ភ្នំពេញ៖ ថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០១៩ ស្ថានទូតកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជារួមជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សភាពាណិជ្ជកម្មកូរ៉េនៅប្រទេសកម្ពុជា បានរួមសហការគ្នាប្រារព្ធពិធីបើកកម្មវិធីមហោស្រពខ្សែភាពយន្ដកូរ៉េនៅកម្ពុជាលើកទី១៣ នៅសាលមហោស្រពចតុមុខ។

ពិធីបើកមហោស្រពខ្សែភាពយន្ដកូរ៉េលើកទី១៣ នេះមានការអញ្ជើញចូលរួមពីឯកឧត្តម ផាក ហ៊ឹងក្យង់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងសុន្ទរកថាស្វាគមន៍ និងអបអរក្នុងពិធីបើកកម្មវិធីមហោស្រពនេះផងដែរ។

នាពេលល្ងាចបើកមហោស្រពខ្សែភាពយន្ដកូរ៉េ គឺបានចាក់បញ្ចាំងរឿង «ច្រកចេញ -EXIT» ដែលជាខ្សែភាពយន្ដទទួលបានជោគជ័យបំផុតនៅឯប្រទេសកូរ៉េនារដូវក្ដៅឆ្នាំ២០១៩នេះ ដែលមានអ្នកចូលរួមទស្សនារហូតដល់ជិត ១០លាននាក់។ រឿង «ច្រកចេញ – EXIT» គឺជាភាពយន្ដបែប កំប្លែង វាយប្រហារ ដែលរៀបរាប់ពីការខិតខំប្រឹងប្រែងតស៊ូដើម្បីរស់រានមានជីវិតរបស់តួអង្គទាំងពីរ យ៉ុង ណាម (ចូ ចងសក់) និង អ៊ី ជូ (អ៊ីម យ៉ូនអា) ពីហេតុការណ៍ភរវកម្មឧស្ម័នពុល។
ជាពិសេសនៅក្នុងឆ្នាំ២០១៩ នេះត្រូវទៅនឹងព្រិត្តិការណ៍ដ៏ពិសេសមួយគឺខួបលើកទី១០០ឆ្នាំនៃខ្សែភាពយន្ដកូរ៉េ ក៏មានការអញ្ជើញចូលរួមពីអ្នកដឹកនាំរឿង «ច្រកចេញ – EXIT» គឺលោក លី សាំង គឹន ហើយលោកបានឈរនៅលើវេទិកា និងបានថ្លៃងសារស្វាគមន៍ទៅកាន់អ្នកគ្រាំទ្រផងដែរ។

ចាប់ពីថ្ងៃសៅរ៍ ទី៧ និង ថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០១៩ ក៏មានចាក់បញ្ចាំងខ្សែភាពយន្ដកូរ៉េប្រភេទផ្សេងៗគ្នា ចំនួន៥រឿង នៅរោងភាពយន្ដ Legend Cinemas និង រោងភាពយន្ដ Major Complex by Smart នៅផ្សារទំនើប AEON Mall។ ក្រៅពីរឿង «ច្រកចេញ – EXIT» ដែលបានចាក់បញ្ជាំងជូនទស្សនាក្នុងពិធីបើកនៃកម្មវិធី ក៏នឹងមានចាក់បញ្ចាំងជូននូវខ្សែភាពយន្ដផ្សេងទៀតដូចជារឿង «បារ៉ាស៊ីត – PARASITE» ដែលដឹកនាំដោយអ្នកដឹកនាំរឿង ប៊ុង ជូនហូ ដែលលោកបានឈ្នះពានរង្វាន់ Palme d’Or ក្នុងកម្មវិធី Cannes Film Festival រឿង «ស្នេហាដ៏សែនយ៉ាប់ – CRAZY ROMANCE» ដែលនឹងត្រូវចាក់បញ្ចាំងឆាប់ៗនេះនៅក្នុងប្រទេសកម្ពុជា រឿង «ជនពាលអនាមិក – NAMELESS GANGSER» ដែលជាប្រភេទរឿងបែបឃាតកម្ម និងរឿង «រីករាយថ្ងៃបុណ្យគ្រីស្មាស់លោកម៉ូ – MERRY CRISTSMAS MR. MO» ដែលនិយាយអំពីរឿងរ៉ាវដ៏រំភើបរបស់តួអង្គ និងគ្រួសាររបស់គាត់ដែលកំពុងប្រឈមជាមួយនឹងសេចក្ដីស្លាប់ជាដើម៕
រូបថតដោយ៖ សហការី

