ស្ថានទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញរួមជាមួយសមាគមជនជាតិឥណ្ឌានៅកម្ពុជា និងក្រុមធុរជនឥណ្ឌានៅកម្ពុជាបានបរិច្ចាកអង្ករ និងថ្នាំពេទ្យផ្សេងៗគ្នាដល់ប្រជាជនរងគ្រោះដោយទឹកជំនន់ក្នុងខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបងនៃប្រទេសកម្ពុជា។ ដោយឡែកសមាគមអតីតនិស្សិតកម្ពុជាទៅសិក្សានៅឥណ្ឌា មានឯកឧត្តម បណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ជាប្រធាន ក៏បានចូលរួមឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគដល់អ្នកភូមិខេត្តកំពង់ឆ្នាំងផងដែរ។
អំណោយផ្តល់ជូនជនរងគ្រោះទឹកជំនន់នៅខេត្តកំពង់ឆ្នាំងត្រូវបានរៀបចំឡើងនៅឃុំទឹកហូត ស្រុករលាប្អៀរ ក្រោមវត្តមានឯកឧត្តម បណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលតំណាងឱ្យ ឯកឧត្តម បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អភិបាលរងខេត្តកំពង់ឆ្នាំង និងចៅហ្វាយស្រុករលាប្អៀរ។ លោកជំទាវឯកអគ្គរដ្ឋទូត វេជ្ជបណ្ឌិត Devyani Khobragade បានសម្តែងនូវការអាណិតអាសូរយ៉ាងខ្លាំងចំពោះជនរងគ្រោះដោយទឹកជំនន់ និងរីករាយចំពោះការចូលរួមរបស់សហគមន៍ឥណ្ឌា ក្រុមធុរជនឥណ្ឌា និងសមាជិកសមាគមអតីតនិស្សិតកម្ពុជារៀននៅឥណ្ឌា ក្នុងការបរិច្ចាគអង្ករដល់អ្នកភូមិក្នុងខេត្តកំពង់ឆ្នាំង។
ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត បានថ្លែងអំណោរគុណសម្រាប់អំណោយដែលបានផ្តល់ដោយស្ថានទូតឥណ្ឌា និងបានធានានូវការជួយសម្របសម្រួលរៀបចំកម្មវិធីចែកជំនួយសង្គ្រោះបន្ទាន់នៅក្នុងខេត្តដែលរងផលប៉ះពាល់ដទៃទៀតនៃប្រទេស កម្ពុជា។ អភិបាលរងខេត្តកំពង់ឆ្នាំងក៏បានថ្លែងអំណរគុណចំពោះសហគមន៍ និងស្ថានទូតឥណ្ឌា ហើយបានមានប្រសា សន៍ថា ជំនួយអង្ករនេះបានមកដល់ទាន់ពេលវេលាចំពេលដែលអ្នកភូមិកំពុងត្រូវការវាបំផុត។ មេភូមិចំនួន10 នៃឃុំទឹកហូតបានចូលរួមក្នុងពិធីចែកអំណោយនេះ។ លោកជំទាវ ឯកអគ្គរដ្ឋទូត វេជ្ជបណ្ឌិត Khobragade និងក្រុមការងារបានប្រគល់អង្ករចំនួន 5តោន ដែលឧបត្ថម្ភដោយក្រុមហ៊ុន Bajaj Auto ដែលជាក្រុមហ៊ុនម៉ូតូកង់បីឥណ្ឌាធំជាងគេនៅកម្ពុជា និងគ្រឿងឧបភោគបរិភោគផ្សេងៗ ទៀតដល់ពួកគេ។
កម្មវិធីផ្តល់ជំនួយសង្គ្រោះទឹកជំនន់ស្រដៀងគ្នានេះត្រូវបានរៀបចំឡើងនៅខេត្តបាត់ដំបងនៅថ្ងៃទី27 ខែវិច្ឆិកា ឆ្នាំ2020។ មុនពេលចុះចែកអង្ករ និងថ្នាំសង្កូវផ្សេងទៀតដល់អ្នកភូមិក្នុងស្រុកសំពៅលូនខេត្តបាត់ដំបង លោកជំទាវ ឯកអគ្គរដ្ឋទូតឥណ្ឌា បានចូលជួបសម្តែងការគួរសម និងជជែកពិភាក្សាការងារជាមួយ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងបានប្រគល់ថ្នាំពេទ្យមួយចំនួនសម្រាប់ជាការប្រើប្រាស់ឱ្យមន្ទីរពេទ្យនៅខេត្តបាត់ដំបង។ ថ្នាំទាំងនេះត្រូវបានបរិច្ចាគដោយក្រុមហ៊ុនឱសថឥណ្ឌានៅកម្ពុជា។ ក្រុមហ៊ុនឱសថឥណ្ឌាប្រត្តិបត្តិការនៅប្រទេសកម្ពុជាយូរណាស់មកហើយ និងមានគុណភាពឈានមុខគេនៅក្នុងវិស័យឱសថកម្ពុជា។
ឯកឧត្តម ងួន រតនៈ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវ ឯកអគ្គរដ្ឋទូត ដែលទើបតែងតាំងថ្មី និងថ្លែងអំណរគុណដល់ស្ថានទូតឥណ្ឌាដែលបានផ្តល់អំណោយសប្បុរសធម៌ពីសហគមន៍ឥណ្ឌា។ ឯកឧត្តម មានប្រសាសន៍លើកឡើងថា «ឆ្នាំនេះខេត្តបាត់ដំបងរងផលប៉ះពាល់ខ្លាំងជាងឆ្នាំមុនៗ ដោយសារទឹកជំនន់ ដែលមាន 13ឃុំ ជាមួយប្រជាពលរដ្ឋជាង 7ម៉ឺនគ្រួសាររងផលប៉ះពាល់ខ្លាំងបំផុត លោកក៏បានផ្តល់ព័ត៌មានលម្អិតអំពីវិធានការផ្តល់ជំនួយសង្គ្រោះរបស់រដ្ឋាភិបាលកម្ពុជាផងដែរ»។
ឯកអគ្គរដ្ឋទូត ឥណ្ឌា បានថ្លែងអំណរគុណដល់លោកអភិបាលចំពោះពត៌មានដ៏លម្អិតដែលលោកបានរាយការណ៍និងបានមានប្រសាសន៍ថា «ក្នុងនាមរដ្ឋាភិបាលឥណ្ឌា ខ្ញុំសូមបង្ហាញនូវសាមគ្គីភាពជាមួយប្រជាជនកម្ពុជា។ នេះគឺជាគ្រោះផ្ទួនៗ របស់ប្រជាជនកម្ពុជា ដែលពួកគេបានរងគ្រោះដោយសាររោគរាតត្បាតហើយ នៅមករងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរក្នុងពេលតែមួយទៀត។ ឥណ្ឌា និងកម្ពុជាមានទំនាក់ទំនងវប្បធម៌ និងសាសនាតាំងពីយូរលង់ណាស់មកហើយ ដូច្នេះយើងអាចយល់អារម្មណ៍លំបាករបស់ប្រជាជនកម្ពុជាដែលរងផលប៉ះពាល់យ៉ាងពិតប្រាកដ។ លោកជំទាវសង្ឃឹមថា សម្ភារៈផ្តល់ជំនួយដែលរួមមានអង្ករ ថ្នាំពេទ្យ សម្ភារៈអនាម័យប្រឆាំង Covid ដែលបរិច្ចាគដោយសហគមន៍ឥណ្ឌា ក្រុមហ៊ុនឱសថសូណាលីកា និងក្រុមអាជីវកម្មផ្សេងៗទៀត នឹងអាចជួយប្រជាជនកម្ពុជាក្នុងដំណើរវិលរកភាពប្រសើរឡើងវិញ»។
លោកជំទាវក៏បានលើកឡើងពីគម្រោងផ្សេងៗ របស់រដ្ឋាភិបាលឥណ្ឌាសម្រាប់ការអភិវឌ្ឍខេត្តបាត់ដំបង និងខេត្តផ្សេងៗ ដូចជាវិស័យធារាសាស្ត្រនិងការកសាងប្រភពទឹក ការដំឡើងអណ្តូងស្នប់ 1500 ជាដើម។ នៅចុងបញ្ចប់នៃកិច្ចប្រជុំលោកអភិបាលខេត្តបាត់ដំបងបានវាយតម្លៃខ្ពស់ចំពោះជំនួយរបស់ប្រជាជនឥណ្ឌា។ ពិធីប្រគល់អំណោយ ត្រូវបានរៀបចំឡើងនៅទីស្នាក់ការកណ្តាលស្រុកសំពៅលូននាថ្ងៃទី27 ខែវិច្ឆិកា ក្រោមវត្តមាន បណ្ឌិត សៅ ជីវ័ន និងអភិបាលស្រុកនៃខេត្តបាត់ដំបង អភិបាលរងស្រុកចំនួន 4នាក់ និងមេឃុំចំនួន 6នាក់ និងតំណាងសហគមន៍ឥណ្ឌា។
លោក Adarsh Kumar Mishra លេខាធិការទី2 នៃស្ថានទូតឥណ្ឌា តំណាងឱ្យលោកជំទាវ អគ្គរដ្ឋទូត ឥណ្ឌា បានថ្លែងអំណរគុណដល់អាជ្ញាធរកម្ពុជាដែលបានរៀបចំព្រឹត្តិការណ៍ប្រគល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់បានទាន់ពេលវេលា។ លោកបានប្រគល់សម្ភារៈសង្គ្រោះដែលរួមមានអង្ករចំនួន 5តោន និងសម្ភារៈអនាម័យប្រឆាំង Covid សម្រាប់មនុស្សចំនួន 1000នាក់ ដល់អាជ្ញាធរមូលដ្ឋានសម្រាប់ចែកចាយបន្តដល់អ្នកភូមិ។ អាជ្ញាធរស្រុកបានលើកឡើងពីភាពធ្ងន់ធ្ងរនៃការបាត់បង់ និងការលំបាកដែលអ្នកភូមិនៃឃុំទាំង6 នៃស្រុកសំពៅលូន និងបានវាយតម្លៃខ្ពស់ចំពោះជំនួយដែលផ្តល់ដោយប្រជាជនឥណ្ឌា។
ក្នុងអំឡុងពេលស្នាក់នៅក្នុងខេត្តបាត់ដំបងលោកស្រី ឯកអគ្គរដ្ឋទូត ក៏បានអញ្ជើញទស្សនាទីតាំង និងប្រាសាទបុរាណមួយចំនួន និងបានស្វែងយល់ពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការអភិវឌ្ឍ ដោយពិគ្រោះយោបល់ជាមួយអាជ្ញាធរខេត្តដើម្បីធ្វើវាទៅជាកន្លែងទាក់ទាញទេសចរដ៏សំខាន់នៅក្នុងខេត្តបាត់ដំបង៕
ប្រភព៖ ឥណ្ឌានៅកម្ពុជា (ស្ថានទូតឥណ្ឌាភ្នំពេញ) និងរូបថតដោយ៖ សហការី