ភ្នំពេញ៖ ថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០១៩ ស្ថានទូតជប៉ុនរួមសហការជាមួយស្ថាប័នទេសចរណ៍ជប៉ុន បានរៀបចំពិព័រណ៍ទេសចរណ៍ជប៉ុនឆ្នាំ២០១៩ ពីរថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី៧ និងថ្ងៃទី៨ នៅ Central Court ក្នុងផ្សារទំនើប អុីអន សែនសុខ ស៊ីធី។ ពិព័រណ៍នេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីជប៉ុនទៅកាន់ប្រជាជនកម្ពុជា ជាពិសេសគឺរឹតចំណងមិត្តភាពរវាងប្រទេសជប៉ុន និងប្រទេសកម្ពុជាទៅលើវិស័យទេសចរណ៍។
ពិព័រណ៍ទេសចរណ៍ជប៉ុនឆ្នាំ២០១៩ មានការអញ្ជើញចូលរួមបើកកម្មវិធីពីឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងវត្តមានភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ កម្មវិធីនេះទទួលបានការសហការពីក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways Co., Ltd (ANNA) វើលដ៍ ផប ទេសចរណ៍ (World Pop Travel & Tour) និងមានការដាក់តាំងបង្ហាញផលិតផលមួយចំនួនដែលបាននាំមកពីប្រទេសជប៉ុន។
លើសពីនេះទៀតពិព័រណ៍ទេសចរណ៍ជប៉ុនឆ្នាំ២០១៩ ក្នុងរយៈពេលពីរថ្ងៃមានសកម្មភាពគួរឲ្យចាប់អារម្មណ៍ជាច្រើនដូចជាមានការសម្តែងស្គរប្រពៃណីរបស់ជប៉ុនមកពីក្រុម Mekong Daiko និងមានមូលដ្ឋាននៅរាជធានីភ្នំពេញ។ មានការបង្រៀនភ្ញៀវ និងក្មេងៗ ឲ្យចេះធ្វើចង្កឹះ របៀបបត់ចាបក្រដាស និងស្លៀកសំលៀកបំពាក់បែបប្រពៃណីជប៉ុនផងដែរ។
គួរបញ្ជាក់ថាចំនួនអ្នកទេសចរកម្ពុជាទៅកម្សាន្តនៅប្រទេសជប៉ុនបានកើនឡើងដល់ ២២.០០០នាក់ ក្នុងឆ្នាំ២០១៩ បើប្រៀបធៀបទៅនឹងឆ្នាំ២០១០ មានតែចំនួន ៣០០០នាក់ប៉ុណ្ណោះ។
រូបថតដោយ៖ សាគូរ៉ា