ភ្នំពេញ៖ បើគិតត្រឹមថ្ងៃទី២១ ខែមករា ឆ្នាំ២០០៥ រហូតមកទល់នឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) និង មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) មានអាយុកាល១៥ឆ្នាំ ដែលបង្កើតឡើងដោយលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថានិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ ដោយផ្តោតសំខាន់ទៅលើវិស័យអប់រំ សុខភាព សហគមន៍ និងសង្គម ព្រមទាំងបានពង្រីកសក្ដានុពលរបស់ខ្លួនយ៉ាងធំទូលំទូលាយនៅកម្ពុជា។
បច្ចុប្បន្ន មជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលជាបុត្រសម្ពន្ធដ៏រឹងមាំរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) កំពុងរីកចម្រើន និងល្បីល្បាញទាំងថ្នាក់ជាតិ និងអន្តរជាតិ ព្រមទាំងដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា ដែលផ្ដោតសំខាន់ទៅលើគុណភាព វិន័យ និងសេវាកម្មជាចម្បង។
ចាប់តាំងពីថ្ងៃបង្កើត រហូតមកទល់សព្វថ្ងៃនេះ កំណើនសិស្សានុសិស្សសិក្សា នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ បានកើនរហូតដល់ចំនួនជាង៨,០០០នាក់ នៅដើមឆ្នាំ២០២០ នេះ។ រាល់សិស្សានុសិស្សសិក្សានៅមជ្ឈមណ្ឌល មិនត្រឹមទទួលបាននូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធថ្មីប៉ុណ្ណោះទេ ថែមទាំងទទួលបានបំណិនជីវិត ការអប់រំតាមរយៈសកម្មភាពសប្បាយៗនៅក្នុងថ្នាក់ និងកម្មវិធីសិក្សាផ្សេងៗជាច្រើន ប្រកបទៅដោយគុណភាព ប្រសិទ្ធភាព ព្រមទាំងឈានមុខគេនៅកម្ពុជា។ ជាពិសេស មជ្ឈមណ្ឌលភាសា អេ អាយ អាយ យកចិត្តទុកដាក់ទៅលើការបង្រៀនដោយផ្សារភ្ជាប់ជាមួយនឹងការអនុវត្តជាក់ស្ដែង ព្រមទាំងការប្រកួតប្រជែងចំណេះដឹងតាមរយៈកម្មវិធីដូចជាសកម្មភាពប្រកួតប្រកបពាក្យភាសាអង់គ្លេស ម៉េងលី ជេ.គួច ការប្រកួតបញ្ចេញសំឡេង ម៉េងលី ជេ.គួច ការប្រកួតល្បឿនសរសេរពាក្យ ម៉េងលី ជេ. គួច ការប្រកួតតស៊ូមតិ និងនិយាយជាសាធារណៈ ម៉េងលី ជេ. គួច ការប្រកួតកីឡា ព្រមទាំងមានដំណើរកម្សាន្តទាំងក្នុង និងក្រៅប្រទេសជាច្រើនទៀត។
លើសពីនេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ពោរពេញទៅដោយបុគ្គលិកសិក្សាជំនាញៗ គ្រូបង្រៀនទាំងជនជាតិខ្មែរ និងបរទេស ពោរពេញទៅដោយបទពិសោធន៍ គរុកោសល្យ សុជីវធម៌ វិជ្ជាជីវៈ និងជំនាញបង្រៀនច្បាស់លាស់ ស្របទៅតាមស្តង់ដារជាតិ និងអន្តរជាតិ នៅក្នុងសតវត្សទី២១។
មជ្ឈមណ្ឌលភាសា អេ អាយ អាយ ផ្ដោតសំខាន់ទៅលើការបណ្ដុះបណ្ដាលភាសាអង់គ្លេស ភាសាចិន និងភាសាថៃ ព្រមទាំងភាសាជាច្រើនទៀតនាពេលអនាគត។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ត្រូវបានទទួលស្គាល់ជាមជ្ឈមណ្ឌលប្រឡងស្តង់ដា TOEFL iBT និងថ្នាក់បណ្តុះបណ្តាលគរុកោសល្យគ្រូបង្រៀន (TESOL House) ដែលទទួលស្គាល់ដោយចក្រភពអង់គ្លេស។
សូមជម្រាបថា បច្ចុប្បន្ននេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ មាន៦សាខាធំៗ នៅក្នុងរាជធានីភ្នំពេញ។ ទាំង ៦សាខានោះរួមមាន៖
១. សាខាម៉ៅសេទុង (ការិយាល័យកណ្តាល) ស្ថិតនៅតាមបណ្តោយមហាវិថីម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។ ទូរសព្ទទំនាក់ទំនងៈ ០២៣ ២២ ១២ ២២
២. សាខាទួលគោក ស្ថិតនៅផ្លូវលេខ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក (ទល់មុខសាលាបឋមសិក្សាទួលគោក)។ ទូរសព្ទទំនាក់ទំនងៈ ០២៣ ៩៥ ៩៦ ៦៦
៣. សាខាចាក់អង្រែ ស្ថិតនៅអគារលេខ៨២៤ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (ទល់មុខរង្វង់មូលព្រះនរាយក្រុងតាខ្មៅ ឬសាខាខេត្តកណ្តាល)។ ទូរសព្ទទំនាក់ទំនងៈ ០២៣ ៩៦ ០៣ ៣៣
៤. សាខាចោមចៅ ស្ថិតនៅអគារលេខ២២២ ផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទូរសព្ទទំនាក់ទំនងៈ ០២៣ ៩១ ៤៨ ៨៨
៥. សាខាផ្សារថ្មី ស្ថិតនៅអគារលេខ១C និង១៣D ផ្លូវ៥៣ កែង១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទូរសព្ទទំនាក់ទំនងៈ ០២៣ ៩៩ ៩០ ៣៦
៦. សាខាជ្រោយចង្វារ ស្ថិតនៅអគារលេខ១៥៨JKLM ផ្លូវជាតិលេខ៦A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ទូរសព្ទទំនាក់ទំនងៈ ០២៣ ៩៧ ៧២ ៧៧
គួររម្លឹកថា ក្រៅពីសាខាខាងលើនេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ នឹងបន្តពង្រីកសក្ដានុពលរបស់ខ្លួននៅទូទាំងខណ្ឌក្នុងរាជធានីភ្នំពេញ និង២៥ខេត្តក្រុងទូទាំងប្រទេស នេះបើតាមគណៈគ្រប់គ្រងនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ៕
រូបភាពដោយ៖ សហការី