ព្រះនាងតូច ជេនណា ត្រូវបានប្រកាស តែងតាំងជា ព្រះរាជទូតសុឆន្ទៈ ប្រចាំក្រុមហ៊ុន សែលកាត

ភ្នំពេញ៖ ក្រុម​ហ៊ុន​សែល​កាត​បាន​ប្រកាស​ជា​ផ្លូវ​ការ​នូវ​ការ​ទទួល​ ព្រះ​នាង​តូច​ នរោត្តម​ ជេន​ណា​ ជា​រាជ​ទូត​សុឆន្ទៈ​ ប្រចាំ​ក្រុមហ៊ុន​ថ្ងៃទី១៣​ ខែមីនា​ ឆ្នាំ២០២០​​។​

សេចក្តី​ប្រកាស​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ចម្រើន​ព្រះជន្ម​គម្រប់​ ៨វស្សា​ របស់​ព្រះ​នាង​តូច​ ជេន​ណា​ ដែល​ព្រះ​នាង​បាន​ប្រារព្ធ​ពិធី​អបអ​រសាទរ​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពីសមាជិក​ក្រុមហ៊ុន​សែល​កាត​ និង​មិត្ត​ភក្តិ​ជិត​ស្និទ្ធ​មួយ​ចំនួន​ទៀត​ នៅ​ឯ​សណ្ឋាគារ​កាំបូឌី​យ៉ាណា​ ក្នុង​រាជ​ធានីភ្នំពេញ។​

ព្រះ​នាង​តូច​ ជេន​ណា​ គឺ​ជា​បុត្រីទី​២​ របស់​អ្នក​អង្គ​ម្ចាស់​ នរោត្តម​ បុប្ផា​ និង​ជាចៅ​លួត​របស់​ព្រះ​ករុណា​ ព្រះ​បាទ​​សម្តេច​ព្រះ​ នោ​រោ​ត្ត​ម​ សីហនុ​ ព្រះ​​បរម​​រតន​​កោដ្ឋ​។​ អ្នក​អង្គម្ចាស់​ត្រូវ​បាន​គេស្គាល់​ជាទូទៅ​ថាជា​ «ព្រះ​នាង​តូច​ នរោត្តម​ ជេនណា​»។​

លោក​ Ian​ Watson​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែលកាត​បាន​ឱ្យដឹង​ថា​៖​ «នេះ​គឺជា​កិត្តិយស​ដ៏ធំបំផុត​មួយ​សម្រាប់​ក្រុមហ៊ុន​សែលកាត​ ដែលមាន​ឱកាស​បាន​ចូលរួម​សហការ​ជាមួយ​ព្រះ​នាងតូច​ ដើម្បី​បង្កើន​កិច្ច​ខិត​ខំប្រឹង​ប្រែង​ ក្នុងការ​ជួយលើក​ស្ទួ​យ​ដល់យុវជន​ក្នុង​សម័យ​ឌីជីថល​ Digital​ Generation​»។​

លោក​ Ian​ Watson​ បាន​បន្ថែម​ទៀតថា​៖ «យើង​មើល​ឃើញ​ថា​ នេះ​គឺសម្ព័ន្ធ​ភាពដ៏​ល្អប្រសើរ​បំផុត​មួយ ​ពោល​ គឺក្រុមហ៊ុន ​បណ្តាញទូ​រស័ព្ទ​ឈាន​មុ​ខ​គេនៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ចាប់​ដៃ​គូស​ហការ​ជាមួយ​ បុគ្គលវ័​យក្មេង​ដ៏មាន​ទេពកោសល្យ​បំផុត​របស់ខ្មែរ​ ដែល​គាត់​មានទឹ​កចិត្ត​ស្រឡាញ់​ជាតិ​ និង​ចេះ​យកចិត្ត​ទុក​ដាក់​ទៅ​លើ​អនាគត​នៃ​មនុស្ស​ជំនាន់​ក្រោយ​»។​

ស្រប​ពេល​ដែលក្រុម​ហ៊ុន​សែល​កាត​​​កំពុង​ឈាន​ទៅ​ចាប់​យក​បច្ចេក​វិទ្យា​ 5G​ ក្រុមហ៊ុន​មើល​ឃើញ​ថា​ព្រះនាង​តូច​ ជេនណា​ នឹង​អាច​ជួយ​ជម្រុញ​ឱ្យ​ផលិត​ផល​ និង​សេវាកម្ម​ឌីជីថល​របស់​ក្រុមហ៊ុន​សែលកាត​ ឈរជើង​បាន​កាន់​តែរឹង​មាំ​នៅ​លើទីផ្សារ​ ក៏ដូច​ជា​ជួយ​ចែក​រំលែក​ឱ្យ​បាន​ដឹង​នូវ​សមិទ្ធផល​ ដែល​ទទួលបាន​ពីការ​ធ្វើ​កំណែ​រទម្រង់​ឆ្ពោះ​ទៅ​កាន់​វិស័យ​ឌីជី​ថល​នៅកម្ពុជា​។ ​

ក្នុង​ព្រះជន្ម​ ៨វស្សា​ ព្រះ​នាងតូច​ ជេនណា​ អាច​និយាយ​បាន​ ៥ភាសា​ មាន​ទេព​កោសល្យ​ខាង​ច្រៀង​ រាំ​ និង​សម្តែង​ ហើយ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ ព្រះ​នាងតូច​​ក៏​កំពុង​រៀន​នូវ​របាំ​អប្សរា​ផងដែរ។​

សែលកាត​ មាន​ប្រវតិ្តជា​ក្រុមហ៊ុន​ដ៏​សកម្មបំ​ផុតមួយ​ ក្នុង​ការចាប់​ដៃ​គូ​ជា​មួយ​បុគ្គល​វ័យក្មេង​ដែល​មានទេព​កោសល្យ​នៅក្នុង​ស្រុក​ ដើម្បីជួ​យបង្កើន​ទំនាក់​ទំនង​ជិ​តស្និទ្ធ​ជាមួយ​អតិថិជន​ ហើយ​ទន្ទឹម​នឹង​នោះផង​ដែរ​ ក្រុមហ៊ុន​ក៏បាន​ជួយ​បណ្តុះ​នូវបទ​ពិសោធន៍​ និងជំនាញទី​ផ្សារដ៏​មានតម្លៃ​ជូនដល់​ដៃគូសហការ​ ដោយក្នុង​នោះ​រួមមាន​ទាំង​បុគ្គល​មានឥទ្ធិពល​ អ្នកចំរៀង​ អ្នករាំ​ និងអ្ន​កលេង​ហ្គេម​អាជីព​ជាដើម។

ក្នុងនាម​ជាក្រុមហ៊ុន​របស់ខ្មែរ​ និងគ្រប់គ្រង​ដោយ​ជនជាតិ​ខ្មែរ​ទាំង​ស្រុ​ង សែល​កាត​ មាន​ក្តីសោមនស្ស​ជា​ពន់ពេក​ ដែល​មាន​ឱកាសបាន​សហការ​ជាមួយ​បុគ្គល​វ័យក្មេង​មាន​បុគ្គលិក​លក្ខណៈ​ឆ្នើម​ដូច​ជា​អ្នក​ព្រះ​នាងតូច​ ជេនណា​ ដើម្បី​ជួយ​កសាង​អនាគត​នៃវិស័យ​ឌីជីថល​ឱ្យកាន់​តែរីក​ចម្រើន​ខ្លាំង​ទៅមុ​ខ​ទៀត​៕​

រូបថតដោយ៖ សហការី