ភ្នំពេញ៖ លោកស្រី Aleks Zittle ភារធារីស្ថានទូតអាមេរិកនៅភ្នំពេញបានដឹកនាំគណៈប្រតិភូស្ថានទូតចុះបំពេញទស្សនកិច្ចការងារនៅខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យនៅថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកញ្ញា ដើម្បីពិនិត្យមើលពីរបៀបដែលជំនួយរបស់សហរដ្ឋអាមេរិក កំពុងពង្រឹងសន្តិសុខ សុខាភិបាល គាំទ្រសហគមន៍ដែលកំពុងស្ដារឡើងវិញពីជម្លោះតាមព្រំដែន និងពង្រឹងទំនាក់ទំនងរវាង សហរដ្ឋអាមេរិក និងកម្ពុជា។

ការគាំទ្រសន្តិភាព និងស្តារឡើងវិញក្រោយជម្លោះតាមព្រំដែន
ការគាំទ្រកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរដែលលោកប្រធានាធិបតី ត្រាំ បានសម្របសម្រួលនៅក្នុងខែតុលា ឆ្នាំ២០២៥ នៅតែជាអាទិភាពកំពូលរបស់សហរដ្ឋអាមេរិកដើម្បីជំរុញស្ថិរភាពក្នុងតំបន់។ ក្នុងអំឡុងទស្សនកិច្ចនៅខេត្តបន្ទាយមានជ័យលោកស្រីភារធារី Aleks Zittle បានចូលរួមជាមួយលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យមើលកម្មវិធីដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក និងអនុវត្តដោយអង្គការទស្សន:ពិភពលោក World Vision និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា (IOM)។
ដើម្បីស្វែងយល់ពីរបៀបដែលជំនួយរបស់សហរដ្ឋអាមេរិកកំពុងផ្តល់ការថែទាំសុខភាពដ៏សំខាន់លោកសី ភារធារី Zittle បានទៅកាន់ប៉ុស្តិ៍សុខភាពមួយរបស់អង្គការទស្សនៈពិភពលោកដែលកំពុងផ្តល់សេវាសុខាភិបាលចាំបាច់ដល់ស្រ្តីមានផ្ទៃពោះ ម្តាយ និងទារកទើបនឹងកើតដែលបានផ្លាស់ទីលំនៅដោយសារជម្លោះតាមព្រំដែន។ លោកស្រីភារធារី Zittle ក៏បានចុះពិនិត្យគម្រោងចំនួនពីរដែលអនុវត្តដោយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា (IOM) រួមមានកម្មវិធីផ្តល់ទីជម្រក និងជីវភាពរស់នៅដែលបានផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ១០,០០០នាក់ ដែលរងផលប៉ះពាល់ដោយសង្គ្រាម និងត្រូវបានផ្លាស់ទីលំនៅព្រមទាំងគម្រោងបញ្ជាក់វិញ្ញាបនបត្រជំនាញវិជ្ជាជីវៈដែលបានបើកផ្លូវអាជីពថ្មីសម្រាប់ប្រជាជនកម្ពុជាចំនួន ១,៥៩១នាក់ រួមទាំងពលករចំណាកស្រុកដែលបានវិលត្រឡប់មកប្រទេសវិញ។ ជារួមកម្មវិធីទាំងនេះបង្ហាញពីអត្ថប្រយោជន៍ជាក់ស្ដែងនៃកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរដោយជួយសហគមន៍មូលដ្ឋានឱ្យស្ដារឡើងវិញ និងជួយជាមូលដ្ឋានគ្រឹះដល់សន្តិភាព វិបុលភាព និងស្ថិរភាពប្រកបដោយចីរ ភាពនៅទូទាំងតំបន់។
ក្នុងពេលនៅខេត្តបន្ទាយមានជ័យលោកស្រី Zittle ក៏បានជួបជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីពិភាក្សាអំពីការងាររបស់ក្រុមនេះក្នុងការផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាពដែលទទួលបានក្រោមកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ។

ការពង្រឹងសន្តិសុខសុខាភិបាល
ក្នុងអំឡុងពេលស្នាក់នៅខេត្តសៀមរាបលោកស្រី Zittle ក៏បានចុះទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីពិនិត្យមើលពីរបៀបដែលជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងពង្រឹងសមត្ថភាពរបស់កម្ពុជានៅជួរមុខក្នុងការរកឃើញរាយការណ៍ និងឆ្លើយតបចំពោះការគំរាមកំហែងពីជំងឺឆ្លងមុនពេលការគំរាមកំហែងទាំងនោះអាចឈានដល់សហរដ្ឋអាមេរិក។ រហូតមកដល់ពេលនេះជំនួយរបស់សហរដ្ឋអាមេរិកបានជួយកម្ពុជាសម្រេចបានគោលដៅសកលស្ដីពីមេរោគអេដស៍ (HIV) កាត់បន្ថយអត្រាប្រេវ៉ាឡង់នៃជំងឺរបេង (TB) យ៉ាងខ្លាំង និងស្ទើរតែលុបបំបាត់ការចម្លងជំងឺគ្រុនចាញ់ក្នុងស្រុកមុនពេលឈានដល់គោលដៅដែលបានកំណត់សម្រាប់ឆ្នាំ២០៣០។ ដំណើរទស្សនកិច្ចនេះបានបញ្ជាក់ពីភាពរឹងមាំនៃកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលរវាងសហរដ្ឋអាមេរិក និងកម្ពុជាក្រោមយុទ្ធសាស្ត្រសុខាភិបាលសកលអាមេរិកជាជម្រើសទី១ America First របស់លោកប្រធានាធិបតី ត្រាំ និងអនុស្សរណៈ យោគយល់ទ្វេភាគីផ្នែកសុខាភិបាល ដែលមានទឹកប្រាក់ចំនួន ៣៦.១ លានដុល្លារអាមេរិកដែលបានចុះហត្ថលេខានៅខែមេសា ឆ្នាំ២០២៦។ កិច្ចសហប្រតិបត្តិការនេះកំពុងជំរុញគោលដៅសុខាភិបាលសកលរួម និងកសាងប្រព័ន្ធសុខាភិបាលដែលមានភាពធន់ និងមាននិរន្តរភាព ដើម្បីការពារសុខុមាលភាពរបស់ប្រជាជនអាមេរិក និងប្រជាជនកម្ពុជា។

ជំរុញការងារបោសសម្អាតមីន ដើម្បីដោះស្រាយផលបន្សល់ពីជម្លោះកន្លងមក
ដោយផ្អែកលើកិច្ចសហប្រតិបត្តិការដែលមានរយៈពេលជាច្រើនទសវត្សរ៍ក្នុងការដោះស្រាយបញ្ហាមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជាលោកស្រីភារធារី Zittle បានចុះពិនិត្យពីប្រតិបត្តិការបោសសម្អាតមីនដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក និងអនុវត្តដោយអង្គការ HALO Trust និង APOPO។ ចាប់តាំងពីឆ្នាំ១៩៩៣ សហរដ្ឋអាមេរិកបានផ្ដល់ជំនួយជាង ២៣៥ លានដុល្លារអាមេរិកសម្រាប់ការងារបោសសម្អាតមីននៅកម្ពុជារួមបញ្ចូល ៥២ លានដុល្លារអាមេរិក ដល់អង្គការ HALO Trust ដែលបានបោសសម្អាតដីក្នុងទំហំស្មើនឹងទីលានបាល់ទាត់ចំនួន ១០០,០០០ សម្រាប់វិស័យកសិកម្ម និងសកម្មភាពសេដ្ឋកិច្ច។ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងទាំងនេះ លោកស្រីភារធារី Zittle បានប្រកាសអំពីគម្រោងថ្មីរបស់សហរដ្ឋអាមេរិក ដែលមានទឹកប្រាក់ ៣លានដុល្លារអាមេរិក និងរយៈពេល ៣ឆ្នាំផ្តល់ជូនអង្គការ APOPO ដើម្បីបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមនៅខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តមណ្ឌលគិរី។ ក្នុងការប្រកាសនេះ លោកស្រី Zittle បានមានប្រសាសន៍ថា៖ «សហ រដ្ឋអាមេរិកនឹងធ្វើការរួមគ្នាជាមួយកម្ពុជា ដើម្បីដកចេញនូវគ្រាប់បង្កគ្រោះថ្នាក់ដល់ជីវិតទាំងនេះ និង ប្រគល់ដីជូនសហគមន៍វិញ ដើម្បីឱ្យដីទាំងនោះអាចគាំទ្រដល់លំនៅដ្ឋាន កសិកម្ម និងបង្កើតឱកាសសេដ្ឋ កិច្ចបានជាថ្មីម្តងទៀត»។
ដំណើរទស្សនកិច្ចនេះបានបង្ហាញពីវិសាលភាព និងផលប៉ះពាល់នៃការចូលរួមរបស់សហរដ្ឋអាមេរិកនៅទូទាំងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។ តាមរយៈជំនួយដែលផ្ដោតលើសហគមន៍មូលដ្ឋានក្នុងការ ជំរុញសន្តិភាព សន្តិសុខសុខាភិបាល និងការបោសសម្អាតមីន សហរដ្ឋអាមេរិក កំពុងចូលរួមគាំទ្រស្ថិរ ភាពក្នុងតំបន់ និងអនាគតដែលមានវិបុលភាពកាន់តែប្រសើរសម្រាប់សហរដ្ឋអាមេរិក និងកម្ពុជា៕
រូបភាពដោយ៖ សហការី








