មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) បានបន្ថែមកម្មវិធីសិក្សារបស់ខ្លួន សម្រាប់ការសិក្សារយៈពេល ៣ថ្ងៃ និងចុងសប្ដាហ៍ ដើម្បីបង្កភាពងាយស្រួល និងបំពេញតម្រូវការដល់សាធារណជនឱ្យបានទូលំទូលាយសម្រាប់ការសិក្សា នៅគ្រឹះស្ថាន បណ្ដុះបណ្ដាលភាសាបរទេសរបស់ខ្លួន។
កម្មវិធីសិក្សាភាសាអង់គ្លេសនេះ ចាប់ផ្ដើមចុះឈ្មោះពីថ្ងៃនេះតទៅ នៅគ្រប់សាខាទាំង៦របស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) នៅក្នុងរាជធានីភ្នំពេញ។
កម្មវិធីសិក្សារបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ សម្រាប់ថ្នាក់៣ថ្ងៃ ត្រូវបានបែងចែកជា២វេនផ្សេងៗគ្នា។ ក្នុងនោះ វេនទី១ សិក្សានៅថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ ដែលជម្រើសទី១ចាប់ពីម៉ោង៦:០០ព្រឹក រហូតដល់ម៉ោង៧:៤០នាទីព្រឹក ជម្រើសទី២ចាប់ពីម៉ោង១១:២០នាទីព្រឹក រហូតដល់ម៉ោង១:០០រសៀល និងជម្រើសចុងក្រោយចាប់ពីម៉ោង៦:០០ល្ងាច រហូតដល់ម៉ោង៧:៤០នាទីយប់ ដែលការសិក្សាមានរយៈពេល១០សប្ដាហ៍។
វេនទី២ សិក្សានៅថ្ងៃអង្គារ ថ្ងៃព្រហស្សតិ៍ និងថ្ងៃសៅរ៍ ដែលមានជម្រើសម៉ោងសិក្សា និងរយៈពេលសិក្សា ដូចវេនទី១ ដែរ។ ចំពោះកម្មវិធីសិក្សាចុងសប្ដាហ៍ ត្រូវសិក្សានៅថ្ងៃសៅរ៍ ចាប់ពីម៉ោង២:០០រសៀល ដល់ម៉ោង៥:០០ល្ងាច និងសិក្សានៅថ្ងៃអាទិត្យ ចាប់ពីម៉ោង៨:០០ព្រឹក រហូតដល់ម៉ោង១១:០០ព្រឹក ដែលសិក្សាមានរយៈពេល១០សប្ដាហ៍។
បើតាមលោក វ៉ា វណ្ណះ មន្ត្រីជាន់ខ្ពស់ផ្នែកទីផ្សារ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ បានឱ្យដឹងថា៖ «ការបង្កើតកម្មវិធីសិក្សានេះឡើង ក្នុងគោលបំណងផ្ដល់ឱកាសដល់មន្ត្រីរាជការ បណ្ដាបុគ្គលិកក្រុមហ៊ុន អ្នកអាជីវករ សិស្ស និស្សិត និងសាធារណជនទូទៅ ដែលមមាញឹកនិងការងារ អាចសិក្សាភាសាអង់គ្លេស តាមវេនកម្មវិធីសិក្សានីមួយៗ»។
សូមជម្រាបថា កម្មវិធីសិក្សាថ្នាក់៣ថ្ងៃ និងថ្នាក់ចុងសប្ដាហ៍នេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយបានផ្ដល់អាហារូបករណ៍រហូតដល់៥០% សម្រាប់សិស្ស និស្សិត និងសាធារណជនទូទៅដែលចុះឈ្មោះសិក្សាពីថ្ងៃនេះតទៅ។
រូបថតដោយ៖ សហការី