ផ្សារទំនើប មីត ថោន ចូលរួមគោរពទៅតាមនីតិវិធីប្រតិបត្តិការស្តង់ដារ (SOP) របស់ក្រសួងសុខាភិបាល​

ភ្នំពេញ៖ ដោយសារតែមួយរយៈចុងក្រោយនេះប្រទេសកម្ពុជាកំពុងតែប្រឈមនឹងបញ្ហាជំងឺកូវីដ19 និងមានការរីករាលដាលជាសហគមន៍ បានធ្វើឱ្យប្រជាជនកម្ពុជាកំពុងតែមានការព្រួយបារម្ភពីរោគរាតត្បាតនៃជំងឺកូវីដ19។

វាគឺជាការព្វកិច្ចដ៏ចាំបាច់របស់ថ្នាក់ដឹកនាំផ្សារទំនើប មីត ថោន ហើយផ្សារទំនើបបានធ្វើការរៀបចំការវាស់កម្តៅ ផ្តល់ទឹកអាកុលលាងដៃ និងផ្តល់ម៉ាស់មួយចំនួនជូនដល់អតិថិជននៅតាមច្រកចេញចូលរបស់ផ្សារទាំងអស់។

ផ្សារទំនើប មីត ថោន បានយកចិត្តទុកដាក់ និងគោរពទៅតាមនីតិវិធីប្រតិបត្តិការស្តង់ដារ SOP (Standard Operating Procedure) របស់ក្រសួងសុខាភិបាល​ ដោយផ្សារទំនើប មីត ថោន តម្រូវឱ្យភ្ញៀវទាំងអស់ត្រូវតែពាក់ម៉ាស់ លាងដៃដោយទឹកអាកុល ឬក៏ជែលលាងដៃមុនពេលដែលអតិថិជនចូលក្នុងបរិវេណផ្សារទំនើប មីត ថោន​។ លើលពីនេះទៅទៀតនៅតាមហាងនីមួយៗ នៅក្នុងផ្សារទំនើបក៏តម្រូវឱ្យមានការវាស់កម្តៅ ដាក់ទឹកអាកុល និងជែលលាងដៃសម្លាប់មេរោគបន្ថែមទៀតផងដែរ។

ខាងផ្សារទំនើប មីត ថោន តម្រូវឱ្យភ្ញៀវរក្សាកម្លាតសុវត្ថិភាពឱ្យបានពីរម៉ែត្រពីគ្នា ហើយជាពិសេសផ្សារទំនើបតែងតែធ្វើការបាញ់អាកុលសម្លាប់មេរោគក្នុងបរិវេណផ្សារទាំងមូលតែម្តង។ ចំណែកឯការសម្អាតនៅតាមទីកន្លែងអង្គុយលេង​ តាមជណ្តើរយន្តប្រអប់ និងជណ្តើរយន្តធ្មើរជើង ក៏ត្រូវបានធ្វើការសម្អាតដោយយកចិត្តទុកដាក់ពីក្រុមអនាម័យរបស់ផ្សារទំនើប មីត ថោន ដោយពួកតែងតែជូតសម្អាតដោយទឹកអាកុល និងថ្នាំសម្លាប់មេរោគជាប្រចាំជានិច្ច។

អត្ថបទដោយ៖ សាគូរ៉ា អេងលី