ភ្នំពេញ៖ មានតែស្រ្តីតែ១៣នាក់ប៉ុណ្ណោះក្នុងចំណោមអត្តពលិកគុនដាវ ៦៥នាក់នៅទូទាំងប្រទេសកម្ពុជាដែលបានហាត់រៀនកីឡាគុនដាវ ដោយសារតែស្រ្តីភាគច្រើនមិនសូវជាចាប់អារម្មណ៍ក្នុងការលេងកីឡា និងគិតថាកីឡាគុនដាវជាប្រភេទដែលមានគ្រោះថ្នាក់។
កីឡាគុនដាវជាប្រភេទកីឡាអភិជន និងជាប្រភេទកីឡាប្រយុទ្ធបែបយុទ្ធសាស្រ្ដ ដោយមិនមែនជាប្រភេទកីឡាប្រើកម្លាំងសុទ្ធសាធនោះទេ។ កីឡាគុនដាវមានប្រវត្តិមកពីប្រទេសលោកខាងលិច ឬក៏ប្រទេសអឺរ៉ុប ហើយភាគច្រើនអ្នកដែលលេងកីឡានេះ គឺមកពីត្រកូលអភិជន អ្នកដែលមានជីវភាពមធ្យមឡើងទៅ ឬក៏បុគ្គលជោគជ័យ ជាពិសេសគឺជាបុគ្គលល្បីៗ នៅលើពិភពលោក។
ចំណុចល្អនៃកីឡាគុនដាវ គឺវាមិនត្រឹមតែជាប្រភេទកីឡាលេងដើម្បីសុខភាពតែប៉ុណ្ណោះទេ វាក៏ជាប្រភេទកីឡាហ្វឹកហាត់ផ្លូវចិត្ត និងបញ្ញាស្មារតីឲ្យបានរឹងមាំផងដែរ។ ជាពិសេសប្រភេទដាវនីមួយៗ បានបញ្ជាក់ពីអត្តចរឹក និងភាពឆ្លាតវៃរបស់បុគ្គលដែលហាត់រៀន។ លើសពីនេះទៅទៀតកីឡាគុនដាវជាប្រភេទកីឡាអូឡាំពិក មានន័យថាវាជាកីឡាដែលមានសុវត្ថិភាព បើប្រៀបធៀបជាមួយប្រភេទកីឡាប្រយុទ្ធផ្សេងៗ គុនដាវភាគតិចណាស់ដែលអាចបណ្តាលឲ្យមានរបួសបន្ទាប់ពីការប្រកួត។
លោក សុខ អាង អគ្គលេខាធិការនៃសហព័ន្ធកីឡាគុនដាវកម្ពុជាបានប្រាប់ឲ្យដឹងពីកត្តាដែលធ្វើឲ្យស្រ្ដីតិចតួចបំផុតចូលរួមលេងកីឡាគុនដាវនេះ ដោយសារតែស្រ្ដីភាគច្រើនមិនចូលចិត្តលេងកីឡា ជាពិសេសប្រភេទកីឡាប្រយុទ្ធ។ សិស្សជានារីៗ នៅតាមសាលាដែលមានចំណង់ចំណូលចិត្តលេងកីឡានេះ ភាគច្រើនអាណាព្យាបាលរបស់ពួកគាត់មិនអនុញ្ញាតលេង ព្រោះពួកគាត់យល់ថាវាជាប្រភេទកីឡាដែលគ្រោះថ្នាក់។ គាត់បានបន្ថែមទៀតថាធ្លាប់មានកីឡាការិនីខ្លះឈប់ហាត់រៀនទៅវិញ ក៏ព្រោះតែពេលពួកគាត់ប្រកួតហើយមានស្មាមជាំនៅលើដងខ្លួន អ្នកខ្លះគិតថាវាឈឺសាច់ និងធ្វើឲ្យប៉ះពាល់ដល់សម្រស់ អ្វីដែលជាផលវិបាកជាងនេះទៅទៀត គឺគុនដាវជាប្រភេទកីឡាត្រូវការប្រើប្រាស់សម្ភារៈថ្លៃៗ និងពិបាករកទិញនៅក្នុងប្រទេសកម្ពុជា។
លោក សុខ អាង បានលើកឡើងថា៖ «គិតត្រឹមឆ្នាំ២០១៩ នៅក្នុងសហព័ន្ធកីឡាគុនដាវកម្ពុជាមានស្ដ្រីចំនួនតែ១៣នាក់ប៉ុណ្ណោះ ក្នុងចំណោមអត្តពលិកគុនដាវ ៦៥នាក់ទូទាំងប្រទេស ក្នុងចំណោមនោះមានកីឡាការិនីចំនួន៤នាក់ ត្រូវបានជ្រើសរើសចូលក្រុមជម្រើសជាតិ»។
កីឡាការនី យី លីហ្សា ដែលមានអាយុ ១៩ឆ្នាំ ជាសិស្សរៀននៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា បានចូលហាត់រៀនកីឡាគុនដាវអស់រយៈពេល ៤ឆ្នាំមកហើយ។ គាត់បានប្រាប់ឲ្យដឹងពីមូលហេតុដែលគាត់ចូលហាត់រៀនកីឡាគុនដាវ ពីព្រោះដោយសារតែការស្រលាញ់ពេញចិត្តរបស់គាត់ ហើយមួយវិញទៀតគាត់បានមើលឃើញថាកីឡាគុនដាវមិនទាន់មានអ្នកស្គាល់ និងលេងច្រើន ដូច្នេះវាក៏ជាឪកាសល្អសម្រាប់គាត់ក្នុងការហាត់រៀនផងដែរ។ គាត់បានបន្ថែមថាវាមានផលពិបាកបន្តិចបន្តួចសម្រាប់មនុស្សស្រីដូចគាត់ក្នុងការហាត់រៀនកីឡាគុនដាវនេះ គឺតម្រូវឲ្យគាត់ហ្វឹកហាត់ច្រើនម៉ោងដើម្បីធ្វើឲ្យរាងកាយសម្បទារបស់គាត់រឹងមាំ តម្រូវឲ្យគាត់ត្រូវតែមានកម្លាំងខ្លាំង មានភាពឈ្លាតវៃ និងមានភាពរហ័សរហួន ផ្គួបផ្សំជាមួយនឹងបច្ចេកទេសរបស់គាត់ផ្ទាល់ខ្លួនតែម្តង។
កីឡាការនី យី លីហ្សា បានលើកឡើងថា៖ «តាំងពីនាងខ្ញុំចូលហាត់រៀនកីឡាគុនដាវនេះមក ខ្ញុំទទួលបានភាពសុខប្លែក និងភាពជោគជ័យជាច្រើននៅក្នុងជីវិតរបស់ខ្ញុំ ខ្ញុំបានក្លាយទៅជាគំរូល្អម្នាក់ដល់មនុស្សជាច្រើន ពីព្រោះការលេងកីឡាវាមិនបានធ្វើឲ្យខ្ញុំទៅប្រើប្រាស់គ្រឿងញៀន និងប្រព្រឹត្តិអំពើខុសច្បាប់នៅក្នុងសង្គម។ កីឡាបានធ្វើឲ្យខ្ញុំមានសុខភាពល្អ បាននាំខ្ញុំទៅរកក្ដីស្រមៃរបស់ខ្ញុំ ហើយកីឡាបានធ្វើឲ្យខ្ញុំមានមោទនភាពចំពោះខ្លួនឯង និងសង្គមរបស់ខ្ញុំ»។
កីឡាការនី ឆាយ លីនលី ដែលមានអាយុ ១៨ឆ្នាំ ជាសិស្សវិទ្យាល័យ ជាស៊ីម សន្ធរម៉ុក បានចូលហាត់រៀនកីឡាគុនដាវនេះអស់រយៈពេល៥ឆ្នាំមកហើយ គាត់បានប្រាប់ពីមូលហេតុដែលបានធ្វើឲ្យគាត់ហាត់រៀនកីឡាគុនដាវ ពីព្រោះតែកីឡាគុនដាវនេះ គឺជាប្រភេទកីឡាដែលមានសក្តានុពលនាពេលបច្ចុប្បន្ន និងនាពេលអនាគត។ កីឡាគុនដាវប្រើប្រាស់បញ្ញាជាជាងប្រើកម្លាំងលុតដំកាយសម្បទាឲ្យរឹងមាំ គាត់បានបន្ថែមថាក្នុងនាមជាមនុស្សស្រីម្នាក់វាពិតជាពិបាកណាស់ ហើយវាក៏មិនងាយស្រួលដូចជាបុរសនោះទេ ក្នុងការហាត់រៀនកីឡាគុនដាវនេះ ប៉ុន្តែក៏មិនប្រាកដថាត្រូវចាញ់បុរសនោះដែរ បើទោះបីជាកាយសម្បទាមិនរឹងមាំដូចជាបុរស ក៏ប៉ុន្តែគាត់ក៏មានប្រាជ្ញាដូចបុរស ហើយពេលខ្លះក៏ទទួលបានការជោគជ័យជាងបុរសផងដែរ។
កីឡាការនី ឆាយ លីនលី បានលើកឡើងថា៖ «ក្នុងនាមខ្ញុំជាកីឡាការនីម្នាក់ ខ្ញុំចង់ផ្ដាំផ្ញើទៅដល់អ្នកដែលមានបំណងចង់ហាត់កីឡាគុនដាវទាំងអស់គ្នាថាកីឡាគុនដាវ គឺជាកីឡាមួយដែលកម្ពុជាកំពុងតែត្រៀមធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ ដូចនេះអ្នកជំនាន់ក្រោយទាំងអស់ត្រូវតែខិតខំលុតដំដើម្បីទទួលបានមេដាយកិត្តិយសសម្រាប់ខ្លួនឯង គ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល»។
កីឡាការនី ឆាយកៀក យូកិ ដែលមានអាយុ ១៥ឆ្នាំ និងជាសិស្សរៀននៅសាលាអង់គ្លេសអន្តរជាតិរាជធានីភ្នំពេញ The British International School of Phnom Penh ហើយក៏ជាកីឡាការនីដែលទើបតែបានចូលហាត់រៀនកីឡា គុនដាវបានតែ ១១ខែប៉ុណ្ណោះ ក៏បានប្រាប់ពីមូលហេតុដែលធ្វើឲ្យគាត់សម្រេចចិត្តចូលហាត់រៀនកីឡាគុនដាវ គឺដោយសារតែកីឡាគុនដាវបានបង្រៀនឲ្យគាត់ចេះប្រើប្រាស់ប្រាជ្ញា និងថែមទាំងអាចជួយឲ្យគាត់មានសុខភាពល្អ។ គាត់ក៏បានប្រាប់ពីផលលំបាកតិចតួចក្នុងនាមជាស្រ្តីដែលបានហាត់រៀនកីឡាគុនដាវ ដោយសារតែគាត់មិនសូវមានកម្លាំងដូចមនុស្សប្រុស ហើយពេលហាត់មិនសូវជាទទួលបានលទ្ធផលល្អដូចប្រុសៗនោះទេ។ ពេលខ្លះកម្មវិធីតម្រូវឲ្យហាត់ខ្លាំងៗ ហើយគាត់មានការលំបាកក្នុងការហ្វឹកហាត់ដោយសារកម្លាំងរបស់គាត់មិនគ្រប់គ្រាន់។ គាត់ក៏មានសារខ្លះៗ សម្រាប់ជាការផ្តាំផ្ញើរទៅកាន់អ្នកដែលមានបំណងចង់ហាត់រៀនកីឡានេះ ដោយសារតែកីឡាគុនដាវជាប្រភេទកីឡាមិនសូវជាមានអ្នកហាត់រៀនច្រើន ហើយវាមិនមែនជាកីឡាដែលពេញនិយមលេងច្រើននៅក្នុងប្រទេសកម្ពុជា ដូចនេះនៅពេលដែលអ្នកសម្រេចចិត្តថាហាត់រៀនត្រូវតែមានភាពអំណត់អត់ធ្មត់ ការប្តេជ្ញាចិត្ត និងមានភាពក្លាហានក្នុងការហាត់រៀន។
កីឡាការនី ឆាយកៀក យូកិ អាយុ បានលើកឡើងថា៖ «តាំងពីខ្ញុំបានហាត់រៀនគុនដាវ ខ្ញុំទទួលបានភាពខុសប្លែក និងការជោគជ័យច្រើន រាងកាយខ្ញុំក៏ដូចជាសុខភាព មានភាពរឹងមាំជាងមុន មិនងាយឈឺដូចមុនៗ ជាពិសេសខ្ញុំក៏មានអារម្មណ៍ថាសប្បាយចិត្តជាងមុន និងមិនសូវស្រេ្តស»។
គួរបញ្ជាក់ថាកីឡាគុនដាវគឺជាប្រភេទកីឡាប្រយុទ្ធបែបយុទ្ធសាស្រ្ដដូចច្នេះ លក្ខខណ្ឌក្នុងការចូលហាត់រៀនកីឡានេះបើកទូលំទូលាយដោយមិនប្រកាន់អាយុ ភេទ ឲ្យតែមានកាយសម្បទានមាំមួន។ មកដល់ពេលបច្ចុប្បន្ន សហព័ន្ធអន្ដរជាតិបានរៀបចំការប្រកួតជាច្រើន ក្នុងនោះមានការប្រកួតទៅតាមកម្រិតអាយុដូចជា ក្រោមអាយុ១៣ឆ្នាំ អាយុពី១៣-១៧ឆ្នាំ អាយុពី១៨-២១ឆ្នាំ ពី២១-៣៥ឆ្នាំ ពី៣៥-៤៥ឆ្នាំ និងពី៤៥ឆ្នាំ-៧០ ឡើងទៅ ហើយការប្រកួតទាំងអស់សុទ្ធតែជាការប្រកួតផ្លូវការ និងមានការយកចិត្តទុកដាក់ពីគណៈកម្មការរៀបចំការប្រកួតទាំងអស់។
រូបថតដោយ៖ សហការី និង សាគូរ៉ា អេងលី