Home ខេមរភាសា នាវា INS Kulish បញ្ចប់ការចូលចតរយៈពេល ៤ថ្ងៃនៅមូលដ្ឋានទ័ពជើងទឹករាម ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដែនសមុទ្រកម្ពុជា-ឥណ្ឌា

នាវា INS Kulish បញ្ចប់ការចូលចតរយៈពេល ៤ថ្ងៃនៅមូលដ្ឋានទ័ពជើងទឹករាម ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដែនសមុទ្រកម្ពុជា-ឥណ្ឌា

ភ្នំពេញ៖ នាវាកងទ័ពជើងទឹកឥណ្ឌា INS Kulish បានធ្វើដំណើរចាកចេញពីកម្ពុជានៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីបញ្ចប់បេសកកម្មចូលចតជាប្រវត្តិសាស្ត្រដោយការចូលចតលើកដំបូងនាវាកងទ័ពជើងទឹកឥណ្ឌានៅមូលដ្ឋានសមុទ្ររាម។ ការចូលចតនេះ បានពង្រឹងបន្ថែមទៀតនូវភាពជាដៃគូលំហសមុទ្រដ៏យូរអង្វែងរវាងប្រទេសឥណ្ឌា និងកម្ពុជាព្រមទាំងបានផ្តល់ឱកាសដល់នាវិកនៃកងទ័ពជើងទឹកឥណ្ឌា និងកងទ័ពជើងទឹកកម្ពុជាក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងលើវិស័យជាច្រើនរួមមាន វិស័យវិជ្ជាជីវៈ ប្រតិបត្តិការ កីឡា និងវប្បធម៌។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ នាយនាវីបញ្ជាការនាវា INS Kulish បានចូលជួបសម្តែងការគួរសមជាមួយឥស្សរជនជាន់ខ្ពស់កម្ពុជា រួមមានលោកឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ជំនួបសម្តែងការគួរសមទាំងនេះ បានផ្តល់ឱកាសសម្រាប់ការផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចសហប្រតិបត្តិការលំហសមុទ្រ និងការស្វែងរកកាលានុវត្តភាព ដើម្បីកសាង និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។

INS Kulish Concludes Landmark Port Call with Four Days of Bilateral Maritime Engagement at Ream Naval Base, Cambodia

ពិធីលៀងសាយភោជន៍ស្វាគមន៍ក៏ត្រូវបានរៀបចំឡើងនៅលើនាវា INS Kulish ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ វិញ រដ្ឋលេខាធិការក្រសួងការពារជាតិ ជាអធិបតីកិត្តិយសព្រមទាំងមានការចូលរួមពី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ថ្នាក់ដឹកនាំជាន់ខ្ពស់ពីក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទតំណាងរាជរដ្ឋាភិបាលកម្ពុជា សមាជិកអង្គទូត និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ ពិធីលៀងសាយភោជន៍បានរំលេចអំពីការស្វាគមន៍យ៉ាងកក់ក្តៅ និងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងឥណ្ឌា និងកម្ពុជាព្រមទាំងជាឱកាសសម្រាប់ប្រារព្ធអបអរសាទរចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រជាជាតិទាំងពីរ។

ក្នុងក្របខ័ណ្ឌនៃកិច្ចផ្លាស់ប្តូរវិជ្ជាជីវៈ កងទ័ពជើងទឹកនៃប្រទេសទាំងពីរបានអនុវត្តការហ្វឹកហ្វឺនរួមគ្នាលើជំនាញគ្រឹះសំខាន់ៗ ចំនួនបីពាក់ព័ន្ធនឹងសមត្ថភាពនាវិក និងការគ្រប់គ្រងនាវារួមមានការត្រួតពិនិត្យ និងសង្គ្រោះការខូចខាត ការពន្លត់អគ្គិភ័យ និងការសង្គ្រោះបឋម។ ជាមួយគ្នានេះ ការប្រកួតកីឡាបាល់ទះមិត្តភាពរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ក៏ត្រូវបានរៀបចំឡើងផងដែរដោយបានផ្តល់ឱកាសដល់នាយទាហាន និងពលទាហានក្នុងការប្រាស្រ័យទាក់ទង កសាងភាពស្និទ្ធស្នាល និងពង្រឹងចំណងមិត្តភាពដែលជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការការពារជាតិរវាងឥណ្ឌា និងកម្ពុជា។

INS Kulish Concludes Landmark Port Call with Four Days of Bilateral Maritime Engagement at Ream Naval Base, Cambodiaជោគជ័យនៃការចូលចតនាវានេះ បានបង្ហាញយ៉ាងច្បាស់អំពីវិសាលភាព និងជម្រៅនៃការរីកចម្រើននៃកិច្ចសហប្រតិបត្តិការលំហសមុទ្ររវាងឥណ្ឌា និងកម្ពុជា។ ព្រឹត្តិការណ៍នេះ ត្រូវបានកសាងឡើងលើមូលដ្ឋាននៃប្រវត្តិសាស្ត្រនៃដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹក និងនាវាឆ្មាំសមុទ្រឥណ្ឌាមកកាន់កម្ពុជានាពេលកន្លងមករួមមាននាវា INS Sudarshini ក្នុងឆ្នាំ២០១២ នាវា INS Ranvir និង INS Kamorta ក្នុងឆ្នាំ២០១៥ នាវា INS Kadmatt ក្នុងឆ្នាំ២០១៧ នាវា ICGS Vijit និង INS Sahyadri/INS Kiltan ក្នុងឆ្នាំ២០១៩ នាវា INS Kiltan ក្រោមបេសកកម្ម SAGAR-III ក្នុងឆ្នាំ២០២០ នាវា INS Delhi និង INS Satpura ក្នុងឆ្នាំ២០២៣ ព្រមទាំងនាវា INS Sujata និង ICGS Veera ក្នុងឆ្នាំ២០២៥។ ការចូលចតរបស់នាវា INS Kulish នាពេលនេះ បានបន្ថែមទំព័រប្រវត្តិសាស្ត្រដ៏សំខាន់មួយទៀត ក្នុងដំណើរនៃ «ស្ពានមិត្តភាព» រវាងឥណ្ឌា និងកម្ពុជា៕

រូបថតដោយ៖ សហការី

INS Kulish Concludes Landmark Port Call with Four Days of Bilateral Maritime Engagement at Ream Naval Base, CambodiaINS Kulish Concludes Landmark Port Call with Four Days of Bilateral Maritime Engagement at Ream Naval Base, CambodiaINS Kulish Concludes Landmark Port Call with Four Days of Bilateral Maritime Engagement at Ream Naval Base, Cambodia

LEAVE A REPLY

Please enter your comment!
Please enter your name here