ភ្នំពេញ៖ យោងតាមសេចក្តីថ្លែងការចេញនៅថ្ងៃអង្គារ ទី1 ខែធ្នូ ឆ្នាំ2020 ពីស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា ក្រសួងការបរទេសជប៉ុន បានចេញសេចក្តីប្រកាសព័ត៌មានស្តីអំពីលិខិតសរសើររបស់រដ្ឋមន្រ្តីការបរទេសជប៉ុនសម្រាប់ឆ្នាំនេះជូនចំពោះបុគ្គល ឬក្រុមដែលមានស្នាដៃឆ្នើមលើវិស័យអន្តរជាតិ ដើម្បីជាការទទួលស្គាល់នូវការរួមចំណែករបស់ពួកគាត់ លើការជម្រុញចំណងមិត្តភាពរវាងប្រទេសជប៉ុន និងបណ្តាប្រទេសនានា។
បុគ្គលឆ្នើមដែលបានទទួលលិខិតសរសើរសម្រាប់សកម្មភាពនានាទាក់ទងនឹងប្រទេសកម្ពុជាមានដូចខាងក្រោម៖
ឯកឧត្តម បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម បណ្ឌិត ម៉ី កល្យាណ បានចូលរួមចំណែកក្នុងការជម្រុញទំនាក់ទំនងសេដ្ឋកិច្ចរវាងជប៉ុននិងកម្ពុជា។
លោក ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ លោក ហួត សុធី បានចូលរួមចំណែកគាំទ្រជនជាតិជប៉ុនដែលត្រូវការជំនួយនៅប្រទេសកម្ពុជា។
ពិធីប្រគល់លិខិតសរសើរ នឹងត្រូវរៀបចំក្នុងពេលឆាប់ៗ ខាងមុខនេះ៕
រូបថតដោយ៖ សហការី