ក្រុមរាំលំដាប់ពិភពលោក Mortal Combat មកចែករំលែកបច្ចេកទេសរាំ នៅប្រទេសកម្ពុជា

ថ្មីៗនេះ​ មជ្ឈមណ្ឌលអាស៊ី នៃមូលនិធិជប៉ុន បានរៀបចំឲ្យមានការសម្ដែង និងសិក្ខាសាលា «ក្បាច់រាំតាមដងផ្លូវ» ឬហៅថា “Breakdance”  នៅក្នុងប្រទេសកម្ពុជា ដោយក្រុមរាំដ៏ល្បី លំដាប់ពិភពលោករបស់ប្រទេសជប៉ុន ដែលមានឈ្មោះថា Mortal Combat ។

ការសម្ដែងរបស់ក្រុមរាំ Mortal Combat ដែលបានធ្វើឡើងនៅក្នុងមហោស្រពគីហ្សូណា កម្ពុជា-ជប៉ុន ២០២០ និងនៅតាមស្ថានីទូរទស្សន៍ កាលពីពេលកន្លងទៅថ្មីៗនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវជនកម្ពុជា លើសពីការរំពឹងទុក។

អ្នកតំណាងរបស់ក្រុមរាំ Mortal Combat បានប្រាប់ឲ្យដឹងថា៖ «នេះជាលើកទី១ ហើយដែលក្រុមយើងខ្ញុំមកសម្ដែងនៅប្រទេសកម្ពុជា។ គោលបំណងរបស់យើងគឺ ចង់បង្ហាញប្រជាជនខ្មែរ អំពីក្បាច់រាំ Breakdance របស់ប្រទេសជប៉ុន ជាពិសេសគឺចែករំលែកបច្ចេកទេសរាំ  ដល់ក្រុមរាំរបស់ប្រទេសកម្ពុជា និងរៀនសូត្រពីក្បាច់រាំរបស់កម្ពុជា ដើម្បីកៃច្នៃក្បាច់រាំរបស់ក្រុមយើងខ្ញុំ ឲ្យកាន់តែពិសេសថែមទៀត»។

ក្រៅពីការសម្ដែងរបស់ខ្លួន ក្រុមរាំ Mortal Combat បានរៀបចំសិក្ខាសាលាចំនួន២​ ដែលធ្វើឡើងជាពិសេស សម្រាប់និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) និងសិស្សានុសិស្សនៃអង្គការ Tiny Toones។ សិក្ខាសាលានេះ រៀបចំធ្វើឡើងដើម្បីផ្ដល់ឱកាសរៀនសូត្រ ពីបច្ចេកទេសទៅវិញទៅមក រវាងក្រុមរាំជប៉ុន និងក្រុមរាំកម្ពុជា ដើម្បីអាចឲ្យពួកគេកែច្នៃក្បាច់រាំ ក៏ដូចជាពង្រឹងសមត្ថភាពបន្ថែមទៀត ដែលជាផ្នែកមួយនៃការផ្លាស់ប្តូរវប្បធម៌វាងកម្ពុជា និងជប៉ុនផងដែរ។

ក្រុមរាំ Mortal Combat បានប្រាប់ថា៖ «មនុស្សគ្រប់រូបអាចរៀនរាំ Breakdance បាន ព្រោះវាមិនប្រកាន់ ភេទ អាយុ ពណ៍សម្បុលជាតិ សាសន៍នោះទេ។ ដើម្បីឲ្យការរាំ កាន់តែល្អ គឺត្រូវប្រមូលផ្ដុំនូវក្បាច់រាំផ្សេងៗ ពីគ្រប់ទីកន្លែង យកមកចងក្រងបង្កើតជាក្បាច់រាំខ្លួនឯង ដែលនេះគឺជាលក្ខណៈពិសេសរបស់ក្រុមរាំ Mortal Combat របស់យើង ដែលនាំឲ្យក្រុមយើង អាចបំបែកកំណត់ត្រាពិភពលោក ឈ្នះការប្រកួតច្រើនបំផុតចំនួន ៤ដង ក្នុងការប្រកួតកម្មវិធី BATTLE OF THE YEAR JAPAN បានឈ្នះពានរង្វាន់ ការសម្ដែងល្អជាងគេបំផុត ក្នុងឆ្នាំ២០០៧  ពីការប្រកួតក្នុងកម្មវិធី R16 បានឈ្នះពានរង្វាន់ ការសម្ដែងល្អជាងគេបំផុតប្រចាំឆ្នាំ២០១០ ពីការប្រកួតក្នុងកម្មវិធី BATTLE OF THE YEAR និងបានឈ្នះពានរង្វាន់ ដែលមិនធ្លាប់មានពីមុនមកចំនួន ៤ដង ពីការប្រកួតក្នុងកម្មវិធី DANCE DELIGHT ជាដើម»។

សូមបញ្ជាក់ផងដែរថា ក្រុមរាំ Mortal Combat ជាក្រុមរាំ breakdance ដែលកំពុងមានប្រជាប្រិយភាពជាងគេ នៅក្នុងប្រទេសជប៉ុន។ ក្រុមរាំនេះ មានសមាជិកស្នូលចំនួន ១១នាក់ បង្កើតឡើងនៅក្នុងឆ្នាំ២០០៣ នៅទីក្រុង អូសាកា ប្រទេសជប៉ុន។ ក្រុមរាំ Mortal Combat បាននិងកំពុងខិតខំពង្រីកសកម្មភាពរបស់ខ្លួនទាំងនៅក្នុង និងនៅក្រៅប្រទេសជប៉ុន បើគិតត្រឹមខែសីហា ឆ្នាំ២០១៩ ក្រុមរាំមួយនេះ បានសម្ដែងចំនួន ៤១ដង នៅក្នុងទីក្រុងចំនួន១៧ នៃប្រទេសចំនួន៥។​ អ្វីដែលគួរឲ្យគត់សម្គាល់ជាងនេះទៅទៀតនោះគឺ ក្រុមរាំ Mortal Combat បានទទួលបានការអញ្ចើញកាន់តែច្រើនឡើងៗ សម្រាប់ការសម្ដែងនៅប៉ុស្តិ៍ ទូរទស្សន៍ ហើយថែមទាំងបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តហូលីវូដដូចជារឿង “BATTLE OF THE YEAR” ផងដែរ។

ជាមួយចក្ខុវិស័យ ចង់ឲ្យក្មេងជំនាន់ក្រោយដែលជាអ្នករាំ អាចទទួលបាននូវបរិយាកាសល្អប្រសើរ សម្រាប់ការរៀនរាំ។ ក្រុមរាំ Mortal Combat បានបង្កើតនូវ កន្លែងសិក្សា និងហ្វឹកហាត់រាំ ដែលមានឈ្មោះថា “MORTAL COMBAT ACADEMY” មួយឡើង និងបានចាត់ទុកទីកន្លែងនេះគឺជាកន្លែងអាទិភាពរបស់ខ្លួន។

បើតាមមន្ត្រីរបស់ មជ្ឈមណ្ឌលអាស៊ី នៃមូលនិធិជប៉ុន បានឲ្យដឹងថា ក្បាច់រាំតាមដងផ្លូវ ឬ Breakdance មានការកើនឡើងនូវប្រជាប្រិយភាពនៅក្នុងបណ្ដាលប្រទេសនៅអាស៊ី និងបានក្លាយជាកីឡាផ្លូវការមួយរបស់ ស៊ីហ្គេម ក្នុងឆ្នាំ២០១៩ ហើយកាន់តែអស្ចារ្យជាងនេះទៅទៀតនោះ គឺ Breakdance ត្រូវបានចាត់ចូលជាកីឡាមួយប្រភេទ ដាក់ឲ្យចូលរួមប្រកួតនៅក្នុងកីឡាអូឡាពិក នៅឆ្នាំ២០២៤ ខាងមុខនេះផងដែរ។

មជ្ឈមណ្ឌលអាស៊ី នៃមូលនិធិជប៉ុន  បានសម្ដែងនូវសេចក្ដីត្រេកអរ ក្នុងការចូលរួមចំណែកលើកកម្ពស់ក្បាច់រាំតាមដងផ្លូវ ឬ Breakdance ក៏ដូចជាការបង្កើត ឱកាសដល់យុវជន និងយុវតីកម្ពុជា  បានស្វែងយល់ កម្សាន្ត ក៏ដូចជាបង្កើនបណ្ដាញ និងការរៀនសូត្រពីគ្នាទៅវិញទៅមក និងមួយផ្នែកទៀត បានចូលរួមចំណែកដល់ការអភិវឌ្ឍសង្គមកម្ពុជា តាមរយៈការគាំទ្រឥតឈប់ឈរជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់ការប្រើប្រាស់គ្រឿងស្រវឹង និងអំពើហិង្សាក្នុងចំណោមយុវជន៕

រូបថតដោយ៖ សហការី​