ភាគច្រើនគឺជាស្រ្តីដែលចូលចិត្តលេងកីឡាគ្រោះថ្នាក់ប្រភេទ Rock Climbing និង Abseiling

កីឡា​ឡើង​ជញ្ជាំង​ភ្នំ​ និង​សំរ៉ូត​​ខ្សែ​ពួរ​គឺជា​ប្រភេទ​កីឡា​ ដែល​យើង​មើល​ដោយ​ភ្នែក​ទទេ​ គឺ​មិន​គួរ​ឲ្យ​អ្នក​លេង​ប្រថុយ​យក​ជិវិត​ទៅ​ប្តូរ​នោះទេ​ ជាពិសេស​គឺស្រ្តី​ៗ តែ​ម្តង​។ ​តែហេតុ​អ្វីបាន​ជាស្រ្តី​ខ្មែរ​មួយ​ចំនួន​នាពេល​​បច្ចុប្បន្ន​​នេះ​​ ពេញ​និយម​​លេង​កីឡា​បែបគ្រោះ​ថ្នាក់​ឡើង​ជញ្ជាំង​ភ្នំ​ និង​សំរ៉ូត​ខ្សែពួរ​នេះទៅ​វិញ​។​

យោង​តាម​លោក​ ម៉ម​ សុថារិន្ទ​​ ជាស្ថាប​និករបស់​ Khmer​ Climbing​​ Community​ និង​ជា​គ្រូបង្វឹក​កីឡា​ឡើង​ជញ្ជាំង​ភ្នំ​ និង​សំរ៉ូត​ខ្សែពួរ​ បាន​ប្រាប់​ឲ្យដឹងថា​ លោក​បាន​ចាប់​ផ្តើម​រៀប​ចំលេង​កីឡា​នេះតាំង​ពីឆ្នាំ២០១៣​ គិត​មកដល់​ពេលនេះ​គឺមាន​រយៈពេល​ ៧ឆ្នាំ​មក​ហើយ​។ លោក​សង្គេត​ឃើញថា​ ៨០​ភាគរយ​នៃស្រ្តី​ គឺមាន​ចំណង​ចំណូល​ចិត្ត​លេង​កីឡា​ប្រភេទ​គ្រោះថ្នាក់​នេះ​ ហើយ​ជាពិសេស​គឺពួកគាត់​ក្លាហាន​ជាងប្រុស​ៗ។​

លោក​ ម៉ម​ សុថារិន្ទ​ បាន​លើក​ឡើង​ថា​៖​ ​«មាន​ក្មេងស្រីៗ​ ប្រហែល ​៨០ភាគរយ​ចូលរួម​លេង​កីឡានេះ​ ពួកគាត់​ក្លាហាន​ជាងក្មេង​ប្រុសៗ​ ណាស់»​។​

លោក​បាន​បន្ត​​ការ​ចែករំលែក​បទ​ពិសោធន៍​ចំពោះ​អ្នក​ដែល​មាន​បំណង​ចង់​សាកល្បង​លេងកីឡា​មួយប្រភេទ​នេះថា​ ប្រសិន​បើមាន​បំណង​ចង់លេង​ត្រូវតែ​ជឿជាក់​លើខ្លួន​ឯង​ សាង​ទំនុក​ចិត្ត​ ជំនះ​ភាពភ័យ​ខ្លាច​ និង​ជាពិសេស​យល់ដឹង​ពីសុវត្ថិភាព​នៃការឡើង​ភ្នំ​ តាមរយៈការ​ចូលរួម​វគ្គបណ្តុះ​បណ្តាល​ពី​ Sport​ Climbing​ ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​ឡើង​ភ្នំកម្ពុជា។​

លោក​ ម៉ម​ សុថារិន្ទ​ បាន​បន្ត​ទៀត​ថា៖​​ «មុននឹង​ទៅលេង​នៅភ្នំ​ជាក់ស្តែង​ ខ្ញុំ​សំណូម​ពរឲ្យ​ចូល​រៀនវគ្គ​ Sport Climbing Level 1 ​សម្រាប់​កី​ឡា​ឡើង​ជញ្ជាំង​ភ្នំ ​Rock Climbing​ និង​ចូលរៀន​វគ្គ​ Abseiling Level 1​ សម្រាប់​អ្នកត្រៀម​ទៅលេង​កីឡា​សំរូត​ខ្សែពួរ​ Abseiling​ ដោយសារ​តែវគ្គ​នេះ​នឹង​មានបង្ហាញ​ពីឧបករណ៍​ និង​ពីរ​បៀប​ប្រើប្រាស់​ប្រកប​ដោយ​សុវត្ថិភាព​»។

កញ្ញា​ ថៃ​ ស្រីរ័ត្ន​ ជា​គណនេយ្យ​ករ​ប្រចាំ​នៅ​ក្រុមហ៊ុន​ Rinco​ Trading​ Co.,​ LTD​ ដែល​ជា​ស្រ្តីក្លាហាន​ម្នាក់​ ចូលចិត្ត​លេង​កីឡា​ឡើង​ជញ្ជាំង​ភ្នំ​ និង​សំរ៉ូត​ខ្សែពួរ​នេះបាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹងថា​ គាត់បាន​ចាប់ផ្តើម​លេង​កីឡា​នេះ​ចាប់​តាំង​ពីឆ្នាំ​២០១៨​ មកម្លេះ​។ គាត់​បាន​ប្រាប់​ឲ្យ​ដឹង​ពីផល​វិជ្ជមាន​ថា​ កីឡា​នេះ​បាន​បង្រៀន​ឲ្យគាត់ចេះ​ជំនះ​ និង​ព្យាយាម​ធ្វើ​វាឲ្យ​បាន​សម្រេច​ទៅ​ដល់​គោលដៅដែលគាត់ចង់បាន​ ជាពិសេល​កីឡានេះ​អាច​ធ្វើ​ឲ្យ​គាត់​បាន​មើល​ឃើញ​ធម្មជាតិ​ពណ៌​ប៉ៃតង​ស្រស់​ស្អាត​ទៀត​ផង​។

កញ្ញា​ ថៃ​ ស្រី​រ័ត្ន​ បាន​លើកឡើងថា​៖ «​មែន​ទែន​ទៅ​ខ្ញុំ​ចូលចិត្ត​ កីឡា​ដែល​ប្រថុយ​ប្រថាន​អី​បែបនេះ​ និយាយ​ទៅខ្ញុំ​ចូលចិត្ត​ ហើយ​ការ​ឡើងភ្នំ​នេះ ​គឺធ្វើ​ឲ្យយើង​យល់​ពីហា​និភ័យ​ និង​ការ​ទទួល​ខុសត្រូវ​»។

កញ្ញា​ អ៊ូ ស៊ីវ​ ជីញ​ ជាស្រ្តី​ម្នាក់​ដែល​មាន​ចំណង​ចំណូល​ចិត្តចូល​ចិត្ត​សាកល្បង​អ្វីថ្មី​ៗ និង​ប្លែកៗ​ បាន​ប្រាប់ឲ្យ​ដឹង​ថា​គាត់​ចាប់​ផ្ដើម​លេង​កីឡា​នេះ​ដំបូង​នៅ​ក្នុង​ឆ្នាំ២០១៩​ ដែល​បានការ​ណែនាំ​ពីមិត្ត​ភក្តិ​ ហើយ​គាត់បាន​បន្ត​លេង​កីឡា​ឡើង​ជញ្ជាំង​ភ្នំ​ និង​កីឡា​សំរ៉ូត​ខ្សែពួរ​នេះរហូត​មកដល់​សព្វថ្ងៃ​។ គាត់បានបន្ត​ទៀតថា​កីឡា​នេះអាច​ធ្វើឲ្យ​គាត់ បំបាត់​ការធុញធប់​ និង​មានអារម្មណ៍​ល្អ​ ហើយគាត់​ក៏បាន​ប្រាប់​ពីផលអវិជ្ជ​មានខ្លះ​ៗ ដែលមាន​ដូចជា​ មាន​របួស​តិចតួច​ពេល​ដែល​ខ្លួនប្រាណប៉ះ​នឹង​ដំថ្ម​ និង​ប៉ះជាមួយ​នឹងដើម​​ឈើផ្សែង​ៗ។​

កញ្ញា​ អ៊ូ​ ស៊ីវ​ ជីញ​ បាន​លើកឡើងថា​៖ «ខ្ញុំ​ចូល​ចិត្ត​អ្វីថ្មី​ៗ ចង់​សាកឲ្យ​បាន​គ្រប់​កីឡា​ ខ្ញុំ​តែងជឿ​ថាការ​លែង​កីឡានេះ​ ជួយ​ឲ្យជីវិត​ស្គាល់អ្វី​ថ្មីៗ​។ អ្នក​នឹងមាន​អារម្មណ៍​ល្អបន្ទាប់​ពីបាន​លេងវា​ ហើយ​វានឹង​ជួយជម្រុញ​អ្នកឲ្យ​មានភាព​ក្លាហាន​ ជំនះ​នឹង​ឧបសគ្គ​»។

គួរ​បញ្ជាក់​ថា​កីឡា​ឡើង​ជញ្ជាំង​ភ្នំ​ និង​សំរ៉ូត​ខ្សែ​ពួរ​ដែល​ភាសា​អង់គ្លេស​ហៅថា​ Rock​ Climbing​ ​និង​ Abseiling​ ជាប្រភេទ​កីឡា​ដែល​ជនជាតិ​បរទេស​ពេញនិយម​លេង​បំផុត​ទៅ​តាម​ជញ្ជាំង​ភ្នំខ្ពស់​ៗ។​

រូបថតដោយ៖ សហការី