ភ្នំពេញ៖ ក្រុមហ៊ុនសែលកាតបានប្រកាសជាផ្លូវការនូវការទទួល ព្រះនាងតូច នរោត្តម ជេនណា ជារាជទូតសុឆន្ទៈ ប្រចាំក្រុមហ៊ុនថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០។
សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសចម្រើនព្រះជន្មគម្រប់ ៨វស្សា របស់ព្រះនាងតូច ជេនណា ដែលព្រះនាងបានប្រារព្ធពិធីអបអរសាទរ ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមហ៊ុនសែលកាត និងមិត្តភក្តិជិតស្និទ្ធមួយចំនួនទៀត នៅឯសណ្ឋាគារកាំបូឌីយ៉ាណា ក្នុងរាជធានីភ្នំពេញ។
ព្រះនាងតូច ជេនណា គឺជាបុត្រីទី២ របស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផា និងជាចៅលួតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នោរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ អ្នកអង្គម្ចាស់ត្រូវបានគេស្គាល់ជាទូទៅថាជា «ព្រះនាងតូច នរោត្តម ជេនណា»។
លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតបានឱ្យដឹងថា៖ «នេះគឺជាកិត្តិយសដ៏ធំបំផុតមួយសម្រាប់ក្រុមហ៊ុនសែលកាត ដែលមានឱកាសបានចូលរួមសហការជាមួយព្រះនាងតូច ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងការជួយលើកស្ទួយដល់យុវជនក្នុងសម័យឌីជីថល Digital Generation»។
លោក Ian Watson បានបន្ថែមទៀតថា៖ «យើងមើលឃើញថា នេះគឺសម្ព័ន្ធភាពដ៏ល្អប្រសើរបំផុតមួយ ពោល គឺក្រុមហ៊ុន បណ្តាញទូរស័ព្ទឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានចាប់ដៃគូសហការជាមួយ បុគ្គលវ័យក្មេងដ៏មានទេពកោសល្យបំផុតរបស់ខ្មែរ ដែលគាត់មានទឹកចិត្តស្រឡាញ់ជាតិ និងចេះយកចិត្តទុកដាក់ទៅលើអនាគតនៃមនុស្សជំនាន់ក្រោយ»។
ស្របពេលដែលក្រុមហ៊ុនសែលកាតកំពុងឈានទៅចាប់យកបច្ចេកវិទ្យា 5G ក្រុមហ៊ុនមើលឃើញថាព្រះនាងតូច ជេនណា នឹងអាចជួយជម្រុញឱ្យផលិតផល និងសេវាកម្មឌីជីថលរបស់ក្រុមហ៊ុនសែលកាត ឈរជើងបានកាន់តែរឹងមាំនៅលើទីផ្សារ ក៏ដូចជាជួយចែករំលែកឱ្យបានដឹងនូវសមិទ្ធផល ដែលទទួលបានពីការធ្វើកំណែរទម្រង់ឆ្ពោះទៅកាន់វិស័យឌីជីថលនៅកម្ពុជា។
ក្នុងព្រះជន្ម ៨វស្សា ព្រះនាងតូច ជេនណា អាចនិយាយបាន ៥ភាសា មានទេពកោសល្យខាងច្រៀង រាំ និងសម្តែង ហើយក្នុងពេលបច្ចុប្បន្ននេះ ព្រះនាងតូចក៏កំពុងរៀននូវរបាំអប្សរាផងដែរ។
សែលកាត មានប្រវតិ្តជាក្រុមហ៊ុនដ៏សកម្មបំផុតមួយ ក្នុងការចាប់ដៃគូជាមួយបុគ្គលវ័យក្មេងដែលមានទេពកោសល្យនៅក្នុងស្រុក ដើម្បីជួយបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយអតិថិជន ហើយទន្ទឹមនឹងនោះផងដែរ ក្រុមហ៊ុនក៏បានជួយបណ្តុះនូវបទពិសោធន៍ និងជំនាញទីផ្សារដ៏មានតម្លៃជូនដល់ដៃគូសហការ ដោយក្នុងនោះរួមមានទាំងបុគ្គលមានឥទ្ធិពល អ្នកចំរៀង អ្នករាំ និងអ្នកលេងហ្គេមអាជីពជាដើម។
ក្នុងនាមជាក្រុមហ៊ុនរបស់ខ្មែរ និងគ្រប់គ្រងដោយជនជាតិខ្មែរទាំងស្រុង សែលកាត មានក្តីសោមនស្សជាពន់ពេក ដែលមានឱកាសបានសហការជាមួយបុគ្គលវ័យក្មេងមានបុគ្គលិកលក្ខណៈឆ្នើមដូចជាអ្នកព្រះនាងតូច ជេនណា ដើម្បីជួយកសាងអនាគតនៃវិស័យឌីជីថលឱ្យកាន់តែរីកចម្រើនខ្លាំងទៅមុខទៀត៕
រូបថតដោយ៖ សហការី