ភ្នំពេញ៖ ថ្ងៃពុធ ទី25 ខែវិច្ឆិកាឆ្នាំ2020 លោកជំទាវ វេជ្ជបណ្ឌិត ដេវយ៉ានី ឧតុម ខូប្រាហ្គាដេ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលក្រាបថ្វាយបង្គំ និងថ្វាយសារតែងតាំងចំពោះព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងព្រះបរមរាជវាំង។
លោកជំទាវ វេជ្ជបណ្ឌិត ខូប្រាហ្គាដេ ត្រូវបានប្រោសព្រះរាជាទានឱ្យចូលក្រាបថ្វាយបង្គំ និងថ្វាយសារតែងតាំងជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា។ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនីសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាននូវការស្វាគមន៍យ៉ាងរាក់ទាក់ជូនចំពោះលោកជំទាវ និងបានព្រះរាជអង្ការំលឹកឡើងវិញនូវទំនាក់ទំនងដ៏ស៊ីជម្រៅ យូរអង្វែង និងស្ថិតស្ថេររវាងប្រទេសឥណ្ឌា និងប្រទេសកម្ពុជាដែលមិនត្រឹមតែមាននៅក្នុងសម័យនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ វាបានកើតឡើងតាមរយៈទំនាក់ទំនងវប្បធម៌ និងសាសនាដែលបានផ្សារភ្ជាប់ជាច្រើនសតវត្សរ៍កន្លងមក។ ព្រះករុណាជាអម្ចាស់ជិវិតលើត្បូងបានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងឥណ្ឌា និងកម្ពុជាលើគ្រប់វិស័យ ដូចជានយោបាយ វប្បធម៌ ការអភិវឌ្ឍសេដ្ឋកិច្ច រួមទាំងគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍ ការកសាងសមត្ថភាព។ ព្រះករុណាជាអម្ចាស់ជិវិតលើត្បូងបានកោតសរសើរជាពិសេសចំពោះការងារអភិរក្សសម្បត្តិបេតិកភណ្ឌដែលឥណ្ឌាបាននឹងកំពុងអនុវត្តនៅប្រាសាទអង្គរវត្តនិង ប្រាសាទព្រហ្ម។
លោកជំទាវ វេជ្ជបណ្ឌិត ខូប្រាហ្គាដេ បានពាំនាំមកនូវការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំ និងប្រជាជនឥណ្ឌាថ្វាយដល់ព្រះករុណា និងជូនប្រជាជនកម្ពុជា។ ជាមួយនឹងការសង្កត់ធ្ងន់លើសារៈសំខាន់ននៃទំនាក់ទំនងរវាងប្រទេសឥណ្ឌាជាមួយប្រទេសកម្ពុជា លោកជំទាវបានទូលថ្វាយនូវការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការអភិវឌ្ឍ និងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ។
លោកជំទាវ វេជ្ជបណ្ឌិត ខូប្រាហ្គាដេ បានទូលថ្វាយបន្ថែមទៀតថាលោកជំទាវនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីធ្វើឱ្យមិត្តភាពយូរអង្វែងរវាងឥណ្ឌា និងកម្ពុជាឈានដល់កម្រិតខ្ពស់មួយលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការរបស់យើង។ លោកជំទាវបានទូលថ្វាយទៀតថាប្រទេសឥណ្ឌាមានកិត្តិយស និងថ្លែងអំណរគុណចំពោះការអនុញ្ញាតឱ្យឥណ្ឌាក្លាយជាប្រទេសដំបូង ក្នុងការជួយក្នុងការអភិរក្សប្រាសាទអង្គរវត្តដែលជាការបញ្ជាក់ពីការផ្សារភ្ជាប់វប្បធម៌ដ៏ជ្រាលជ្រៅរបស់យើង ហើយការងារស្តារប្រាសាទនេះក៏បានបានផ្តល់ឱកាសក្នុងការរុករកឡើងវិញនូវបេតិកភណ្ឌដ៏សម្បូរបែបនៃអរិយធម៌និងវប្បធម៌ឥណ្ឌា។
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានអបអរសាទរលោកជំទាវ វេជ្ជបណ្ឌិត ខូប្រាហ្គាដេ និងធានាផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការបំពេញភារកិច្ចរបស់លោកជំទាវ។
មុនភារកិច្ចបច្ចុប្បន្នរបស់លោកជំទាវ វេជ្ជបណ្ឌិត ខូប្រាហ្គាដេ គឺជាប្រធានគម្រោងកសាងសមត្ថភាព និងវប្បធម៌ បេតិកភណ្ឌ នៃក្រសួងការបរទេសឥណ្ឌា ក្នុងឋានៈជាអគ្គនាយករដ្ឋបាលភាពជាដៃគូអភិវឌ្ឍន៍ចាប់ពីឆ្នាំ2019។ ក្នុងអំឡុងពេលអាជីពការទូតលោកជំទាវបានបម្រើការនៅទីក្រុងប៊ែរឡាំង អ៊ីស្លាម៉ាបាដ នៃទីក្រុងរ៉ូម និងញូវយ៉ក។ នៅទីស្នាក់ការកណ្តាលនៃទីក្រុង ញូវ ដេលី លោកជំទាវបានបម្រើការងារនៅក្នុងផ្នែកជាច្រើននៃក្រសួងការបរទេស រួមមានប៉ាគីស្ថាន អាហ្គានីស្ថាន និងអ៊ីរ៉ង់ អឺរ៉ុបកណ្តាល លើផ្នែកហិរញ្ញវត្ថុ ផ្នែកកុងស៊ុល លិខិតឆ្លងដែន ទិដ្ឋាការ និងនាយកដ្ឋានសហករណ៍សហព័ន្ធ ហើយលោកជំទាវអាចនិយាយភាសាអង់គ្លេស ម៉ារ៉ាធិន ហិណ្ឌូ និងអាល្លឺម៉ង់ បានយ៉ាងល្អ។
លោកជំទាវ វេជ្ជបណ្ឌិត ខូប្រាហ្គាដេ បានបោះពុម្ភរឿងខ្លីៗ ក៏ដូចជាសៀវភៅរឿងកុមារដែលមានប្រជាប្រិយភាព គឺរឿង «ដំណើរផ្សងព្រេងរបស់យុវជនអេមប៊ែក» ក្រៅពីគ្រូបង្ហាត់យូហ្គាដែលមានសញ្ញាប័ត្រ និងជាអ្នករត់ចម្ងាយ លោកជំទាវក៏មានចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងវិបស្សនាកម្មដ្ឋាន និងព្រះពុទ្ធសាសនាផងដែរ៕
រូបថតដោយ៖ សហការី