មិនស្មានថា តួអង្គសម្ដែងជា ចាស់ព្រាននារី លោក អន សុភៈ មានប្រវត្តិតស៊ូ និងកម្សត់ខ្លាំងចឹងសោះ

លោកគ្រូ អន សុភៈ ដែលសម្ដែងជាតួអង្គ តាចន ក្នុងរឿង «អន្ទាក់ស្នេហ៍» ជាព្រឹទ្ធាចារ្យ បង្ហាតបង្រៀនផ្នែកល្ខោននិយាយ មានតួនាទីក្នុងវិស័យអប់រំ និងធ្លាប់សម្ដែងជាតួអង្គ «ថៅកែចិត្តចោរ» ថែមទៀតផង។ ការសម្ដែង និង ការរៀបចំអត្តចារិក​ក្នុងភាពយន្ត «អន្ទាក់ស្នេហ៍» គឺជាតួអង្គចាស់ព្រើ ខ្វះសីលធម៌ និងមានល្បិចគួរឱ្យខ្លាចមិនចាញ់ តួ «ថៅកែចិត្តចោរ» ទេ។

ក្រោយពីបានទស្សនារឿង «អន្ទាក់ស្នេហ៍» ហើយមានប្រិយមិត្តជាច្រើន​ពេញចិត្តនឹងការសម្ដែងរបស់​លោកគ្រូ អន សុភៈ ដែលសម្ដែងជាតួតាចន ដែលជាក់ស្តែងលោកគ្រូ ក៏ជាអ្នកដឹកនាំរឿងល្ខោន អ្នកនិពន្ធ និងមានប្រវត្តិតស៊ូក្នុងវិស័យសិល្បៈជាច្រើនឆ្នាំ តាំងតែពីលោករួចរស់ពីសម័យខ្មែរក្រហមមក។

លោកគ្រូ អន សុភៈ រំលឹកឡើងថា រូបលោកប្រឈមនឹងការបាត់បង់ជីវិតជាច្រើនលើកច្រើនសារក្នុងសម័យខ្មែរក្រហម ដោយសារបញ្ហាសុខភាព និងការស្រែកឈ្លាន គ្មានអ្នកថែរក្សា។ ក្រោយរួចពីសម័យនោះ រូបលោកបានបាត់បង់សមាជិកគ្រួសារអស់ ហើយគ្មានទីពឹង តែដោយ​លោកមានប្រវត្តិរៀនសូត្រផ្នែកសិល្បៈល្ខោននិយាយ និងមានទេពកោសល្យ រូបលោក ត្រូវបាន លោកព្រឹទ្ធាចារ្យ ឆេង ផុន ដែលធ្លាប់ជារដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលចិញ្ចឹមទុកដូចកូនបង្កើត។

សិល្បករជើងចាស់រូបនេះ បន្តស្នាដៃសម្ដែងសិល្បៈ និងរៀនសូត្រតាមគន្លងការអប់រំរបស់ ព្រឹទ្ធាចារ្យ ឆេង ផុន ហើយបានទទួលឱកាសជាបន្តបន្ទាប់ទៅរៀននៅបរទេសផ្នែកសិល្បៈដឹកនាំរឿង និងល្ខោននៅប្រទេសអភិវឌ្ឍនលោកខាងលិច ហើយក៏ត្រឡប់មកស្រុកខ្មែរវិញ សិល្បកររូបនេះចាប់ផ្ដើម​មានជំងឺជាប់ខ្លួន ដែលពិបាកក្នុងព្យាបាល តែរូបលោកនៅតែព្យាយាមក្នុងការងារជាអ្នកនិពន្ធ អត្ថបទ និងបង្រៀនដល់ សិស្សនិសិ្សត​ផ្នែកសិល្បល្ខោននិយាយនេះ។

ជំងឺរបស់លោកគ្រូ អន សុភៈ ស្ទើរតែឆក់យកអាយុជីវិតរបស់លោកគ្រូ តែដោយការជួយជ្រោមជ្រែងពី លោកព្រឹទ្ធាចារ្យ ឆេង ផុន និងគ្រួសារ បានធានាព្យាបាលរូបលោករហូតដល់ជាសះស្បើយ។ រូបលោកក៏មានជីវិតបន្តការងារក្នុងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងបម្រើក្នុងវិស័យសិល្បជាសិល្បករសម្ដែងល្ខោននិយាយ និងជាគ្រូបង្ហាត់បង្រៀនល្ខោននិយាយ រហូតមកដល់បច្ចុប្បន្ន។ ហើយថ្មីៗនេះ លោកគ្រូ អន សុភៈ ជាតារាសម្ដែងជើងចាស់ ដ៏ជំនាញម្នាក់ក្នុងវិស័យសិល្បៈទី៧នេះ លោកគ្រូ ក៏មានកិតិ្តនាមយ៉ាងល្បីសម្ដែងជាតួ ថៅកែចិត្តចោរ ក្នុងរឿង ល្ខោននិយាយ «ថៅកែចិត្តចោរ» ហើយរូបលោកក៏ជាតួអង្គក្នុងរឿង «អន្ទាក់ស្នេហ៍» ដែលកំពុងបញ្ចាំងគ្រប់រោងភាពយន្ត៕