មិត្តអ្នកអានជាច្រើនប្រហែលជាមានការចាប់អារម្មណ៍ទៅលើបណ្តោញសង្គម ជាពិសេសគឺបណ្តាញសង្គមហ្វេកបុកមួយរយៈនេះមានការស៊ែររូបពីការបោះតង់ ក៏ដូចជាការដើរលេងព្រៃភ្នំជាច្រើនបានលេចឡើងស្ទើរតែរាល់ថ្ងៃ។ មានបានចាប់អារម្មណ៍ទេថា ហេតុអី្វបានជានាពេលបច្ចុប្បន្ននេះប្រជាជនខ្មែរយើងឥឡូវបានផ្លាស់ប្តូរផ្នត់គំនិត ពីការធ្វើដំណើរកម្សាន្តបែបលក្ខណៈសុខស្រួល ទៅជាការធ្វើដំណើរកម្សាន្តបែបលក្ខណៈផ្សងព្រេង និងគេងដោយបោះតង់ទៅវិញ។
លោក ញ៉េប វណ្ណៈ គឺជាស្ថាបនិកហ្វេកបុកផេកដ៏ល្បីមួយដែលភាគច្រើនហេ្វនៗ ស្គាល់ថា DanCherng Adventure/ដានជើង ជាផេកដែលតែងតែនាំយកទីកន្លែងកម្សាន្តស្អាតៗ ជាច្រើននៅក្នុងប្រទេសកម្ពុជា ជាពិសេស គឺទីកន្លែងបោះតង់ និងព្រៃភ្នំមកផ្សព្វផ្សាយដល់អ្នកដែលមានចំណងចំណូលចិត្តបោះតង់ និងដើរព្រៃបានស្គាល់។ គាត់បានចូលរួមចែករំលែកបទពិសោធន៍ថា គាត់បានធ្វើការបោះតង់ និងដើរព្រៃរយៈពេល ៣ឆ្នាំមកហើយ។ គាត់បានប្រាប់ឲ្យដឹងពីមូលហេតុដែលបានជម្រុញឲ្យខ្លួនគាត់សម្រេចចិត្តចូលរួមបោះតង់ និងដើរព្រៃដោយសារតែចង់បានបទពិសោធន៍ដ៏ល្អមួយសម្រាប់ជិវិត ជាមួយនឹងការផ្សារភ្ជាប់ជាមួយធម្មជាតិ ជាពិសេសគឺដោយសារតែគាត់ជាមនុស្សដែលរីករាយនឹងធម្មជាតិ ក៏ដូចជាខ្យល់អាកាសបរិសុទ្ធតែម្តង។
គាត់បានបន្ថែមថាគាត់ចង់ចែករំលែកបទពិសោធន៍ ចែករំលែកទីកន្លែងដែលគាត់បានទៅដល់ បន្សល់ទុកដាន និងផ្ទាំងទស្សីយភាពទៅដល់អ្នកជំនាន់ក្រោយ ឬក៏សម្រាប់អ្នកដែលមិនទាន់បានទៅដល់ទីកន្លែងដែលមានទេសភាពស្រស់ស្អាត។ គាត់បានរៀបរាប់ប្រាប់ឲ្យដឹងពីការដើរព្រៃ ដែលបានអត្ថប្រយោគន៍ក្នុងការកាត់បន្ថយស្រ្គេស ធ្វើឲ្យគាត់សប្បាយរីករាយជាមួយនឹងធម្មជាតិ មានសាមគ្គីភាពជាមួយនឹងក្រុម ក៏ដូចជាមនុស្សជុំវិញខ្លួន លើសពីនេះទៅទៀតគឺផ្តល់បទពិសោធន៍ក្នុងការអត់ធ្មត់លុតដំខ្លួនឯង ចេះរៀបចំដាក់គោលដៅជិវិតរបស់ខ្លួនឯង និងជម្រុញខ្លួនឯងឲ្យទៅដល់គោលដៅ។
លោក ញ៉េប វណ្ណៈ បានលើកឡើងថា៖ «ការចំណាយពេលជាមួយនឹងធម្មជាតិ មានអត្ថប្រយោជន៍ចំពោះផ្លូវចិត្តខ្លាំងណាស់!!! ទីមួយគឺយើង “Emotional” យើងអាចថាអូខេ…បើយើងត្រូវឆ្លងកាត់ទីកន្លែងណាមួយដែលលំបាកបាន អញ្ជឹងវាធ្វើឲ្យយើងមានមោទនភាពសម្រាប់ខ្លួនឯងថាយើងអាចធ្វើវាបាន “I can do it” អញ្ជឹងវាជម្រុញផ្លូវចិត្តយើងកាន់តែខ្លាំង ឲ្យយើងចេះអត់ធ្មត់ ចេះអត់ទ្រាំ។ អញ្ជឹងនៅពេលចេះអត់ធ្មត់ ចេះអត់ទ្រាំ នៅពេលដែលយើងជួបបញ្ហាអីមួយ អញ្ជឹងយើងចេះដោះស្រាយវា យើងអាចព្យាយាមអត់ធ្មត់ ឬក៏អាចព្យាយាមអត់ទ្រាំដើម្បីដោះស្រាយវា ហើយយើងអាច…និយាយរួមទៅវាបានបណ្តុះគំនិតយើងឲ្យមានមយោបាយ ឬុក៏ស្អីៗ ដើម្បីដោះស្រាយនូវឧបគ្គសផ្សែងៗ ដែលយើងបានជួបប្រទះ ឲ្យទៅជាដំណោះស្រាយមួយបានយ៉ាងល្អ អញ្ជឹងយើងអាច Covert ការវាមកជា Business យើង ជាដំណើរជិវិតយើងមែនទែននឹង ឲ្យទៅជាផ្លូវមួយដែលជាដំណោះស្រាយដែលយើងអាចដោះស្រាយបានអញ្ជឹង»។
កញ្ញា អាន ខេម៉ា ដែលទើបតែបានចូលរួមបោះតង់លើកដំបូងជាមួយមិត្តភក្តិនៅឯរមណីយដ្ឋានថ្មលយ ក្នុងទឹកដីគិរីរម្យ នាពេលថ្មីៗ នេះមានរៀបរាប់ប្រាប់ឲ្យដឹងថានេះជាលើកទីមួយសម្រាប់គាត់ដែលបានមកចូលរួមបោះតង់ ដោយគាត់មិនធ្លាប់ធ្វើដំណើរកម្សាន្ដបែបផ្សងព្រេងដើរព្រៃ និងបោះតង់ពីមុនមកនោះទេ។ គាត់បានប្រាប់ឲ្យដឹងទៀតថាហេតុផលដែលបានធ្វើឲ្យគាត់សម្រេចចិត្តមកចូលរួមបោះតង់ជាមួយមិត្តភក្តិ ដោយសារតែគាត់ចង់ទទួលបានបទពិសោធន៍ថ្មីៗ ហើយក៏ចង់ដឹងពីភាពរឹងមាំរបស់ខ្លួន ថាតើអាចទ្រាំហ្នឹងការលំបាកបានដល់កំម្រិតណា។ គាត់បានចែករំលែកបន្ទាប់ពីដំណើរកម្សាន្តរបស់គាត់ថា គាត់ទទួលបានអារម្មណ៍ស្ងប់ស្ងាត់ និងធូរស្រាល នៅពេលដែលបានមើលឃើញធម្មជាតិ និងបានស្រូបយកខ្យល់អាកាសបរិសុទ្ធ ហើយវាក៏បានធ្វើឲ្យគាត់ស្រលាញ់ធម្មជាតិខ្លាំងជាងមុនផងដែរ ជាពិសេសការចំនាយពេលជាមួយធម្មជាតិអាចជួយឲ្យផ្លូវចិត្តស្ងប់ស្ងាត់ និងមានភាពវិជ្ជមានច្រើនជាងពេលនៅក្នុងទីក្រុងដែលពេញទៅដោយផ្សែងពុល។
កញ្ញា អាន ខេម៉ា បានលើកឡើងថា៖ «ប្រសិនបើអ្នកយល់ថាខ្លួនឯងមានបញ្ហាច្រើនពិបាកបែងចែកអារម្មណ៍ក្នុងការដោះស្រាយបញ្ហា អ្នកអាចសាកល្បងដំណើរកម្សាន្តបែបផ្សងព្រេងជាមួយនឹងធម្មជាតិដើម្បីទទួលយកខ្យល់អាកាសបរិសុទ្ធ ក៏ដូចជាជួយខ្លួនឯងឲ្យក្លាយជាមនុស្សរឹងមាំជាងមុន ប៉ុន្តែសូមកុំបោះសម្រាមចោលផ្ដេសផ្ដាស់ ព្រោះធម្មជាតិដ៏ស្រស់ស្អាតទាំងនឹងត្រូវបានអ្នកបំផ្លាញ»។
ចំណែកលោក សារៈ ពិសិដ្ឋ ដែលជាអ្នកងប់ងុលក្នុងការបោះតង់ ក៏ដូចជាអ្នកចូលចិត្តដើរព្រៃមួយរូបដែលនោះបានរៀបរាប់ប្រាប់ឲ្យដឹងថា គាត់បានចំណាយពេលបោះតង់ និងដើរព្រៃអស់រយៈពេលប្រមាណជា ៤ឆ្នាំមកហើយ។ ប្រសិនជារាប់វិញប្រហែលពីចន្លោះ ៣០ទៅ ៥០ដង ទៅហើយដែលគាត់បានចូលរួមដំណើរកម្សាន្តប្រភេទបោះតង់ និងដើរព្រៃនេះ។ គាត់បានប្រាប់ពីមូលហេតុដែលបានជម្រុញគាត់ គឺដោយសារតែអំឡុងពេលឆ្នាំ២០១៧ គាត់ស្គ្រេសនឹងបញ្ហាសម្ពោធគ្រួសារស្ទើរតែធ្លាក់ទៅដល់ចំណុចសូន្យតែម្តង ពេលនោះគាត់ពិតជាស្មុកស្មាញនឹងជិវិតដែលពោលពេញទៅដោយបញ្ហា។ គាត់បានប្រាប់ឲ្យដឹងថានៅយប់មួយពេលដែលគាត់បានធ្វើដំណើរត្រលប់ពីបំពេញបេសកម្មនៅខេត្តរតនៈគិរីវិញ ហើយព្រឹកថ្ងៃស្អែកឡើងជាពេលដែលគាត់បានសម្រេចចិត្តជាលើកដំបូងក្នុងធ្វើដំណើរកម្សាន្តជាលក្ខណៈបោះតង់ និងដើរព្រៃនៅឯខេត្តកោះកុង ស្រុកថ្មបាំង តំបន់អារ៉េង។ ការដើរព្រៃបានបង្រៀនលោកជាច្រើនឲ្យចេះគ្របគ្រង់អារម្មណ៍ខ្លួនឯង និងចេះហាត់ពត់រាងកាយខ្លួនឯងឲ្យរឹងមាំ ចេះសម្របខ្លួនទៅនឹងបរិយាកាស ចេះមើលថែខ្លួនឯង ចេះពុះពារគ្រប់ឧបគ្គស ជំនះ អត់ធ្មត់ ចាប់ពីពេលនោះមកគាត់បានប្រាប់ខ្លួនឯងថាត្រូវតែចេះរឿងជាច្រើនបន្ថែមទៀតដូចជា ត្រូវចេះហែលទឹក ចេះចង់អង្រឹង ចេះរៀបចំបោះតង់ ចេះបង្កាត់ភ្លើងធ្វើម្ហូប ចេះមើលទីតាំងភូមិស្រ្តាស និងចេះមើលសណ្ឋានដីពេលដែលលោកវង្វេងក្នុងព្រៃ។
លោក សារៈ ពិសិដ្ឋ បានលើកឡើងថា៖ «ពេលដែលខ្ញុំទៅទីនឹង គឺវាពិតជាអស្ចរ្យាមែនទែន!!! ខ្ញុំបានឡើងភ្នំម្រេច កង្កែប ខ្ញុំបានគេងនៅម្រេចកង្កែប ហើយអ្វីៗ វាបានចាប់ផ្តើមចូលមកជិវិតរបស់ខ្ញុំ ខ្ញុំបានឃើញរូបភាពថ្មីៗ ជាច្រើន ខ្ញុំបានឃើញធម្មជាតិ ឃើញទេសភាព ឃើញអ្វីដែលជាខ្លួនឯង ហើយខ្ញុំចាប់ផ្តើមរកឃើញថា អ្វីដែលជាចំណងចំណូលចិត្តខ្លាំងជាងគេរបស់ខ្ញុំ គឺការដើរព្រៃ ការបោះតង់ អីនឹង!!! ដែលពីមុន ខ្ញុំអត់ដែលដឹងសោះ ហើយមួយផ្នែកធំ គឺដោយសារតែសម្រស់ព្រៃនៅអារ៉ែង ដែលទាក់ចិត្តខ្ញុំឲ្យខ្ញុំលង់នឹងសម្រស់ធម្មជាតិខ្លាំងមែនទែន»។
ការពិតការធ្វើដំណើរម្សាន្តដោយការដើរព្រៃ បោះតង់ និងឡើងភ្នំបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកដែលមានបញ្ហាជម្ងឺស្រ្តេស ល្អសម្រាប់រាងកាយ ផ្លូវចិត្ត និងបានជួយឲ្យមនុស្សជាច្រើនស្រលាញ់ និងមានបំណងចង់ផ្សារភ្ជាប់ខ្លួនឯងទៅនឹងធម្មជាតិ ហើយភាគច្រើនគឺពួកគាត់បានរកឃើញពីចំណងចំណូលចិត្តខ្លួនឯង។
រូបថតដោយ៖ សហការី