ភ្នំពេញ៖ មូលនិធិជប៉ុន រួមសហការជាមួយស្ថានទូតជប៉ុន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នឹងរៀបចំមហោស្រពភាពយន្តជប៉ុនប្រចាំឆ្នាំ2020 ចាប់ពីថ្ងៃទី6 ដល់ថ្ងៃទី9 និងថ្ងៃទី14 និង15 ខែវិច្ឆិកា ឆ្នាំ2020 នៅរាជធានីភ្នំពេញ រោងភាពយន្ត Major Cineplex ក្នុងផ្សារទំនើបអ៊ីអន សែន សុខ និងរោងភាពយន្ត Legend សួនអេដែន។ មហោស្រពភាពយន្តជប៉ុន ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ2015 ដើម្បីជម្រុញការផ្លាស់ប្តូរវប្បធម៌រវាងជប៉ុន និងកម្ពុជា។
កំឡុងពេលមហោស្រព មានភាពយន្តជាច្រើនប្រភេទ ត្រូវបានសម្រិតសម្រាំងសម្រាប់ការចាក់បញ្ចាំងនៅរោងភាពយន្តល្បីៗដូចដែលបានជម្រាបជូនខាងលើ។ ភាពយន្តទាំងនោះរួមមាន ភាពយន្តបែបមនោសញ្ចេតនា ស៊ើបអង្កេត គំនូរជីវចល វាយប្រាហារ និងកំប្លែងជាដើម។ ភាពយន្តដែលនឹងត្រូវចាក់បញ្ចាំងទាំងនេះ ឆ្លុះបញ្ចាំងអំពីជីវភាពរស់នៅរបស់ប្រជាជន សង្គម និងវប្បធម៌ជប៉ុន ហើយមហោស្រពនេះក៏ផ្តល់ឱកាសដ៏ល្អមួយសម្រាប់អ្នកទស្សនាអាចស្គាល់ពីប្រទេស និងប្រជាជនជប៉ុន។
ភាពយន្តជប៉ុនចំនួន 13រឿង នឹងត្រូវចាក់បញ្ចាំងជាមួយចំណងជើងរងជាភាសាខ្មែរ និងភាសាអង់គ្លេស សម្រាប់រឿងគំនូរជីវចលនមានការបញ្ចូលសម្លេងជាភាសាខ្មែរ។ សម្រាប់តារាងកាលបរិច្ឆេទនៃការចាក់បញ្ចាំងមានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកមហោស្រពភាពយន្តជប៉ុន៖ https://www.fb.com/3669525819736535/។ ការចូលរួម គឺដោយសេរី និងឥតគិតថ្លៃ។
រូបថតដោយ៖ សហការី