មរតដើមជ័រច្បោះរបស់ប្រជាជនជាតិដើមភាគតិចកួយ

ខេត្តព្រះវិហារ៖ ខុសពីប្រជាជនខ្មែរដែលត្រូវចែកកេរ្តិ៍មរតជាមុខជំនួញ ដីធ្លី ផ្ទះសម្បែង ឬក៏អចលនទ្រព្យផ្សែងៗ ដល់កូនចៅ តែដូនតា​របស់ប្រជាជនជនដើមភាគតិចកួយបានចែកកេរ្តិ៍មរតដើមជ័រច្បោះដែលមាននៅក្នុងព្រៃព្រះរការឲ្យទៅកូនចៅរបស់ពួកគាត់ពីមួយជំនាន់ ទៅមួយជំនាន់ ដើម្បីប្រកបរបរចិញ្ជឹមជិវិតជាប្រចាំថ្ងៃ។

«ជ័រទឹក» ឬក៏បងប្អូនប្រជាជនជនជាតិដើមភាគតិចកួយហៅថា «ជ័រច្បោះ» គឺជាមុខរបរ​​ទំនៀម​​ទម្លាប់​​បន្តវេនពីដូនតារបស់ពួកគាត់បានបន្សល់ទុកឲ្យមកដល់សព្វថ្ងៃនេះ។​ ជ័រច្បោះត្រូវបានយកចេញពីដើមឈើពីរប្រភេទ គឺដើមឈើទាល និងឈើត្រាច សព្វថ្ងៃប្រជាជនជនជាតិដើមភាគតិចកួយអាចប្រមូលអនុផលពីជ័រច្បោះម្តងៗ បានចាប់ពី ៣ ទៅ ៤កាន ដែលក្នុងមួយកានមានចំណុះ ៣០លីត្រ ឬក៏លើសពីនេះទៅតាមដើមច្បោះដែលពួកមាន។

ដោយពួកគាត់ត្រូវចំណាយពេលប្រហែលជា២យប់ ៣ថ្ងៃក្នុងការចូលព្រៃដើម្បីប្រមូលផល ហើយពួកគាត់អាចលក់ជ័រទឹកទៅឲ្យឈ្នួញកណ្តាលបានមួយកានចាប់ពីតម្លៃ ៧ម៉ឺនរៀល ទៅដល់ ៨ម៉ឺនរៀល ដែលចំណូលសរុបយ៉ាងតិចបានប្រហែលជាង ៣០ម៉ឺនរៀលក្នុងពេលពួកគាត់ចូលទៅប្រមូលផងម្តងៗ។

វិធីដែលបងប្អូនជនជាតិដើមភាគតិចកួយដងជ័រច្បោះពីដើមឈើទាល និងដើមឈើត្រាច គឺពួកគាត់ត្រូវចោះដើមឈើយកមុខប្រហែលជាង៦០សង់ទីម៉ែត្រ និងធ្វើការដុតភ្លើងត្រង់កន្លែងចោះនោះដើម្បីឲ្យវាចេញជ័របានល្អ និងដងយកជ័រច្បោះដាក់កាន បន្ទាប់មកទៀតពួគគាត់មានធ្វើជាឧបរកណ៍ដាក់បាំងទឹកភ្លៀងកុំឲ្យហូរចន្លោះនាំឲ្យខួចខាតជ័រច្បោះរបស់ពួកគាត់។

អត្ថប្រយោជន៍របស់ជ័រច្បោះជាក់ស្តែងគេអាចយកវាមកលាយជាមួយជ័រចុងទុកសម្រាប់បិត ឬក៏លាបទូកកុំឲ្យជ្រាបទឹក និងប្រើសម្រាប់ធ្វើគប់ភ្លើង ឬចន្លុះក៏បាន។ ដោយសារតែជ័រច្បោះមានភាពស្អិតយ៉ាងខ្លាំង អាចធ្វើឲ្យគេលាបនៅលើផ្ទៃខាងក្រៅឥដ្ឋ ដើម្បីបន្សារពីដុំឥដ្ឋទៅដុំឥដ្ឋមួយទៀតពេលសាងសង់ប្រាសាទផងដែរកាលពីសម័យដើម។

លោក ស៊ុំ ស៊ូ អាយុ ៣២ឆ្នាំ ជាជនជាតិដើមភាគតិចកួយរស់នៅភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ហើយក៏ជាអ្នកប្រកបរបរដងជ័រទឹកម្នាក់ដែលនោះបានរៀបរាប់ប្រាប់ឲ្យដឹងថា លោកបានចូលព្រៃ ២យប់ ៣ថ្ងៃ ហើយបានប្រមូលបានជ័រទឹកចាប់ពី ៣កាន ទៅ៤កាន លោកលក់ទៅឲ្យឈ្មួញកណ្តាលបានមួយកានចាប់ពី ៧ម៉ឺនរៀល ទៅដល់ ៨ម៉ឺនរៀល។

លោក ស៊ុំ ស៊ូ បានលើកឡើងថា៖ «ពេលចូលព្រៃម្តងៗ ប្រហែលជាពីរយប់ បីថ្ងៃ ហើយញ៉ុមអាចដងជ័រទឹកបានចាប់ពី ៣កាន ទៅ៤កាន លក់បានមួយកាន ពី៧ម៉ឺន ទៅ៨ម៉ឺនរៀលអីណ្ណឹង!!! សរុបទៅគឺបានប្រហែលជាជាង៣០ម៉ឺនរៀល តែញ៉ុមក៏ត្រូវចែកទៅឲ្យគ្រួសារបងប្រុសផងដែរ»។

ចំណែកឯលោក ស៊ុត សាវន អាយុ ៣៥ឆ្នាំ ជាប្រជាជនជនជាតិដើមភាគតិចកួយមួយរូបដែលនោះ ក៏ជាអ្នករស់នៅក្នុងភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានប្រាប់ឲ្យដឹងថា លោកបានឈប់រៀននៅថ្នាក់ទី៩ ក្នុងអំឡុងឆ្នាំ២០០៧។  លោកក៏បានប្រកបរបរដងជ័រច្បោះដែលដូនតារបស់លោកបានបន្សល់ទុកឲ្យចាប់តាំងពីឆ្នាំ២០០៧​ រហូតដល់ឆ្នាំ២០១៦។ ដោយកាលនោះលោកអាចដងបានចាប់ពី១០កាន ទៅ១២កាន ហើយកាលនៅះលោកអាចលក់បានតំម្លៃពី ៤ម៉ឺនរៀល ទៅ៥ម៉ឺនរៀល ដែលចំណូលសរុបយ៉ាងតិចបានប្រហែលជាង ៦០ម៉ឺនរៀលក្នុងពេលពួកគាត់ចូលទៅប្រមូលផងម្តងៗ។

លោក ស៊ុត សាវន បានលើកឡើងថា៖ «កាលពីឆ្នាំ២០០៧ណ្ណឹង គឺដងបាន១០កាន ទៅ១២កាន កាលណុងលក់បាន ៤ម៉ឺនរៀល  ទៅ៥ម៉ឺនរៀល តែក្រោយមកបានឡើងទៀត»។

គួរបញ្ជាក់ថាដើមជ័រច្បោះភាគច្រើនមានដុះនៅក្នុងព្រៃក្រាស់ៗ ដូចជាព្រៃឡង់ និង​ព្រៃព្រះរការជាដើម។ តែមួយរយៈចុងក្រោយនេះដោយមានការកាប់ទន្រ្ទានព្រៃឈើ ក៏ដូចជាឈានដល់ការកាប់បំផ្លាញដើមជ័រច្បោះពីជនខិលខួចមួយចំនួនតូចបានធ្វើឲ្យប្រជាជនជនជាតិដើមភាគតិចកួយមួយចំនួនបានបាត់បង់ដើមជ័រច្បោះរបស់ពួកគាត់ និងប្រឈមនឹងបញ្ហាជីវិភាពផងដែរ។

រូបថតដោយ៖ គៀត សុរិទ្ធធាវី និងសាគូរ៉ា អេងលី