ភ្នំពេញ៖ មូលនិធិជប៉ុន រួមសហការជាមួយស្ថានទូតជប៉ុន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នឹងរៀបចំមហោស្រពភាពយន្តជប៉ុនប្រចាំឆ្នាំ2019 ចាប់ពីថ្ងៃទី20 ដល់ថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ2019 នៅរាជធានីភ្នំពេញនៅឯរោងភាពយន្ត Major Cineplex AEON I រោងភាពយន្ត Major Cineplex AEON II។ រោងភាពយន្ត Legend Cinemas សាខាទួកគោក និងចាប់ពីថ្ងៃទី6 ដល់ថ្ងៃទី10 ខែវិច្ឆិកា ឆ្នាំ2019 ខេត្តសៀមរាបនៅឯរោងភាពយន្ត Major Cineplex។
ឡុងពេលមហោស្រព មានភាពយន្តជាច្រើនប្រភេទ ត្រូវបានសម្រិតសម្រាំងសម្រាប់ការចាក់បញ្ចាំងនៅរោងភាពយន្តល្បីៗដូចដែលបានជម្រាបជូនខាងលើ។ ភាពយន្តទាំងនោះរួមមាន ភាពយន្តបែបមនោសញ្ចេតនា ស៊ើបអង្កេត បែបតន្រ្តី គំនូរជីវចល ប្រវត្តិសាស្រ្ត និងកំប្លែងជាដើម។ ភាពយន្តដែលនឹងត្រូវចាក់បញ្ចាំងទាំងនេះ ឆ្លុះបញ្ចាំងអំពីជីវភាពរស់នៅរបស់ប្រជាជន សង្គម និងវប្បធម៌ជប៉ុន ហើយមហោស្រពនេះក៏ផ្តល់ឱកាសដ៏ល្អមួយសម្រាប់អ្នកទស្សនាអាចស្គាល់ពីប្រទេស និងប្រជាជនជប៉ុន។
ភាពយន្តជប៉ុនចំនួន10រឿង នឹងត្រូវចាក់បញ្ចាំងជាមួយចំណងជើងរងជាភាសាខ្មែរ និងភាសាអង់គ្លេស។ សម្រាប់តារាងកាលបរិច្ឆេទនៃការចាក់បញ្ចាំង មានផ្សព្វផ្សាយនៅលើគេហទំព័រមហោស្រពភាពយន្តជប៉ុន៖ http://kh.japanesefilmfest.org/screening-schedule/ ការចូលរួម គឺដោយសេរី និងឥតគិតថ្លៃ។
មហោស្រពភាពយន្តជប៉ុន ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ2015 ដើម្បីជម្រុញការផ្លាស់ប្តូរវប្បធម៌រវាងជប៉ុន និងកម្ពុជា។
សម្រាប់សំណួរផ្សេងៗ សូមទាក់ទងមកកាន់ផ្នែកវប្បធម៌ និងព័ត៌មាននៃស្ថានទូតជប៉ុន តាមរយៈលេខទូរស័ព្ទ 023 217 161 (ភ្ជាប់បន្ត 1121) ឬក៏ផ្ញើអ៊ីម៉ែលមកកាន់អាស័យដ្ឋានដូចខាងក្រោម៖ [email protected]៕