សនិ្នសីទសារព័ត៌មានស្តីពីព្រឹត្តិការណ៍ «ដំណើរត្រាច់ចរសិល្បៈ»​ ជាលើកទី២​ ក្នុងឧទ្យានស្ថានទូតបារាំងប្រចាំកម្ពុជា

ភ្នំពេញ​៖ ថ្ងៃព្រហស្បតិ៍្ត​ ទី២៧​ ខែកុម្ភៈ​នេះ​ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា​បានបេីកសិន្និសីទសារព័ត៌មានស្តីពីព្រឹត្តិការណ៍​ «ដំណើរត្រាច់ចរសិល្បៈ»​ ជាលើកទី២​ នៅក្នុងឧទ្យាន។

ការបើកទ្វារជាសាធារណៈ​ ជាថ្មីម្តងទៀតនឹងធ្វេីឡេីងតែមួយថ្ងៃ​​  គឺនៅថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ២០២០ នាពេលខាងមុខនេះក្នុងឱកាសតាំងពិព័រណ៍ «ដំណើរត្រាច់ចរសិល្បៈ» ជាលើកទី២​។

សិល្បករល្បីៗ​ ចំនួន៩រូប​ ក្នុងនោះមានខ្មែរ​ ៨នាក់​ និងបារាំងមួយនាក់ ត្រូវបានអញ្ជើញឲ្យបង្កើតស្នាដៃសិល្ប:តាមការស្រមើ ស្រមៃរៀងៗ​ ខ្លួនដើម្បីដាក់បង្ហាញជូនដល់មហាជន។

ជាមួយរុក្ខជាតិចម្រុះពណ៌​ និងដើមឈើធំៗ​ ចោលម្លប់ ត្រឈឹងត្រឈៃ ស្នាដៃសិល្ប:ទាំងនោះ នឹងដាក់តាំងនៅតាមទីកន្លែងផ្សេងៗ​ គ្នាក្នុងឧទ្យាន ហាក់ដូចជាកំពុងបង្កើតបានកិច្ចសន្ទនាបែបមនោសញ្ចេតនាមួយ​ យ៉ាងស្ងប់ស្ងាត់ជាមួយនឹងធម្មជាតិ។​ ជាកន្លែងដែលចងចាំនៃប្រវត្តិសាស្រ្តកម្ពុជា​ និងជាលំហបៃតង​ ដ៏ធំជាងគេមួយនៅក្នុងរាជធានីភ្នំពេញ ដែលកំពុង អវិវឌ្ឍឥតឈប់ឈរ ឧទ្យានស្ថានទូតបារាំងតែងទាក់ទាញចំណាប់អារម្មណ៍របស់សិល្បករនានា។

ជាក់ស្តែង ក្នុងពិព័រណ៍​ «ដំណើរត្រាច់ចរសិល្បៈ» ឆ្នាំ២០២០នេះ  លោក​ អ៊ុក ជឹម វិចិត្រ, លោក​ ក្រេហ្កូរី ហ្គោស​ ឡាំង, លោក​ រៀម មុនី​ ស៊ីឡុង, លោក​ ម៉ក់ រ៉េ​មីស្សា, លោក​ លាង ស៊ីកន, លោកស្រី បណ្តូល, លោក មាស សុឃន, លោក ពេជ្រ សុភាព និងលោក​ ទិត្យ វាសនា នឹងដាក់បង្ហាញស្នាដៃសិល្បៈសហសម័យរបស់ខ្លួន ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ព្រឹត្តការណ៍នេះ ហើយមានលក្ខណៈសមសួនជាមួយនឹងបរិស្ថានធម្មជាតិរបស់ស្ថានទូត។


ជាមួយទេពកោសល្យផ្សេងៗ​គ្នា  សិល្បករភាគច្រើនបានជ្រើសរើសយកដើមឈើដើម្បីផ្សារភ្ជាប់ជាមួយស្នាដៃសិល្បៈរបស់ខ្លួន។ លោកជំទាវ​ អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា យល់ឃើញថា ក្រៅពីលក្ខណ:លម្អ ដើមឈើទាំងនេះបានក្លាយទៅជាតួអង្គពិតៗ​ របស់ពិព័រណ៍នេះ ។

លោកជំទាវមានប្រសាសន៍ថា ៖ «តាមរយៈការរចនារបស់សិល្បករ      ដើមឈើទាំងនេះបានក្លាយទៅជាសភាវរស់ម៉្យាងប្រកបដោយរូបឆោមលោម ពណ៌ ល្អដែលយើងត្រូវថែរក្សាផង  ជាទីជម្រក និងជាសាក្សីនៃការចងចាំផង។ ដើមឈើទាំងនេះហាក់ដូចជាវត្ថុនឹងថ្កល់ ដែលផ្តល់អត្ថន័យដល់ជីវិត»។


ស្ថានទូតបារាំង ដោយរួមសហការជាមួយវិទ្យាស្ថានបារាំងនៅកម្ពុជា បានផ្តួចផ្តើមគម្រោងនេះឡើងដើម្បីលើកស្ទួយតម្លៃនៃការបង្កើតស្នាដៃសិល្បៈ   និងកិច្ចសហប្រតិបត្តិការវប្បធម៌បារាំង-កម្ពុជា។

សាធារណជនអាចចូលទៅធ្វើដំណើរត្រាច់ចរកម្សាន្តនៅក្នុងឧទ្យានស្ថានទូត   ដើម្បីទស្សនាស្នាដៃសហសម័យរបស់សិល្បករនៅក្នុង បរិស្ថានដ៏ស្រស់បំព្រងមួយ នៅថ្ងៃសៅរ៍ ទី៧ ខែមីនា​ ខាងមុខចាប់ពីម៉ោង​ ៨ព្រឹក ដល់​ម៉ោង ៤រសៀល​។​

ព្រឹតិ្តការណ៍នេះនឹងបើកឲ្យសាធារណជនចូលរួមដោយសេរី ដោយពុំចាំបាច់ចុះឈ្មោះជាមុននោះទេ ប៉ុន្តែអាហារ ភេសជ្ជៈជាមួយនឹងកាបូបធំៗ​ មិនត្រូវបានអនុញ្ញាតឲ្យយកចូលឡើយ៕

រូបថតដោយ​៖ អេងលី​ ទុយ​ (សាគូរ៉ា​)​ & សហការី​