សហព័ន្ធកីឡាឡើងភ្នំកម្ពុជាធ្វើការបិទវគ្គ «បណ្តុះបណ្តាលមន្ត្រីរៀបចំការប្រកួត និងចៅក្រមកម្រិតមធ្យមឆ្នាំ2020» បានដោយជោគជ័យ

439

សៀមរាប៖ នៅថ្ងៃទី9 ខែវិច្ឆិកា ឆ្នាំ2020 សហព័ន្ធកីឡាឡើងភ្នំកម្ពុជាដែលហៅកាត់ថា CCF (Cambodia Climbing Federation) បានធ្វើការបិទវគ្គបណ្តុះបណ្តាលស្តីពី «មន្ត្រីរៀបចំការប្រកួត និងចៅក្រមកម្រិតមធ្យមឆ្នាំ2020» នៅបរិវេណសាលាអនុវិទ្យាល័យព្រះឥន្ទកោសារ ក្នុងទីរួមខេត្តសៀមរាប ក្រោមអធិបតីភាព លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា តំណាង ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញចូលរួមពី លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប លោក ម៉ម សុថារិន្ទ ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជា និងលោក លោកស្រីសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាឡើងភ្នំ។

ដោយយោងតាមផែនការប្រចាំឆ្នាំ2020 របស់សហព័ន្ធកីឡាឡើងភ្នំកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាល «មន្ត្រីរៀបចំការប្រកួត និងចៅក្រមកម្រិតមធ្យមឆ្នាំ2020» ដែលបានដំណើរការចាប់ពីថ្ងៃទី5 ដល់ថ្ងៃទី9 ខែវិច្ឆកា ឆ្នាំ2020 នាពេលថ្មីៗ នេះ។ នៅក្នុងវគ្គបណ្តុះបណ្តាល «មន្ត្រីរៀបចំការប្រកួត និងចៅក្រមកម្រិតមធ្យមឆ្នាំ2020» សហព័ន្ធកីឡាឡើងភ្នំកម្ពុជាមានចំនួនសិក្ខាកាមសរុប 25នាក់ដែលបានចូលរួមវគ្គបណ្តុះបណ្តាល មានស្រ្តីចំនួន6នាក់ និងមានសិក្ខាកាម 22នាក់នៅក្នុងខេត្តសៀមរាប 2នាក់មកពីខេត្តប៉ៃលិន ហើយមួយនាក់មកពីរាជធានីភ្នំពេញ។ វគ្គបណ្តុះបណ្តាល «មន្ត្រីរៀបចំការប្រកួត និងចៅក្រមកម្រិតមធ្យមឆ្នាំ2020» មានគ្រូបង្គោលបង្ហាត់បង្រៀនជាជនជាតិខ្មែរដែលធ្លាប់មានបទពិសោធន៍ឆ្លងកាត់វគ្គបណ្តុះបណ្តាលជំនាញៗ ពីសហព័ន្ធអន្តរជាតិជាច្រើនឆ្នាំមកហើយ។

- Advertisement -

វគ្គបណ្តុះបណ្តាលបានប្រព្រឹត្តឹនៅពីរកន្លែងក្នុងខេត្តសៀមរាប ដោយវគ្គទ្រឹស្តីដែលរួមមានការងារផ្នែកកិច្ចការរដ្ឋបាល ការងារត្រៀមលក្ខណៈមុនពេលប្រកួត បទបញ្ជានៃការប្រកួត តួនាទី និងភារកិច្ចរបស់មន្ត្រីរៀបចំការប្រកួត បានរៀបចំធ្វើឡើងនៅទីតាំងអនុវិទ្យាល័យព្រះឥន្ទកោសា ចំណែកឯការប្រឡងដើម្បីវាយតម្លៃបញ្ចប់ និង​ការអនុវត្តបានធ្វើឡើងនៅជញ្ជាំងអង្គរភ្នំខ្លែម (Angkor Climbers Net)។ បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាល និងការប្រឡង សហព័ន្ធកីឡាឡើងភ្នំកម្ពុជាទទួលបានលទ្ធផ​លដែលជារួមមានដូចជា លទ្ធផលល្អណាស់ចំនួន2នាក់ លទ្ធផលល្អចំនួន16នាក់ លទ្ធផលមធ្យមចំនួន6នាក់ និងខ្សោ​យចំនួន​មួយនាក់។

សហព័ន្ធកីឡាឡើងភ្នំកម្ពុជាបានបង្កើតឡើងនៅថ្ងៃទី1 ខែកក្កដា ឆ្នាំ2010 នៅក្នុងខេត្តសៀមរាប ហើយសហព័ន្ធកីឡាឡើងភ្នំកម្ពុជាក្នុងអាណត្តិទីមួយ បានដឹកនាំដោយលោក អ៊ុង សេរីឌី ដែលជាប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាបនាអំឡុងពេលឆ្នាំ2010 ដល់ឆ្នាំ2014។ ក្នុងអាណត្តិទីមួយ សហព័ន្ធមិនទាន់មានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡាឱ្យគណៈកម្មាធិការប្រតិបត្តិធ្វើសកម្មភាពអ្វីនោះទេ ហើយក៏មិនទាន់មានការទទួលស្គាល់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាឡើងភ្នំអន្តរជាតិដែរ។ ក្រោយពីផុតអាណត្តិទីមួយ អស់រយៈពេល2ឆ្នាំ សហព័ន្ធក៏មិនបានរៀបចំមហាសន្និបាតបន្តអាណត្តិទី2 ឱ្យស្របទៅតាមលក្ខន្តិកៈរបស់សហព័ន្ធកីឡាឡើងភ្នំឡើយ។

រហូតដល់នៅថ្ងៃទី2 ខែមករា ឆ្នាំ2016 សហព័ន្ធបានរៀបចំសមាសភាពគណៈកម្មាការប្រតិបត្តិថ្មី ដើម្បីដឹកនាំសហព័ន្ធបន្តសម្រាប់ឆ្នាំ2016 ដល់ឆ្នាំ2020 ដែលមានលោក ជួន សុខវ៉ាន់ឌី ប្រធានការិយាល័យកីឡាខេត្តសៀមរាប ជាប្រធានសហព័ន្ធ។ នៅអាណត្តិទី2នេះផងដែរ សហព័ន្ធក៏បានទទួលការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡាឱ្យគណៈកម្មាធិការប្រតិបត្តិធ្វើសកម្មភាព និងបានទទួលស្គាល់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាឡើងភ្នំអន្តរជាតិ និងមានសិទ្ធចូលរួមក្នុងព្រឹត្តិការណ៍នានា ទាំងថ្នាក់ជាតិ និងអន្តរជាតិ។

នៅថ្ងៃទី14 ខែកុម្ភៈ ឆ្នាំ2020 សហព័ន្ធបានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី2 និងបោះឆ្នោតជ្រើសរើសសមាភាពគណៈកម្មាធិការប្រតិបត្តិអាណត្តិទី3 សម្រាប់ឆ្នាំ2020 ដល់ឆ្នាំ2024 ស្របតាមក្ខន្តិកៈរបស់សហព័ន្ធដែលមានរូប លោក ម៉ម សុថារិន្ទ ជាប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជានាពេលបច្ចុប្បន្ននេះ។

គួរបញ្ជាក់ថាសហព័ន្ធកីឡាឡើងភ្នំកម្ពុជាទទួលបានបានថវិកា និងការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពន្លឿនការអភិវឌ្ឍចាប់តាំងពីឆ្នាំ2018 ជាបន្តបន្ទប់មកបានធ្វើដំណើការផ្នែករដ្ឋបាល ដោយបានបង់សមាជិកភាពទៅសហព័ន្ធអន្តរជាតិ បានបង្កើតវេបសាយ បានធ្វើការទ្រទ្រង់មន្ត្រីប្រចាំការ និងសម្ភាររដ្ឋបាលដែលមានភាពងាយស្រួល និងដំណើរការបានដោយប្រក្រតី។

ចំពោះធនធានមនុស្សសហព័ន្ធបានរៀបចំវគ្គបណ្តោះបណ្តាលគ្រូបង្វឹកកម្រិតមូលដ្ឋានបានចំនួន 25នាក់ នៅក្នុងឆ្នាំ2018 និងបានបន្តរៀបចំវគ្គបណ្តោះបណ្តាលមន្រ្តីរៀបចំការប្រកួត និងចៅក្រមកម្រិតមូលដ្ឋាន 25នាក់ទៀតនៅឆ្នាំ2019 បន្ទាប់មកទៀតសហព័ន្ធបានបន្តការបណ្តោះបណ្តាលមន្រ្តីរៀបចំការប្រកួត និងចៅក្រមកម្រិតមធ្យម 25នាក់បន្ថែមទៀតនៅក្នុងឆ្នាំ2020 នេះ។

ធនធានដែលបានបណ្តុះបណ្តាលកំពុងតែបានបំពេញការងារនៅក្នុងវិស័យកីឡាឡើងភ្នំកម្ពុជាឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ជាក់ស្តែងដោយឡែកមន្ត្រីរៀបចំការប្រកួត និងចៅក្រមកាលដែលមិនទាន់ទទួលបានការរបណ្តុះបណ្តាល គឺសហព័ន្ធកីឡាឡើងភ្នំកម្ពុជាត្រូវពឹងផ្អែកទៅលើមន្ត្រីបច្ចេកទេសជនជាតិជប៉ុនក្នុងការជួយសម្របសម្រួលផ្នែកបច្ចេកទេស ប៉ុន្តែបន្ទាប់ពីទទួលបានវគ្គបណ្តុះបណ្តាលចាប់ពីឆ្នាំ2019 មក សហព័ន្ធមានសម្ថភាពរៀបចំ និងទទួលខុសត្រូវការប្រកួតផ្នែកខាងបច្ចេកទេសដោយខ្លួនឯង និងមានប្រសិទ្ធភាពដោយអាចចូលរួមជាមួយនឹងសហព័ន្ធអន្តរជាតិបាន។

រូបថតដោយ៖ ក្រុមការងារ FYN.Media