កីឡាឡើងជញ្ជាំងភ្នំ និងសំរ៉ូតខ្សែពួរគឺជាប្រភេទកីឡា ដែលយើងមើលដោយភ្នែកទទេ គឺមិនគួរឲ្យអ្នកលេងប្រថុយយកជិវិតទៅប្តូរនោះទេ ជាពិសេសគឺស្រ្តីៗ តែម្តង។ តែហេតុអ្វីបានជាស្រ្តីខ្មែរមួយចំនួននាពេលបច្ចុប្បន្ននេះ ពេញនិយមលេងកីឡាបែបគ្រោះថ្នាក់ឡើងជញ្ជាំងភ្នំ និងសំរ៉ូតខ្សែពួរនេះទៅវិញ។
យោងតាមលោក ម៉ម សុថារិន្ទ ជាស្ថាបនិករបស់ Khmer Climbing Community និងជាគ្រូបង្វឹកកីឡាឡើងជញ្ជាំងភ្នំ និងសំរ៉ូតខ្សែពួរ បានប្រាប់ឲ្យដឹងថា លោកបានចាប់ផ្តើមរៀបចំលេងកីឡានេះតាំងពីឆ្នាំ២០១៣ គិតមកដល់ពេលនេះគឺមានរយៈពេល ៧ឆ្នាំមកហើយ។ លោកសង្គេតឃើញថា ៨០ភាគរយនៃស្រ្តី គឺមានចំណងចំណូលចិត្តលេងកីឡាប្រភេទគ្រោះថ្នាក់នេះ ហើយជាពិសេសគឺពួកគាត់ក្លាហានជាងប្រុសៗ។
លោក ម៉ម សុថារិន្ទ បានលើកឡើងថា៖ «មានក្មេងស្រីៗ ប្រហែល ៨០ភាគរយចូលរួមលេងកីឡានេះ ពួកគាត់ក្លាហានជាងក្មេងប្រុសៗ ណាស់»។
លោកបានបន្តការចែករំលែកបទពិសោធន៍ចំពោះអ្នកដែលមានបំណងចង់សាកល្បងលេងកីឡាមួយប្រភេទនេះថា ប្រសិនបើមានបំណងចង់លេងត្រូវតែជឿជាក់លើខ្លួនឯង សាងទំនុកចិត្ត ជំនះភាពភ័យខ្លាច និងជាពិសេសយល់ដឹងពីសុវត្ថិភាពនៃការឡើងភ្នំ តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាលពី Sport Climbing ដែលរៀបចំដោយសហព័ន្ធកីឡាឡើងភ្នំកម្ពុជា។
លោក ម៉ម សុថារិន្ទ បានបន្តទៀតថា៖ «មុននឹងទៅលេងនៅភ្នំជាក់ស្តែង ខ្ញុំសំណូមពរឲ្យចូលរៀនវគ្គ Sport Climbing Level 1 សម្រាប់កីឡាឡើងជញ្ជាំងភ្នំ Rock Climbing និងចូលរៀនវគ្គ Abseiling Level 1 សម្រាប់អ្នកត្រៀមទៅលេងកីឡាសំរូតខ្សែពួរ Abseiling ដោយសារតែវគ្គនេះនឹងមានបង្ហាញពីឧបករណ៍ និងពីរបៀបប្រើប្រាស់ប្រកបដោយសុវត្ថិភាព»។
កញ្ញា ថៃ ស្រីរ័ត្ន ជាគណនេយ្យករប្រចាំនៅក្រុមហ៊ុន Rinco Trading Co., LTD ដែលជាស្រ្តីក្លាហានម្នាក់ ចូលចិត្តលេងកីឡាឡើងជញ្ជាំងភ្នំ និងសំរ៉ូតខ្សែពួរនេះបានរៀបរាប់ប្រាប់ឲ្យដឹងថា គាត់បានចាប់ផ្តើមលេងកីឡានេះចាប់តាំងពីឆ្នាំ២០១៨ មកម្លេះ។ គាត់បានប្រាប់ឲ្យដឹងពីផលវិជ្ជមានថា កីឡានេះបានបង្រៀនឲ្យគាត់ចេះជំនះ និងព្យាយាមធ្វើវាឲ្យបានសម្រេចទៅដល់គោលដៅដែលគាត់ចង់បាន ជាពិសេលកីឡានេះអាចធ្វើឲ្យគាត់បានមើលឃើញធម្មជាតិពណ៌ប៉ៃតងស្រស់ស្អាតទៀតផង។
កញ្ញា ថៃ ស្រីរ័ត្ន បានលើកឡើងថា៖ «មែនទែនទៅខ្ញុំចូលចិត្ត កីឡាដែលប្រថុយប្រថានអីបែបនេះ និយាយទៅខ្ញុំចូលចិត្ត ហើយការឡើងភ្នំនេះ គឺធ្វើឲ្យយើងយល់ពីហានិភ័យ និងការទទួលខុសត្រូវ»។
កញ្ញា អ៊ូ ស៊ីវ ជីញ ជាស្រ្តីម្នាក់ដែលមានចំណងចំណូលចិត្តចូលចិត្តសាកល្បងអ្វីថ្មីៗ និងប្លែកៗ បានប្រាប់ឲ្យដឹងថាគាត់ចាប់ផ្ដើមលេងកីឡានេះដំបូងនៅក្នុងឆ្នាំ២០១៩ ដែលបានការណែនាំពីមិត្តភក្តិ ហើយគាត់បានបន្តលេងកីឡាឡើងជញ្ជាំងភ្នំ និងកីឡាសំរ៉ូតខ្សែពួរនេះរហូតមកដល់សព្វថ្ងៃ។ គាត់បានបន្តទៀតថាកីឡានេះអាចធ្វើឲ្យគាត់ បំបាត់ការធុញធប់ និងមានអារម្មណ៍ល្អ ហើយគាត់ក៏បានប្រាប់ពីផលអវិជ្ជមានខ្លះៗ ដែលមានដូចជា មានរបួសតិចតួចពេលដែលខ្លួនប្រាណប៉ះនឹងដំថ្ម និងប៉ះជាមួយនឹងដើមឈើផ្សែងៗ។
កញ្ញា អ៊ូ ស៊ីវ ជីញ បានលើកឡើងថា៖ «ខ្ញុំចូលចិត្តអ្វីថ្មីៗ ចង់សាកឲ្យបានគ្រប់កីឡា ខ្ញុំតែងជឿថាការលែងកីឡានេះ ជួយឲ្យជីវិតស្គាល់អ្វីថ្មីៗ។ អ្នកនឹងមានអារម្មណ៍ល្អបន្ទាប់ពីបានលេងវា ហើយវានឹងជួយជម្រុញអ្នកឲ្យមានភាពក្លាហាន ជំនះនឹងឧបសគ្គ»។
គួរបញ្ជាក់ថាកីឡាឡើងជញ្ជាំងភ្នំ និងសំរ៉ូតខ្សែពួរដែលភាសាអង់គ្លេសហៅថា Rock Climbing និង Abseiling ជាប្រភេទកីឡាដែលជនជាតិបរទេសពេញនិយមលេងបំផុតទៅតាមជញ្ជាំងភ្នំខ្ពស់ៗ។
រូបថតដោយ៖ សហការី