ភ្នំពេញ៖ នៅក្នុងយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ បន្តិចទៀតនេះនៅឯសណ្ឋាគារ ហ៊ីម៉ាវ៉ារី នឹងរៀបចំកម្មវិធី «ទិវាមួយម៉ោងសម្រាប់ភពផែនដី»។ ការផ្សារភ្ជាប់ទំនាក់ទំនងនឹងភពផែនដី នៅក្នុងព្រឹត្តិការណ៍ចលនាសកលនេះ គឺសណ្ឋាគារ ហ៊ីម៉ាវ៉ារី នឹងធ្វើការបិទភ្លើងដែលមិនសំខាន់មួយចំនួនរយៈពេល ២ម៉ោង ចាប់ពីម៉ោង ៨:៣០នាទីយប់ ដល់ម៉ោង ១០:៣០ នាទីយប់។
«ទិវាមួយម៉ោងសម្រាប់ភពផែនដី» ជាព្រឹត្តិការណ៍ដែលប្រារព្ធឡើងជុំវិញសកលលោក និងមានការផ្តួចផ្តើមដោយអង្គការ មូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ ហៅកាត់ថា WWF (World Wide Fund for Nature) ក្នុងគោលបំណងបំផុសស្មារតីឲ្យស្រលាញ់ និងគាំពារ ធនធានធម្មជាតិ ជីវៈចំរុះ និងចូលរួមចលនាកាត់បន្ថយការបម្រែបម្រួលអាកាសធាតុ។
ជារៀងរាល់ថ្ងៃយើងក៏បានប្រើប្រាស់ធនធានធម្មជាតិជាច្រើននៅក្នុងកិច្ចការប្រចាំថ្ងៃរបស់យើង ហេតុដូចនេះហើយ បានជាយើងសម្រេចចិត្តចូលរួមចលនាព្រឹត្តិការណ៍អន្តរជាតិមួយនេះជារៀងរាល់ឆ្នាំ។ ភ្ញៀវ បុគ្គលិក និងថ្នាក់ដឹកនាំរបស់សណ្ឋាគារ ហ៊ីម៉ាវ៉ារី បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការស្រលាញ់ និងគាំពារធនធានធម្មជាតិ។ ហើយនេះជាលើកទី៦ ដែលសណ្ឋាគារ ហ៊ីម៉ាវ៉ារី បានចូលរួមនៅក្នុងព្រឹត្តិការណ៍ចលនាសកល «ទិវាមួយម៉ោងសម្រាប់ភពផែនដី»។
វាបានក្លាយជាបទពិសោធន៍ដ៏ល្អមួយសម្រាប់ពួកយើងជារៀងរាល់ឆ្នំាក្នុងការបន្តផ្សារភ្ជាប់ទំនាក់ទំនងរបស់យើងជាមួយនឹងធម្មជាតិ ហើយយើងជឿជាក់ថា យើងទាំងអស់គ្នានឹងបន្តចូលរួមចំណែកសកម្មភាពផ្សេងៗ ក្នុងការពារធនធានធម្មជាតិរបស់យើង៕
រូបថតដោយ៖ សាគូរ៉ា និងសហការី