អត្ថប្រយោជន៍ពីការដើរព្រៃ និងការបោះតង់

មិត្ត​អ្នកអាន​ជាច្រើន​ប្រហែលជា​មាន​ការ​ចាប់​អារម្មណ៍​ទៅលើ​បណ្តោញ​សង្គម​ ជាពិសេស​គឺបណ្តាញ​សង្គមហ្វេក​បុក​មួយ​រយៈ​នេះមាន​ការ​ស៊ែរ​រូប​ពីការ​បោះតង់​ ក៏ដូច​ជា​ការដើរ​លេង​ព្រៃភ្នំ​ជាច្រើន​បានលេច​ឡើង​ស្ទើរ​តែរាល់​ថ្ងៃ​។ មានបាន​ចាប់​អារម្មណ៍​ទេថា​ ហេតុអី្វ​បានជា​នាពេល​បច្ចុប្បន្ន​នេះប្រជាជន​ខ្មែរ​យើង​ឥឡូវ​បាន​ផ្លាស់ប្តូ​រផ្នត់​គំនិត​ ពីការ​ធ្វើដំណើរ​កម្សាន្ត​បែប​លក្ខណៈ​សុខស្រួល​ ទៅជា​ការ​ធ្វើដំណើរ​កម្សាន្ត​បែបលក្ខណៈ​ផ្សងព្រេង​ និង​គេង​ដោយបោះត​ង់ទៅ​វិញ​។

លោក​​ ញ៉េប​ វណ្ណៈ​ គឺជា​ស្ថាប​និក​ហ្វេក​បុក​ផេក​ដ៏ល្បី​មួយ​ដែលភាគ​ច្រើនហេ្វន​ៗ ស្គាល់ថា​ DanCherng​ Adventure​/ដានជើង​ ជាផេក​ដែលតែង​តែនាំយក​ទីកន្លែង​កម្សាន្តស្អាត​ៗ ​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​​ ជា​ពិសេស​ គឺទី​កន្លែង​បោះតង់​ និង​ព្រៃភ្នំ​មក​ផ្សព្វ​ផ្សាយ​ដល់អ្នក​ដែលមាន​ចំណងចំណូល​ចិត្តបោះ​តង់​ និង​ដើរ​ព្រៃបា​​នស្គាល់​។ គាត់​បាន​ចូលរួម​ចែក​រំលែក​បទពិសោធន៍​ថា​​ គាត់បាន​ធ្វើការ​បោះតង់​ និង​ដើរព្រៃ​រយៈពេល​ ៣ឆ្នាំ​មក​ហើយ​។ គាត់​បាន​ប្រាប់​ឲ្យដឹង​ពីមូលហេតុ​ដែលបាន​ជម្រុញ​ឲ្យខ្លួន​គាត់​សម្រេច​ចិត្តចូល​រួមបោះតង់​ និងដើរ​ព្រៃដោយ​សារតែ​ចង់បាន​បទពិសោធន៍​ដ៏ល្អ​មួយសម្រាប់​ជិវិត​​ ជាមួយ​នឹងការផ្សារ​ភ្ជាប់ជា​មួយធម្មជាតិ​ ជាពិសេស​គឺដោយ​សារតែ​គាត់ជា​មនុស្សដែល​រីករាយ​នឹងធម្មជាតិ​ ក៏ដូចជា​ខ្យល់អាកាស​បរិសុទ្ធតែម្តង​។

គាត់​បានបន្ថែម​ថាគាត់​ចង់​ចែក​រំលែក​បទពិសោធន៍​ ចែករំលែក​ទីកន្លែង​ដែលគាត់​បានទៅ​ដល់​ បន្សល់​ទុកដាន​ និង​ផ្ទាំងទស្សីយ​ភាព​ទៅ​ដល់អ្នក​ជំនាន់ក្រោយ​ ឬក៏សម្រាប់​អ្នកដែល​មិនទាន់​បានទៅដល់​ទីកន្លែង​ដែលមានទេសភាព​ស្រស់ស្អាត​។​ គាត់​បានរៀប​រាប់ប្រាប់​ឲ្យដឹង​ពីការដើរព្រៃ​ ដែល​បានអត្ថ​ប្រយោគន៍​ក្នុងការកាត់​បន្ថយស្រ្គេស​ ធ្វើ​ឲ្យគាត់​សប្បាយ​រីករាយ​ជាមួយ​នឹងធម្មជាតិ​ មាន​សាមគ្គី​ភាព​ជាមួយ​នឹងក្រុម​ ក៏ដូច​ជាមនុស្ស​ជុំវិញខ្លួន​ លើស​ពីនេះទៅ​ទៀត​គឺផ្តល់​បទពិសោធន៍​ក្នុង​ការអត់​ធ្មត់​លុត​ដំខ្លួន​ឯង​ ចេះរៀប​ចំដាក់​គោល​ដៅជិវិ​តរបស់​ខ្លួនឯង​ និង​ជម្រុញ​ខ្លួនឯង​ឲ្យទៅ​ដល់​គោលដៅ​។

 លោក​ ញ៉េប​ វណ្ណៈ​ បាន​លើកឡើង​ថា​​៖ «ការ​ចំណាយ​ពេល​ជាមួយ​នឹងធម្មជាតិ​ មានអត្ថ​ប្រយោជន៍​ចំពោះ​ផ្លូវចិត្ត​ខ្លាំងណាស់​!!!​ ទីមួយ​គឺយើង​ “Emotional​” យើង​អាច​ថាអូខេ​…បើយើង​ត្រូវឆ្លង​កាត់ទី​កន្លែង​ណាមួយ​ដែល​លំបាកបាន​ អញ្ជឹង​វាធ្វើឲ្យ​យើងមាន​មោទនភាព​សម្រាប់​ខ្លួនឯង​ថាយើង​អាចធ្វើ​វា​បាន​  “I can do it​” អញ្ជឹង​វាជម្រុញ​ផ្លូវចិត្ត​យើង​កាន់តែខ្លាំង​ ឲ្យយើង​ចេះអត់​ធ្មត់​ ចេះអត់​ទ្រាំ។​ អញ្ជឹង​នៅពេល​ចេះអត់​ធ្មត់​ ចេះ​អត់ទ្រាំ​ នៅពេល​ដែលយើង​ជួបបញ្ហា​អីមួយ​ អញ្ជឹង​យើង​ចេះដោះ​ស្រាយវា​ យើងអាច​ព្យាយាម​អត់ធ្មត់​ ឬក៏អាច​ព្យាយាម​អត់ទ្រាំ​ដើម្បីដោះ​​ស្រាយវា​ ហើយ​យើងអាច​…និយាយ​រួមទៅ​វាបាន​បណ្តុះ​គំនិត​យើងឲ្យ​មាន​មយោបាយ​ ឬុក៏ស្អី​ៗ ដើម្បី​ដោះស្រាយ​នូវ​ឧបគ្គស​ផ្សែងៗ​ ដែល​យើង​បាន​ជួប​ប្រទះ​ ឲ្យទៅ​ជាដំណោះ​ស្រាយមួយ​បាន​យ៉ាងល្អ អញ្ជឹង​យើងអាច​ Covert​ ការវា​មកជា​ Business​ យើង​ ជាដំណើរ​ជិវិត​យើងមែន​ទែននឹង​ ឲ្យទៅជា​ផ្លូវមួយ​ដែលជា​ដំណោះស្រាយ​ដែលយើង​អាចដោះ​ស្រាយបាន​អញ្ជឹង​»។

កញ្ញា​ អាន​ ខេម៉ា​ ដែល​ទើប​តែបាន​ចូលរួម​បោះតង់​លើក​ដំបូង​ជាមួយ​មិត្តភក្តិ​នៅឯរមណីយ​ដ្ឋានថ្ម​លយ​ ក្នុងទឹក​ដីគិរីរម្យ​ នាពេលថ្មីៗ​ នេះមាន​រៀបរាប់​ប្រាប់ឲ្យ​ដឹងថា​នេះជាលើក​ទីមួយ​សម្រាប់​គាត់ដែល​បានមក​ចូលរួមបោះត​ង់ ដោយ​គាត់មិន​ធ្លាប់ធ្វើដំណើរ​កម្សាន្ដ​បែបផ្សង​ព្រេងដើរព្រៃ​ និងបោះតង់​ពីមុនមក​នោះទេ។​ គាត់​បានប្រាប់​ឲ្យដឹង​ទៀតថា​ហេតុផល​ដែលបាន​ធ្វើឲ្យគាត់​សម្រេចចិត្ត​មកចូល​​រួមបោះតង់​ជាមួយមិត្តភក្តិ​ ដោយសារ​តែគាត់​ចង់ទទួល​បានបទពិសោធន៍​ថ្មីៗ​ ហើយ​ក៏ចង់ដឹង​ពីភាព​រឹងមាំ​របស់ខ្លួន​ ថាតើ​អាចទ្រាំ​ហ្នឹងការ​លំបាក​បានដល់​កំម្រិត​ណា។​ គាត់​បានចែក​រំលែក​បន្ទាប់​ពីដំណើរ​កម្សាន្ត​របស់​គាត់ថា​ គាត់​ទទួល​បានអារម្មណ៍​ស្ងប់ស្ងាត់​ និងធូរ​ស្រាល​ នៅពេលដែល​បានមើល​ឃើញធម្ម​ជាតិ​ និងបាន​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ​ ហើយវា​ក៏បាន​ធ្វើឲ្យគាត់​ស្រលាញ់​ធម្មជាតិ​ខ្លាំងជាង​មុនផងដែរ​ ជាពិសេស​ការចំនាយ​ពេលជា​មួយធម្ម​ជាតិអាច​ជួយឲ្យផ្លូវចិត្ត​ស្ងប់ស្ងាត់ ​និង​មាន​ភាពវិជ្ជ​មានច្រើនជាង​ពេលនៅ​ក្នុងទីក្រុង​ដែលពេញ​ទៅដោយ​ផ្សែងពុល​។

កញ្ញា​ អាន​ ខេម៉ា​ បាន​លើក​ឡើងថា​៖ «ប្រសិន​បើអ្នកយល់ថា​ខ្លួនឯង​មានបញ្ហា​ច្រើនពិបាក​បែងចែក​អារម្មណ៍​ក្នុងការដោះ​ស្រាយបញ្ហា​ អ្នកអាច​សាកល្បង​ដំណើរកម្សាន្ត​បែបផ្សងព្រេង​ជាមួយ​នឹងធម្មជាតិ​ដើម្បីទទួល​យកខ្យល់​អាកាស​បរិសុទ្ធ​ ក៏ដូចជា​ជួយខ្លួនឯង​ឲ្យក្លាយជាមនុស្ស​រឹងមាំ​ជាងមុន​ ប៉ុន្តែ​សូមកុំបោះ​សម្រាម​ចោលផ្ដេស​ផ្ដាស់​ ព្រោះ​ធម្មជាតិ​ដ៏ស្រស់​ស្អាតទាំង​នឹង​ត្រូវ​បាន​អ្នក​បំផ្លាញ​»។

ចំណែក​លោក​ សារៈ​ ពិសិដ្ឋ​ ដែល​ជាអ្នកងប់ងុល​ក្នុងការបោះ​តង់​ ក៏ដូច​ជាអ្នក​ចូលចិត្ត​ដើរព្រៃ​មួយរូប​ដែលនោះបា​នរៀបរាប់​ប្រាប់ឲ្យ​ដឹងថា​ គាត់បាន​ចំណាយ​ពេលបោះតង់​ និងដើរព្រៃ​អស់រយៈ​ពេលប្រមាណ​ជា ៤ឆ្នាំ​មកហើយ​។ ប្រសិន​ជារាប់​វិញ​ប្រហែល​ពីចន្លោះ​ ៣០​ទៅ​ ៥០ដង ​ទៅហើយ​ដែលគាត់​បានចូល​រួមដំណើរ​កម្សាន្ត​ប្រភេទ​បោះតង់​ និងដើរ​ព្រៃនេះ។​ គាត់​បានប្រាប់​ពីមូលហេតុ​ដែលបាន​ជម្រុញគាត់​ គឺដោយសារ​តែអំឡុង​ពេលឆ្នាំ​២០១៧​ គាត់ស្គ្រេស​នឹងបញ្ហា​សម្ពោធ​គ្រួសារ​ស្ទើរតែធ្លាក់​ទៅដល់ចំណុច​សូន្យតែម្តង​ ពេល​នោះគាត់​ពិតជា​ស្មុក​ស្មាញ​នឹង​ជិវិត​ដែលពោល​ពេញទៅដោយ​បញ្ហា។​ គាត់​បាន​ប្រាប់ឲ្យ​ដឹងថា​នៅយប់​មួយពេល​ដែលគាត់​បានធ្វើ​ដំណើរ​ត្រលប់​ពីបំពេញ​បេសកម្ម​នៅខេត្តរតនៈ​គិរីវិញ​ ហើយ​ព្រឹកថ្ងៃស្អែក​ឡើង​ជាពេល​ដែល​គាត់បាន​សម្រេច​ចិត្តជា​លើកដំបូង​ក្នុងធ្វើដំណើរកម្សាន្តជាលក្ខណៈ​បោះតង់​ និង​ដើរព្រៃ​នៅឯខេត្ត​កោះកុង​ ស្រុក​ថ្មបាំង​ តំបន់​អារ៉េង​។ ការ​ដើរព្រៃ​បាន​បង្រៀន​លោកជា​ច្រើនឲ្យ​ចេះគ្រប​គ្រង់អារម្មណ៍​ខ្លួនឯង​ និង​ចេះហាត់​ពត់រាងកាយ​ខ្លួនឯង​ឲ្យរឹងមាំ​ ចេះសម្រប​ខ្លួន​ទៅនឹង​បរិយាកាស​ ចេះមើល​ថែខ្លួនឯង​ ចេះ​ពុះពារ​គ្រប់​ឧបគ្គស​ ជំនះ​ អត់ធ្មត់​ ចាប់​ពីពេល​នោះមក​គាត់បាន​ប្រាប់​ខ្លួនឯង​ថាត្រូវ​តែចេះរឿង​ជាច្រើន​បន្ថែម​ទៀតដូចជា​ ត្រូវចេះ​ហែលទឹក​ ចេះចង់​អង្រឹង​ ចេះរៀប​ចំបោះតង់​ ចេះ​ប​ង្កាត់​ភ្លើងធ្វើម្ហូ​ប​ ចេះមើល​ទីតាំង​ភូមិស្រ្តាស​ និងចេះ​មើលសណ្ឋាន​ដីពេល​ដែលលោក​វង្វេង​ក្នុងព្រៃ​។

លោក​ សារៈ​ ពិសិដ្ឋ​ បានលើក​ឡើងថា​៖ «ពេល​ដែលខ្ញុំ​ទៅទីនឹង​ គឺវា​ពិតជា​អស្ចរ្យា​មែនទែន​!!! ខ្ញុំ​បានឡើង​ភ្នំម្រេច​ កង្កែប​ ខ្ញុំ​បានគេង​នៅម្រេច​កង្កែប​ ហើយអ្វីៗ​ វាបាន​ចាប់ផ្តើម​ចូលមក​ជិវិតរបស់ខ្ញុំ​ ខ្ញុំបាន​ឃើញ​រូបភាព​ថ្មីៗ​ ជាច្រើន​ ខ្ញុំបាន​ឃើញធម្មជាតិ​ ឃើញ​ទេសភាព​ ឃើញ​អ្វីដែលជា​ខ្លួនឯង​ ហើយ​ខ្ញុំចាប់​ផ្តើមរក​ឃើញថា​ អ្វីដែល​ជាចំណង​ចំណូល​ចិត្តខ្លាំង​ជាងគេរបស់​ខ្ញុំ​ គឺការ​ដើរព្រៃ​ ការបោះ​តង់​ អីនឹង​!!! ដែលពីមុន​ ខ្ញុំអត់​ដែលដឹង​សោះ​ ហើយ​មួយផ្នែក​ធំ​ គឺដោយសារ​តែសម្រស់​ព្រៃនៅអារ៉ែង​ ដែលទាក់​ចិត្តខ្ញុំ​ឲ្យខ្ញុំលង់​នឹងសម្រស់​ធម្មជាតិ​ខ្លាំង​មែន​ទែន​»។

ការពិតការធ្វើដំណើរម្សាន្តដោយការដើរព្រៃ បោះតង់ និងឡើងភ្នំបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកដែលមានបញ្ហាជម្ងឺស្រ្តេស ល្អសម្រាប់រាងកាយ ផ្លូវចិត្ត និងបានជួយឲ្យមនុស្សជាច្រើនស្រលាញ់ និងមានបំណងចង់ផ្សារភ្ជាប់ខ្លួនឯងទៅនឹងធម្មជាតិ ហើយភាគច្រើនគឺពួកគាត់បានរកឃើញពីចំណងចំណូលចិត្តខ្លួនឯង។

រូបថតដោយ៖ សហការី