ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាចំនួន 90,640 ដុល្លារអាមេរិក ដល់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ក្រោមគ្រោងការណ៍ ជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចផ្នែកវប្បធម៌ ជំនួយគូសាណូណិផ្នែកវប្បធម៌ និងថវិកាចំនួន 25,534 ដុល្លារអាមេរិក ដល់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្ទឹងត្រែង ក្រោមគ្រោងការណ៍ជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិដែលជាជំនួយរបស់កម្រោងគូសាណូណិ។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងអង្គភាពទទួលជំនួយទាំងពីរ ដើម្បីអនុវត្តគម្រោងដូចតទៅ៖
1. គម្រោងសាងសង់ផ្លូវរត់អត្តពលកម្មចំនួន 8ខ្សែនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាដែលចំណាយថវិកាចំនួន 90,640 ដុល្លារអាមេរិក
អង្គភាពទទួលជំនួយ៖ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា (NIPES)
នៅក្នុងគម្រោងនេះផ្លូវរត់អត្តពលកម្មចំនួន 8ខ្សែ នឹងត្រូវបានសាងសង់នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា (NIPES) ។ NIPES គឺជាវិទ្យាស្ថានតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលបណ្តុះបណ្តាលគ្រូអប់រំកាយសម្រាប់អនុវិទ្យាល័យ ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំកាយនៅកម្ពុជា។ ទោះយ៉ាងណាក៏ដោយ មិនមានផ្លូវរត់អត្តពលកម្មនៅ NIPES ទេ ជាហេតុបណ្តាលឲ្យគរុសិស្សត្រូវទៅប្រើប្រាស់ទីលានអត្តពលកម្មផ្សេងទៀតដែលនៅឆ្ងាយ ឬប្រើប្រាស់ផ្លូវធ្វើចរាចរណ៍សម្រាប់ថ្នាក់រៀន និងការប្រឡង ដែលបណ្តាលឱ្យមានបញ្ហាមួយចំនួនដូចជាហានិភ័យខ្ពស់នៃគ្រោះថ្នាក់ចរាចរណ៍ និងភាពអយុត្តិធម៌នៅក្នុងការប្រឡង។ តាមរយៈគម្រោងនេះ គរុសិស្ស និងគ្រូប្រមាណ 400នាក់ នៅ NIPES និងសិស្សជាង 938,000 នាក់មកពីសាលារៀនជិតខាង នឹងអាចប្រើប្រាស់ផ្លូវរត់អត្តពលកម្មថ្មីនេះ សម្រាប់ការប្រលង និងព្រឹត្តិការណ៍កីឡាផ្សេងៗ ព្រមទាំងអាចទទួលបានការអប់រំរាងកាយប្រសើរជាងមុន។
2.គម្រោងសាងសង់កន្លែងលាងដៃនៅក្នុងសាលារៀនចំនួន6 នៅភាគខាងលិចនៃខេត្តស្ទឹងត្រែងដែលបានចំណាយថវិកាចំនួន 25,534 ដុល្លារអាមេរិក
អង្គភាពទទួលជំនួយ៖ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្ទឹងត្រែង
នៅក្នុងគម្រោងនេះកន្លែងលាងដៃ និងស៊ីទែនទឹក នឹងត្រូវសាងសង់នៅក្នុងសាលារៀនចំនួន6 នៅស្រុកថាឡាបរិវ៉ាត់ និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ទោះបីជាវីវុសកូវីត19 បានបង្ហាញពីសារៈសំខាន់នៃអនាម័យដៃ ដើម្បីការពារការរីករាលដាលនៃជំងឺនេះយ៉ាងណាក៏ដោយ សាលារៀនជាច្រើននៅក្នុងតំបន់នេះ មិនមានកន្លែងសមរម្យសម្រាប់លាងដៃ និងទឹកស្អាតនោះទេ ដែលអាចធ្វើឱ្យសិស្សប្រឈមនឹងជម្ងឺរាគរូស និងជម្ងឺរលាកសួត។ គម្រោងនេះនឹងធ្វើឱ្យប្រសើរឡើងនូវអនាម័យ សម្រាប់សិស្សប្រមាណ 840នាក់ និងគ្រូចំនួន 40នាក់ នៅក្នុងសាលារៀនចំនួន6 នៅក្នុងតំបន់ ព្រមទាំងជួយការពារជម្ងឺឆ្លងផ្សេងៗរួមទាំង កូវីត19 ផងដែរ។
ជំនួយទាំងនេះ គឺផ្អែកលើការប្តេជ្ញាចិត្តនៅក្នុងសេចក្តីថ្លែងការណ៍របស់សហប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស មេគង្គ-ជប៉ុន លើកទី13 នៅថ្ងៃទី9 ខែកក្កដា ឆ្នាំ2020 ដែលបានថ្លែងថា «ការអនុវត្តជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិឆ្នាំ2020 ក្រោមគំនិតផ្តួចផ្តើមគូសាណូណិមេគង្គសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលមានទឹកប្រាក់សរុបប្រមាណ 91លានដុល្លារអាមេរិក មានគោលបំណងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច នៅតាមភូមិស្រុកថ្នាក់មូលដ្ឋានទូទាំងតំបន់មេគង្គ»។
គម្រោងវប្បធម៌ «គូសាណូណិ» របស់ប្រទេសជប៉ុន គាំទ្រដោយផ្ទាល់ដល់ការអនុវត្តគម្រោងវប្បធម៌ កីឡា និងការអប់រំថ្នាក់ឧត្តមសិក្សា និងគម្រោងអភិរក្សបេតិកភណ្ឌវប្បធម៌នានា ដែលធ្វើឡើងដោយអង្គការមិនស្វែងរកប្រាក់ចំណេញ ដែលធ្វើការយ៉ាងសកម្មនៅថ្នាក់មូលដ្ឋាននៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ ជាមួយគ្នានេះផងដែរ ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ1991 ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និងភាពអកុសលនានា ដែលអាចគម្រាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជម្រុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ1991 រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង 63លាន ដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន 642គម្រោងនៅទូទាំងប្រទេសកម្ពុជា។
ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយ ដាច់ដោយឡែកពីគ្នា ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ ការរីករាលដាលចូលសហគមន៍នៃវីរុសកូវីត19 ដែលហៅថា «ព្រឹត្តិការណ៍សហគមន៍ 20កុម្ភៈ»។
ប្រភព និងរូបថតដោយ៖ ស្ថានទូតជប៉ុននៅកម្ពុជា