ភ្នំពេញ៖ ថ្ងៃទី១៧ ខែកញ្ញា ២០២៦ ដើម្បីអបអរសាទរខួប ២៥០ ឆ្នាំនៃការកកើតសហរដ្ឋអាមេរិកលោកសី Aleks Zittle ភារធារីស្ថានទូតអាមេរិក និងលោកបណ្ឌិត Matthew Schenk សាកលវិទ្យាធិការសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានអញ្ជើញជាអធិបតីក្នុងការបើកការតាំងពិព័រណ៍សារមន្ទីរស្ថាបនិកសេរីភាព២៥០ឆ្នាំនៅសាកលវិទ្យាល័យ AUPP។
សារមន្ទីរស្ថាបនិក គឺជាគំនិតផ្តួចផ្តើមរបស់សេតវិមានដែលជាពិព័រណ៍អប់រំបែបអន្តរកម្ម បង្ហាញនូវប្រវត្តិសាស្ត្រ និងវប្បធម៌អាមេរិកប្រកបដោយភាពរស់រវើក។ ពិព័រណ៍នេះមានដាក់បង្ហាញនូវការប្រមូលផ្តុំយ៉ាងសម្រិតសម្រាំងរំលេចពីក្រុមស្ថាបនិកប្រទេសព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗ និងវីរបុរសអាមេរិកដែលភាពក្លាហាន និងគំនិតច្នៃប្រឌិតរបស់ពួកគាត់បាននិងកំពុងបន្តជំរុញកសាងសហរដ្ឋអាមេរិក។ ភ្ញៀវចូលរួមអាចស្កែនកូដ QR លើទូរសព្ទដៃរបស់ពួកគេ ដើម្បីទស្សនាវីដេអូមានចលនារបស់ឥស្សរជនអាមេរិកល្បីៗ ដើម្បីចែករំលែករឿងរ៉ាវផ្ទាល់ខ្លួនរបស់ពួកគាត់។
លោកស្រី Aleks Zittle ភារធារីស្ថានទូតអាមេរិកបានប្រាប់ថា៖ «ថ្ងៃនេះ យើងសូមស្វាគមន៍សាជាថ្មីម្តងទៀតនូវសារមន្ទីរស្ថាបនិកសេរីភាព២៥០ ក្នុងរាជធានីភ្នំពេញបន្ទាប់ពីបានធ្វើដំណើរជុំវិញប្រទេសកម្ពុជាក៏ដូចជាបានតាំងបង្ហាញនៅតាមបណ្ណាល័យអាមេរិក American Corner ក្នុងឆ្នាំនេះ។ សារមន្ទីរស្ថាបនិកនេះ គឺជាផ្នែកមួយដ៏សំខាន់នៃការអបអរសាទរខួបទី ២៥០ឆ្នាំរបស់យើងដែលភ្ញៀវទស្សនាអាចយល់ដឹងអំពីប្រវត្តិសាស្ត្រអាមេរិក និងស្វែងយល់ពីមនុស្ស ព្រមទាំងព្រឹត្តិការណ៍នានា ដែលបានជួយកសាងសហរដ្ឋអាមេរិកឡើង»។
ការតាំងពិព័រណ៍ ស្ថាបនិកសេរីភាព២៥០ នៅសាកលវិទ្យាល័យ AUPP នេះ ជាផ្នែកមួយនៃយុទ្ធនាការអបអរសាទរសេរីភាព២៥០ របស់ស្ថានទូតអាមេរិកនៅភ្នំពេញដោយបង្ហាញពីប្រវត្តិសាស្ត្រអាមេរិក និងអបអរសាទរនូវសមិទ្ធផលយូរអង្វែងរបស់សហរដ្ឋអាមេរិកជាមួយសិស្ស និស្សិត និងសាធារណជនទូទៅនៅកម្ពុជា។ សារមន្ទីរស្ថាបនិកនេះនឹងដាក់បង្ហាញជូនសាធារណជនទស្សនានៅសាកលវិទ្យាល័យ AUPP ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦៕
រូបភាពដោយ៖ សហការី









