ឥណ្ឌូនេស៊ី៖ ការដែលបានធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសម្តងៗ មនុស្សភាគច្រើនគឺបារម្ភនឹងរឿងម្ហូបអាហារ អ្នកទាំងអស់គ្នាប្រហែលជាដឹងច្បាស់រួចមកហើយថាមុខម្ហូបប្រចាំប្រទេសនីមួយៗ មានរស់ជាតិមិនដូចទៅនឹងម្ហូបអាហារខ្មែរ ដែលយើងធ្លាប់ទទួលទានរាល់ថ្ងៃឡើយ រហូតដល់មានអ្នកដំណើរមួយចំនួនបានវេចខ្ចប់អាហារមានដូចជា មីកំប៉ុង និងអាហារស្ងូតៗ មួយចំនួនដាក់តាមខ្លួនទៀតផង។ ម្យ៉ាងវិញទៀត គឺពេលដែលយើងមានគម្រោងធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសម្តងៗ អ្វីដែលយើងតែងតែលើកយកពិភាក្សាមុនគេ គឺរឿងម្ហូបអាហារប្រចាំប្រទេស និងពីរបៀបរបបនៃការទទួលទានអាហារ ហើយក៏មិនប្រាកដថាយើងអាចញុំាបានគ្រប់មុខនោះទេ ជាពិសេសសម្រាប់អ្នកដែលធ្វើដំណើរលើកដំបូង រហូតដល់មានអ្នកធ្វើដំណើរកម្សាន្តមួយចំនួនពេលត្រលប់មកវិញ គឺស្រកគីឡូដោយមិនចាំបាច់ខំប្រឹងហាត់ប្រាណ។
ប៉ុន្តែប្រសិនបើជាយើងបានដាក់ចិត្តដាក់កាយក្នុងការធ្វើដំណើរកម្សាន្តទៅហើយ ហេតុអី្វយើងមិនព្យាយាមសាកល្បងអ្វីដែលថ្មីៗ ហើយប្លែកទុកជាបទពិសោធន៍ និងចែករំលែកដល់មិត្តភត្តិខ្លះទៅ។ ការធ្វើដំណើរកម្សាន្តគឺមិនផ្តោតតែលើការទៅលេងតំបន់ទេសចរណ៍នោះទេ តែអ្វីដែលសំខាន់គឺការស្នាក់នៅ ការដែលបានស្គាល់ពីវប្បធម៌ និងប្រពៃណីរស់នៅរបស់ប្រជាជនតាមតំបន់ ជាពិសេសគឺម្ហូបអាហារតែម្តង។
ជាក់ស្តែងគឺកាលពីពេលថ្មីៗនេះ ខាងក្រសួងទេសចរណ៍ឥណ្ឌូនេស៊ីបានរៀបចំកម្មវិធីដំណើរកម្សាន្ត FAMTRIP ប្រចាំឆ្នំា២០១៩ ដែលមានការអញ្ជើញចូលរួមពីក្រុមអ្នកសារពត៌មាន សមាជិក្រុមហ៊ុនទេសចរណ៍ និងអ្នកដែលមានឥទ្ធិពលលើបណ្តាញសង្គម Facebook, Instagram និងYouTube។ នៅក្នុងកម្មវិធីគឺពួកយើងបានទៅកម្សាន្តនៅតំបន់ទេសចរណ៍បែបសិប្បនិមិត្ត បែបផ្សងព្រេង ទីក្រុងបុរាណ រៀនធ្វើ Batik ជាពិសេសគឺកម្មវិធីតម្រូវឲ្យពួកយើងទទួលទានអាហារប្រចាំតំបន់នីមួយៗ តែម្តង។
នៅក្នុងដំណើរកម្សាន្តនោះផងដែរអ្នកសារពត៌មានរបស់ FYN បានចាប់អារម្មណ៍ទៅលើមុខម្ហូបមួយប្រភេទដែលប្រជាជនឥណ្ឌូនេស៊ីនិយមហៅថា «Ikan Bakar Bambu ឬក៏ ត្រីដុតគ្រឿងបំពងឬស្សី» មុខម្ហូបមួយប្រភេទនេះគឺជានិមិត្តសញ្ញារបស់ប្រជាជនឥណ្ឌូនេស៊ី ដែលបានបន្សល់ទុកដោយកុលសម្ព័ន្ធដែលរស់នៅលើកោះការីម៉ាតា តាំងពីយូរលុងណាស់មកហើយ។ មុខម្ហូបនេះមានប្រជាប្រិយភាពខ្លាំង និងបានរីករាលដាលទៅដល់ទីប្រជុំកោះម៉ាឡេ ដូច្នេះបានជា «Ikan Bakar Bambu ឬក៏ ត្រីដុតគ្រឿងបំពងឬស្សី» ត្រូវបានគេចាត់ទុកថាជាមុខម្ហូបឥណ្ឌូនេស៊ីបុរាណមួយប្រភេទដែលប្រជាជនឥណ្ឌូនេស៊ីតែងតែចម្អិនដើម្បីការទទួលស្វាគមន៍ភ្ញៀវទេសចរ។
ការចម្អិន «Ikan Bakar Bambu ឬក៏ ត្រីដុតគ្រឿងបំពងឬស្សី» គឺគេត្រូវការជ្រើសរើសប្រភេទឬស្សីល្អៗ មិនខ្ចីពេក មិនចាស់ពេក ជាពិសេសគឺឬស្សីដែលមិនមានជាតិសើមខ្លាំងពេក។ ត្រីត្រូវបានគេយកទៅលាយជាមួយគ្រឿងផ្សំដែលមានដូចជា ខ្ទិសដូង ប្រេងឆា ស្ករត្នោត ទឹកស៊ីអុីវផ្អែម អំបិល ទឹកត្រី ស្ករត្នោត ម្ទេសស្រស់ ក្រូចឆ្មា ឬក៏អម្ពិល ស្លឹកគ្រៃ ខ្ញី រំដែង ខ្ទឹមស ខ្ទឹមក្រហម រមៀត និងជីវ៉ាន់ស៊ុយ បន្ទាប់មកគេខ្ចប់វានឹងស្លឹកចេកឲ្យជិតល្អ និងដាក់ចូលទៅក្នុងបំពងឬស្សីដើម្បីដុតវាឲ្យឆ្អិន។ សម្រាប់ឯរស់ជាតិវិញគឺវាប្រហាក់ប្រហែលទៅនឹងម្ហូបខ្មែរ និងមានរស់ជាតិឈ្ងុយឆ្ងាញ់ ជាពិសេសគឺមានក្លិនឈ្ងុយទៅលើគ្រឿងផ្សំតែម្តង។
ប្រសិនបើអ្នកទាំងអស់គ្នាមានឪកាសបានធ្វើដំណើរកម្សាន្តទៅទីក្រុងហ្សាការតា នៃទឹកដីប្រទេសឥណ្ឌូនេស៊ីសូមកុំភ្លេចសាកភ្លក់មុខម្ហូប «Ikan Bakar Bambu ឬក៏ ត្រីដុតគ្រឿងបំពងឬស្សី» និងមុខម្ហូបជាច្រើនទៀតដែលជាប្រភេទមុខម្ហូបតាមតំបន់នីមួយៗ៕
រូបថតដោយ៖