ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អង្គការ សេន ចន ភ្នំពេញ បានចុះពិនិត្យជំងឺជូនពលរដ្ឋក្រីក្រឥតគិតថ្លៃ

ខេត្តកំពង់ស្ពឺ៖ អង្គការ សេន ចន ភ្នំពេញ បានបញ្ចូនក្រុមគ្រូពេទ្យចំនួន ១៥នាក់ ដែលដឹកនាំដោយលោក អេនឌ្រូ តេ ប្រធានអង្គការ សេន ចន ប្រចាំទីក្រុងភ្នំពេញ  រួមជាមួយវេជ្ជបណ្ឌិត តាន់ វីណា នៃមណ្ឌលវិជ្ជសាស្រ្ត ដេវ៉ាល់ដា វិជ្ជបណ្ឌិត ឡេង កាណារីន និងគ្រូពេទ្យស្ម័គ្រចិត្តរបស់សមាជិកអង្គការ សេន ចន បានចុះធ្វើការពិនិត្យសុខភាពដោយឥតគិតថ្លៃ ដល់ប្រជាជនក្រីក្រ នៅថ្ងៃអាទិត្យ ទី១៥ ខែមិនា ឆ្នាំ២០២០ នៅសាលាអន្តរជាតិ PIS ដែលមានទីតាំងនៅភូមិចេក ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ក្រៅពីការពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានបង្រៀនពីសុខភាពអនាម័យ និងផ្សព្វផ្សាយពីវិធានការការពារជំងឺ Covid19 និងផ្តាសាយបក្សី ជូនប្រជាជននៅក្នុងសហគមន៍ផងដែរ។

អង្គការ សេន ចន ជាអង្គការក្រៅរដ្ឋាភិបាលដែលមិនស្វែងរកប្រាក់ចំនេញ ហើយអង្គការ សេន ចន បានចាប់ផ្តើមបង្កើតឡើងក្នុងឆ្នាំ២០១៥ ដែលជាអង្គការផ្តោតសំខាន់លើការធ្វើឲ្យមានភាពប្រសើរឡើងខាងសុខភាព និងសុខុមាលភាពរបស់ប្រជាជនទូទាំងពិភពលោក និងគំម្រោងមនុស្សធម៌ផ្សេងៗ។ លោក អេនឌ្រូ តេ បានបង្ហាញចំណាប់អារម្មណ៍យ៉ាងពិសេសចំពោះក្រុមវេជ្ជបណ្ឌិត និងគ្រូពេទ្យ នៃសមាជិកអង្គការ សេន ចន ដែលបានលះបង់ពេលវេលា ដោយក្តីស្រលាញ់ ជួយដល់បេសកម្មដើម្បីសុខុមាលភាពប្រជាជាតិ។

អង្គការ សេន ចន ភ្នំពេញ សូមថ្លែងអំណរគុណដល់ សណ្ធាគារ ហ៊ីម៉ាវ៉ារី​ អ្នកស្រី ទ្រីស សមាជិករបស់ សេន ចន នៅឯប្រទេសអូស្រ្តាលី ដែលបានចូលរួមឧបត្ថម្ភថ្នាំមួយចំនួន និងហាងសំលៀកបំពាក់ម៉ាក Sui Joh ដែលបានឧបត្ថម្ភ​​​ម៉ាស់ ចំនួន៤០០ សម្រាប់ថ្ងៃចុះពិនិត្យ និងអរគុណដល់លោកនាយកសាលា PIS ដែលបានជួយសម្របសម្រួលការរៀបចំ។

យើងខ្ញុំក៏សូមថ្លែងអំណរគុណដល់ប្រធានមណ្ឌលសុខភាព និងអាជ្ញាធរដែនដីដែលពាក់ពន្ធ័ ដែលបានយកចិត្តទុកដាក់ ដល់សុខុមាលភាពប្រជាជន និងបានអនុញ្ញាត្តឲ្យមានកម្មវិធីកើតមានឡើង និងបានជួយសម្របសម្រួលដល់ការរៀបចំចុះពិនិត្យសុខភាពជូនដល់ប្រជាជនក្រីក្រផងដែរ៕

 រូបថតដោយ៖ សហការី