ភ្នំពេញ៖ បញ្ហាបរិស្ថានដែលរួមមានដូចជា សំរាម ការបំពុលដោយឧស្ម័នផ្សែងៗ ការបង្ហូរទឹកកង្វក់ចូលសមុទ្រ ទន្លេ ព្រែក បានក្លាយទៅជាប្រធានបទក្តៅកគុកក្នុងការជជែកវែកញែកគ្នាយកខុស យកត្រូវ ក៏ប៉ុន្តែមនុស្សភាគច្រើន ប្រហែលជាភ្លេចគិតពីទង្វើលដែលពួកគេបានប្រព្រឹត្តរាល់ថ្ងៃនេះ។
ដោយមើលឃើញពីបញ្ហាដែលបានកើតឡើងជាបន្តបន្ទាប់ ទើបមានសកម្មជន ក៏ដូចជាយុវជនស្រលាញ់បរិស្ថានជាច្រើនបានព្យាយាមបណ្តុះគំនិត និងខិតខំរិះរកមធ្យោបាយជាច្រើនដើម្បីអប់រំ ឱ្យប្រជាពលរដ្ឋរស់នៅដោយគិតពីបរិស្ថាន និងគិតពីភពផែនដីទាំងមូល។ នៅក្នុងនោះផងដែលក៏មានយុវជនស្រលាញ់បរិស្ថានមួយក្រុមបានបង្កើត ផ្លេតហ្វម មួយឈ្មោះថា «ដេកគិត_Dekkit» ដែលមានគោលបំណងជម្រុញឱ្យប្រជាពលរដ្ឋកម្ពុជា ចេះគិត និងពិចារណាឡើងវិញនៃសកម្មភាពតូចៗ រាល់ថ្ងៃ។
លោក ប្រាជ្ញ សឹង្ហជាលី ហៅ William អ្នកគ្រប់គ្រងការផលិតមាតិការ «ដេកគិត_Dekkit» បានរៀបរាប់ប្រាប់ឱ្យដឹងថា ការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ការរស់នៅរបស់យើងដែលកាន់តែមមារញឹក ហើយបញ្ហាក៏កាន់តែកើនឡើង មិនថាបញ្ហាសង្គម ឬបញ្ហាបរិស្ថាន។ ជាមួយគ្នានេះដែរ «ដេកគិត_Dekkit» បានសង្កេតឃើញថាប្រជាជនកម្ពុជាភាគច្រើន មិនទាន់បានយល់ដឹងស៊ីជម្រៅអំពីបញ្ហាបរិស្ថាននៅឡើយទេ ដោយពួកយើងមិនបានដឹងថា ទម្លាប់នៃការរស់របស់យើងមួយចំនួនបានធ្វើឱ្យប៉ះពាល់ទៅដល់សុខុមាលភាពរបស់ភពផែនដីដែលជាផ្ទះតែមួយរបស់យើង។
គោលបំណងចម្បងដែលរូបលោក ក៏ដូចជាក្រុមបានបង្កើត ផ្លេតហ្វម «ដេកគិត_Dekkit» គឺមានបំណងជម្រុញឱ្យប្រជាជនកម្ពុជាមានការគិតពិចារណាឡើងវិញ ទៅលើសកម្មភាពដែលបុគ្គលម្នាក់ៗ បានធ្វើ និងជះឥទ្ធិពលទៅលើសុខុមាលភាពរបស់ភពផែនដី ទោះតិចក្តី ច្រើនក្តី ពីព្រោះថា យើងទាំងអស់គ្នា គឺជាចំណែកមួយនៃភពផែនដី ដូច្នេះហើយ ពួកយើងក៏ត្រូវទទួលខុសត្រូវទៅលើទង្វើរបស់យើងផងដែរ។ ជាមួយនឹងគោលបំណងនេះ វានឹងអនុញ្ញាតឱ្យអ្នកទាំងអស់គ្នា មើលឃើញនូវរូបភាពថ្មីមួយអំពីរបៀបនៃការរស់នៅប្រកបដោយនិរន្តភាពនាយុគសម័យទំនើបនេះ។
លោក ប្រាជ្ញ សឹង្ហជាលី បាននិយាយថា៖ «ដើម្បីឆ្លើយតបជាមួយនឹងគោលបំណងមួយនេះ ដេកគិត_Dekkit នឹងធ្វើការផលិតនូវមាតិការឌីជីថលថ្មីៗ តាមរយៈវីដេអូស៊េរី អត្ថបទខ្លី និងរូបភាពក្រាហ្វិចអប់រំ ដែលនិយាយអំពីបញ្ហាបរិស្ថានដែលយើងទាំងអស់គ្នាកំពុងជួបប្រទះ ហើយត្រូវបានគេមើលរំលង។ ដេកគិត_Dekkit ក៏នឹងបង្ហាញអំពីដំណោះស្រាយដែលមានលក្ខណៈសកល និងសមស្របទៅនឹងបរិបទនៃការរស់នៅរបស់ប្រជាជនកម្ពុជា ដើម្បីឱ្យអ្នកអានមានឱកាសក្នុងការគិត និងឆ្លុះបញ្ចាំងឡើងវិញអំពីទម្លាប់នៃការរស់នៅរបស់ខ្លួន»។
គួរបញ្ជាក់ថាប្រទេសកម្ពុជាកំពុងតែប្រឈមខ្លាំងជាងគេ គឺបញ្ហាសំរាមតែម្តង ដោយមានរបាយការណ៍សិក្សាមួយពីមូលនិធិអាល្លឺម៉ង់ Konrad-Adenauer-Stiftung (KAS) ប្រទេសកម្ពុជាទាំងមូល បង្កើតកាកសំណល់សំរាមជាង ១ម៉ឺនតោនក្នុងមួយថ្ងៃ ឬជាង 3លាន 6សែនតោននៅក្នុងមួយឆ្នាំ ដែលភាគច្រើនសំរាមត្រូវបានបញ្ចេញចោលពីលំនៅឋាន និងរោងចក្រ សហគ្រាសនានា នៅទូទាំងប្រទេសកម្ពុជា។
សូមតាមដានរាល់វីដេអូស៊េរី អត្ថបទខ្លី និងរូបភាពក្រាហ្វិចអប់រំពី ហ្វេសបុកផេក «ដេកគិត_Dekkit» https://www.facebook.com/dekkitmedia/
រូបភាពដោយ៖ សហការី