The Safari ទីកន្លែង Glamping ដ៏ស្ងប់ស្ងាត់នៅក្នុងតំបន់រមណីយដ្ឋានទំនប់ម្លេច

ខេត្តកំពត៖ រមណីយដ្ឋានទំនប់​ម្លេច គឺជាឋានសួគ៌ដ៏អាថ៌កំបាំងដែលរុំព័ទ្ធទៅដោយជួរភ្នំមានរាងដូចកងមួយជុំស្ថិតនៅព្រំប្រទល់​រវាង​ខេត្តតាកែវ និងខេត្ត​កំពត​ ក្នុង​ស្រុកជុំគិរី ដែលមានចំម្ងាយ​ប្រមាណជាង១០៣​គីឡូ​ម៉ែត្រពី​រាជធានី​ភ្នំពេញ និងប្រមាណជាង៥៨គីឡូម៉ែត្រពីទីរួមខេត្តកំពត ដោយធ្វើដំណើរតាម​ផ្លូវ​ជាតិ​លេខ​៣។​

រមណីយដ្ឋានទំនប់​ម្លេច អមទៅដោយអាងស្តុបទឹកដ៏ធំថ្លាឆ្វេងមួយ ដែលបានបន្សល់ទុកតាំងពីជំនាន់ខ្មែរក្រហម នៅជុំវិញទំនប់មានតូបជាច្រើនដែលបានសាងសងឡើងដើម្បីបម្រើសសេវាកម្មទេសចរណ៍។ ភ្ញៀវទេសចរអាចរីករាយជាមួយនឹងការដើរលើខ្សែពួរ ជិះកៃយ៉ាក និងជិះទូកកម្សាន្តលើផ្ទៃទឹក ជាពិសេសភ្ញៀវទេសចរអាចគយគន់សត្វស្លាបជាច្រើនប្រភេទ។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនៅទីនោះមានរីសតបែបទំនើបមួយកំពុងតែមម៉ាញឹកក្នុងការរៀបចំទទួលភ្ញៀវស្ទើរតែរៀងរាល់ថ្ងៃ។​ រីសតបែបទំនើបនេះ បានរចនាឡើងតាមបែបលោកខាងលិច ដោយមានការរៀបចំបន្ទប់ស្នាក់នៅជាតង់ខ្នាតធំៗ ពណ៌ស ដែលនៅលោកខាងលិចគេនិយមហៅថា Glamping អមទៅដោយ​អំពូលភ្លើងតិចតួចនៅពេលរាត្រី ភ្ញៀវទេសចរអាចមើលព្រះច័ន្ទ មើលផ្កាយរាប់រយ បង្កាត់ភ្នក់ភ្លើង រីករាយជាមួយនឹងថ្ងៃលិច និងថ្ងៃរះដ៏ស្រស់ស្អាតនៅបរិវេណ The Safari។

លោក វីរៈ ច័ន្ទតារា ម្ចាស់រីសត​​ The Safari បានប្រាប់ឲ្យដឹងខ្លះៗ ពីមូលហេតុដែលគាត់បានជ្រើសរើសតំបន់នេះជាទីកន្លែងបង្កើតរីសតបែប Glamping នេះឡើង គឺដោយសារតែគាត់យល់ឃើញថា វាជាទីកន្លែងដែលពិសេសជាងគេនៅពេលដែលក្រលេកទៅឃើញមានភ្នំជាច្រើនហ៊ុមព័ន្ធជុំវិញ ម្យ៉ាងវិញទៀតវាគឺតំបន់មិនសូវមានអ្នកស្គាល់ ដូច្នេះគាត់មានបំណងចង់ចូលរួមផ្សព្វផ្សាយតំបន់នេះឲ្យក្លាយជាតំបន់ទេសចរណ៍ ដែលមានសក្តានុពលបំផុតនៅពេលអនាគត។​ គាត់បានប្រាប់ឲ្យដឹងទៀតថាគោលដៅដ៏ទាក់ទាញរបស់ The Safari ដោយសារតែទំនប់​ម្លេច ជាទីកន្លែងប្រវត្តិសាស្រ្តមួយដែលបានបន្សល់ទុកតាំងពីជំនាន់ខ្មែរក្រហម​ មួយវិញទៀត គឺដោយសារ The Safari ជារីសតដែលមានលក្ខណៈខុសដាច់ពីនៅគេនៅក្នុងប្រទេសយើង។

លោក វីរៈ ច័ន្ទតារា បានលើកឡើងថា៖ «តង់ទាំងនេះគឺភាគច្រើនមាននៅតែអឺរ៉ុបប៉ុណ្ណោះ ការរៀបចំតង់លក្ខណៈពាក់កណ្តាលរង្វង់ គឺជាភាពទាក់ទាញបំផុត ប្រសិនបើថតពីខាងលើ នឹងឃើញវាជារង្វង់ និងជាជួរដ៏ស្រស់ស្អាតមែនទែន។ ដោយសារតែមានផ្ទៃទឹក បូករួមទាំងភ្នំនៅពីខាងមុខ ភ្ញៀវភាគច្រើនស្ទើរតែមិនជឿរថា The Safari គឺជារីសតដែលមាននៅស្រុកខ្មែរនោះទេ»។

លោក វីរៈ ច័ន្ទតារា បានលើកឡើងទៀតថា៖ «The Safari គឺជាកន្លែងផ្តល់ជូននៅបទពិសោធន៍នៃការបោះតង់ជាជាងការមកគេងលេង ដោយវាមានលក្ខណៈខុសពីការដែលភ្ញៀវទៅសម្រាកនៅរីសតផ្កាយ៤ ឬក៏ផ្កាយ៥។ តែសម្រាប់ The Safari បានផ្តល់បទពិសោធន៍គេងតង់ Outdoor Dinning ជាមួយមិត្តភក្តិ ក្រុមគ្រួសារ និងក្រុមការងារ ខ្ញុំតែងតែជម្រាបថា Camping វាមិន Comfortable នោះទេ ប៉ុន្តែវាតែងតែបញ្ជាប់ឡើងដោយការចង់ចាំដ៏ល្អមួយ»។

លោក វីរៈ ច័ន្ទតារា ក៏បានបង្ហើបឲ្យដឹងពីចក្ខុវិស័យរបស់ The Safari ថាគឺ ជាការមើលឃើញពីវិស័យទេសចរណ៍នៅមានការខ្វះខាត តំបន់ទេសចរណ៍មានច្រើននៅក្នុងប្រទេសកម្ពុជា ប៉ុន្តែវិស័យស្នាក់នៅ និងការផ្តល់ជូននៅមានកម្រិតដូច្នេះ The Safari មិនត្រឹមតែជាការបោះតង់នោះទេគឺ The Safari មានបំណងចង់ក្លាយជារីសតដែលធំជាងនេះនៅពេលអនាគត។

បច្ចុប្បន្ន The Safari មានផ្តល់សេវាកម្មបោះតង់ ហើយក៏កំពុងតែវិវន្តន៍ពីការបោះតង់ធម្មតាទៅជា Glamping ដូចទៅនឹងប្រទេសអឺរ៉ុបតែម្តង ដោយមានការកែសម្រួលបរិស្ថានជុំវិញទីតាំងឲ្យកាន់តែស្រស់ស្អាត សេវាកម្មកាន់តែល្អ កាន់តែមានស្តង់ដា ដើម្បីប្រកួតប្រជែងជាមួយនឹងរីសតផ្សែងៗទៀត។ The Safari មានបំណងចង់ក្លាយខ្លួនជា Glamping ដែលល្អដាច់គេនៅក្នុងប្រទេកម្ពុជា និងមិនត្រឹមតែមាននៅជុំគិរីតែប៉ុណ្ណោះនោះទេ គឺអាចនឹងមាននៅកំពត កោះកុង ឳរ៉ាល់ មណ្ឌលគិរី និងតំបន់ផ្សេងៗ ទៀតជាច្រើនដែលមានធម្មជាតិស្អាត។

រូបថតដោយ៖ សហការី