម្បី បង្ហាញពីជំនាញភាសាអង់គ្លេសរបស់ខ្លួននិងភ្ជាប់ជាមួយការដាក់ពាក្យអនឡាញ។ ក្រៅពីនេះនិស្សិតក៏អាច ដាក់ភ្ជាប់ នូវពិន្ទុ TOFEL  IELTS ជាដើម ប្រសិនបើមាន។ សាកលវិទ្យាល័យឬវិទ្យាស្ថាននឹងធ្វើ ការសម្ភាសន៍ដោយផ្ទាល់ជាមួយនិស្សិតតាមប្រព័ន្ធអនឡាញ ក្នុងករណីចាំបាច់។ ស្ថានទូតនឹងមិនមាន ការធ្វើតេស្តភាសាអង់គ្លេសនោះទេ។ មុខវិជ្ជារូបវិទ្យា គីមីវិទ្យា និងគណិតវិទ្យា និស្សិតចាំបាច់ត្រូវតែបានឆ្លងកាត់ នូវការសិក្សាក្នុងថ្នាក់ទី 11 និង 12 នៃវិទ្យាល័យសម្រាប់បេក្ខជនដែលដាក់ពាក្យ ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត បរិញ្ញាបត្រវិស្វកម្ម និង បរិញ្ញាបត្របច្ចេកវិទ្យា។

ព្រឹត្តិបត្តិពិន្ទុសម្រាប់ថ្នាក់វិទ្យាល័យចាប់ពីកំរិត ថ្នាក់ទី 10 និង ថ្នាក់ទី12 គឺត្រូវការជាចាំបាច់បកប្រែជាភាសាអង់គ្លេសហើយនិងភ្ជាប់ជាមួយ។ សម្រាប់បេក្ខជនបណ្ឌិត ត្រូវដាក់នូវសង្ខេបបទស្រាវជ្រាវ បេក្ខជនដែលមានបំណងចង់សិក្សាផ្នែកសម្តែងសិល្បៈត្រូវភ្ជាប់វីដេអូខ្លីប អូឌីយ៉ូ ឬតំណយូធ្យូបនៃការសំដែងរបស់ខ្លួនដែលបានថតរួច។

កម្មវិធីអាហារូបករណ៍ក្រោមប្រភេទអាហារូបករណ៍សហប្រតិបត្តិការទន្លេមេគង្គ-គង្គា (MGCSS) រួមមាន ថ្លៃសំបុត្រយន្តហោះទៅវិញទៅមកដល់អាកាសយានដ្ឋានដែលនៅជិតបំផុត និងថ្លៃធ្វើដំណើរតាមរថភ្លើងម៉ាស៊ីន ត្រជាក់ថ្នាក់ទី3ទៅកន្លែងសិក្សា បើចាំបាច់ រួមជាមួយនឹងប្រាក់ឧបត្ថម្ភការស្នាក់នៅ កន្លែងស្នាក់នៅ និងអត្ថប្រយោជន៍ផ្សេងទៀតដែលមានចែងក្នុងលក្ខខណ្ឌហិរញ្ញវត្ថុ។

សម្រាប់និស្សិតជាប់ថ្មី ត្រូវមានការធានារ៉ាប់រង ផ្នែកសុខភាពផ្ទាល់ខ្លួន សម្រាប់ប្រាក់រូពីឥណ្ឌាចំនួនមួយសែនរូពី ស្មើនឹង 7800ដុល្លារ អាមេរិកក្នុងមួយឆ្នាំ គឺជាលក្ខខណ្ឌចាំបាច់សម្រាប់ការទទួលបានអាហារូបករណ៍របស់ ICCR។ និស្សិតដែលត្រូវបានជ្រើសរើស ត្រូវមានការធានារ៉ាប់រងសុខភាព ដោយខ្លួនឯងមុនពេលធ្វើដំណើរ ឬភ្លាមៗ បន្ទាប់ពីទៅដល់ប្រទេសឥណ្ឌា។

និស្សិតអាចទិញការធានារ៉ាប់រងសុខភាព ពីក្រុមហ៊ុនធានារ៉ាប់រងណាមួយនៃជម្រើសរបស់ខ្លួន ដើម្បីជួយសម្រួលដល់និស្សិត នៅលើគេហទំព័រអាហារូបករណ៍ មានក្រុមហ៊ុនធានារ៉ាប់រងចំនួនពីរសម្រាប់និស្សិតអាចជ្រើសរើសបាន។ វាជាការចាំបាច់ណាស់សម្រាប់និស្សិតអាហារូបករណ៍ ICCR ទាំងអស់ទទួលបាននូវកន្លែងស្នាក់នៅដែលផ្តល់ជូនដោយសាកលវិទ្យាល័យឬវិទ្យាស្ថាន និស្សិតមិនត្រូវបានអនុញ្ញាតឱ្យស្នាក់នៅកន្លែងឯកជននោះទេ។

ឈប់ទទួលពាក្យតាមអនឡាញនៅថ្ងៃទី30 ខែមេសា ឆ្នាំ2021 សម្រាប់ព័ត៌មានបន្ថែម និស្សិតអាចទាក់ទងលោក ហារីស ណារូឡា លេខាទី2 ផ្នែកអប់រំ​តាមរយៈអ៊ីម៉ែល៖ [email protected] ឬ ទូរស័ព្ទលេខ៖ 023​ 210 912/13 ទូរស័ព្ទដៃ៖  017 666 925 /​ 017 710 798៕

ប្រភព៖ ស្ថានទូតឥណ្ឌានៅកម្ពុជា