ពិធីបើកមហោស្រពខ្សែភាពយន្តកូរ៉េលើកទី១៣ នៅសាលមហោស្រពចតុមុខ

ភ្នំពេញ៖ ថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០១៩ ស្ថានទូតកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជារួមជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ សភាពាណិជ្ជកម្ម​កូរ៉េ​នៅ​ប្រទេសកម្ពុជា បានរួមសហការគ្នាប្រារព្ធពិធី​បើកកម្មវិធី​មហោស្រពខ្សែភាពយន្ដកូរ៉េនៅកម្ពុជាលើកទី១៣ ​នៅសាលមហោស្រពចតុមុខ។

លោកជំទាវ ភឿង សកុណា  រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ពិធីបើកមហោស្រពខ្សែភាពយន្ដកូរ៉េលើកទី១៣ នេះ​មានការអញ្ជើញចូលរួមពីឯកឧត្តម ផាក ហ៊ឹងក្យង់ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ភឿង សកុណា  រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងសុន្ទរកថាស្វាគមន៍ និងអបអរក្នុង​ពិធីបើកកម្មវិធីមហោស្រពនេះផងដែរ។

ឯកឧត្តម ផាក ហ៊ឹងក្យង់ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

នាពេលល្ងាចបើកមហោស្រពខ្សែភាពយន្ដកូរ៉េ គឺបានចាក់បញ្ចាំងរឿង «ច្រកចេញ -EXIT» ដែលជាខ្សែភាពយន្ដទទួលបានជោគជ័យបំផុតនៅឯប្រទេសកូរ៉េនារដូវក្ដៅឆ្នាំ២០១៩នេះ ដែលមានអ្នកចូលរួមទស្សនារហូតដល់ជិត​ ១០លាននាក់។ រឿង «ច្រកចេញ – EXIT» គឺជាភាពយន្ដបែប កំប្លែង វាយប្រហារ ដែលរៀបរាប់ពីការខិតខំប្រឹងប្រែងតស៊ូដើម្បីរស់រានមានជីវិតរបស់តួអង្គទាំងពីរ យ៉ុង ណាម (ចូ ចងសក់) និង អ៊ី ជូ (អ៊ីម យ៉ូនអា) ពីហេតុការណ៍ភរវកម្មឧស្ម័នពុល។

ជាពិសេសនៅក្នុងឆ្នាំ២០១៩ នេះត្រូវទៅនឹងព្រិត្តិការណ៍ដ៏ពិសេសមួយគឺខួបលើកទី១០០ឆ្នាំនៃខ្សែភាពយន្ដកូរ៉េ ក៏មានការអញ្ជើញចូលរួមពីអ្នកដឹកនាំរឿង «ច្រកចេញ – EXIT» គឺលោក លី សាំង​ គឹន ហើយលោកបានឈរនៅលើវេទិកា និងបានថ្លៃងសារស្វាគមន៍ទៅកាន់អ្នកគ្រាំទ្រផងដែរ។

លោក លី សាំង​ គឹន​​ អ្នកដឹកនាំរឿង «ច្រកចេញ – EXIT»

ចាប់ពីថ្ងៃសៅរ៍ ទី៧ និង​ ថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០១៩ ក៏មានចាក់បញ្ចាំង​ខ្សែភាពយន្ដកូរ៉េប្រភេទផ្សេងៗគ្នា ចំនួន៥រឿង នៅរោងភាពយន្ដ Legend Cinemas និង រោងភាពយន្ដ Major Complex by Smart នៅផ្សារទំនើប AEON Mall។ ក្រៅពីរឿង «ច្រកចេញ – EXIT» ដែលបានចាក់បញ្ជាំងជូនទស្សនាក្នុងពិធីបើកនៃកម្មវិធី ក៏នឹងមានចាក់បញ្ចាំងជូននូវ​ខ្សែភាពយន្ដផ្សេងទៀតដូចជារឿង «បារ៉ាស៊ីត – PARASITE»​ ដែលដឹកនាំដោយអ្នកដឹកនាំរឿង ប៊ុង  ជូនហូ ដែលលោកបានឈ្នះពានរង្វាន់ Palme d’Or ក្នុងកម្មវិធី Cannes Film Festival រឿង «ស្នេហាដ៏សែនយ៉ាប់ – CRAZY ROMANCE» ដែលនឹងត្រូវចាក់បញ្ចាំងឆាប់ៗនេះនៅក្នុងប្រទេសកម្ពុជា រឿង «ជនពាលអនាមិក – NAMELESS GANGSER» ដែលជាប្រភេទរឿងបែបឃាតកម្ម និងរឿង «រីករាយថ្ងៃបុណ្យគ្រីស្មាស់លោកម៉ូ – MERRY CRISTSMAS MR. MO»  ដែលនិយាយអំពីរឿងរ៉ាវដ៏រំភើបរបស់តួអង្គ និងគ្រួសាររបស់គាត់ដែលកំពុងប្រឈមជាមួយនឹងសេចក្ដីស្លាប់ជាដើម៕

រូបថតដោយ​ សហការី